ក្រុងប៉េ​កាំង៖​ ក្រសួង​ការ​បរទេស​ចិន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ក្រុម​អ្នក​ការ​ទូត​ជាន់​ខ្ពស់​មក​ពី​កូរ៉េ​ខាង​ត្បូង ចិន​ និង​ជប៉ុន ​បាន​ជួប​គ្នា​នៅ​ក្រុង ​Chengdu ​នៃ​ប្រទេស ​ចិន ​ភាគ​និរតី​កាល​ពី​សប្តាហ៍​មុន ​ដើម្បី​ត្រៀម​សម្រាប់​ជំនួប​ត្រី​ភាគី​របស់​ប្រទេស​ទាំង ​៣ នៅ​ពេល​ក្រោយ​ក្នុង​ខែ​នេះ​។

យោង​តាម​ក្រសួង​នោះ ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​សុក្រ ​នៅ​ក្នុង​ចំណោម​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​​​​​ក្រុង​សេអ៊ូល​លោក ​ Kim Gunn ​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ក្រុង​ ប៉េកាំង​ Luo Zhaohui និង​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ​លោក Takeo Mori​នៅ​ក្រុម​មន្ត្រី​បាន​ផ្លាស់​ប្តូរ​គំនិត​ទាក់ទង​នឹង​ការ​រៀបចំ​សម្រាប់​ជំនួប​នៅ​ពេល​ខាង​មុខ​នេះ។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​មូន​ ជេ​អ៊ីន ​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ លី​ កេឈាង ​និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​ស៊ីនហ្សូ ​អា​បេ​ គ្រោង​រៀបចំ​ជំនួប​ត្រី​ភាគី​មួយ​នៅ​ក្នុង​ក្រុង​ Chengdu ​នៅ​ថ្ងៃទី ​២៤ ​ខែធ្នូ ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ទៅ​លើ​បញ្ហា​ជា​ច្រើន​ដែល​ទំនង​នឹង​កិច្ច​ប្រឹងប្រែង​សន្តិភាព​ជាមួយ​កូរ៉េ​ខាង​ជើង។​

ក្រសួង​ដដែល​បាន​បន្ថែម​ទៀត​ថា ​ភាគី​ទាំង ​៣ ​ក៏​មាន​តម្រូវ​ការ​ដើម្បី​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​យ៉ាង​ជិត​ស្និទ្ធ​។

ជំនួប​នៅ​ពេល​ខាង​មុខ​នេះ ​កើត​ឡើង​ចំ​​ពេល​ភាព​តានតឹង​កើន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​បណ្តាល​មក​ពី​​មាន​កង្វល់​​ជុំវិញ​ទង្វើ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង​ដូច​ជា​​បាញ់​មីស៊ីល​បាលីស្ទិក​ឆ្លង​ទ្វីប ​​ខណៈ​​ឱសានវាទ​ចុង​ឆ្នាំ​ ដែល​ក្រុង​ព្យុងយ៉ាង​​កំណត់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​កាន់​តែ​កៀក​នោះ៕ Yonhap/PSA