ក្រុងអាប៊ីលៈ អនុប្រធានកុងស៊ុលតួកគីប្រចាំនៅតំបន់ស្វយ័តឃើដក្នុងប្រទេស អ៊ីរ៉ាក់ នៅក្នុងចំណោមមនុស្សយ៉ាងតិច ២ នាក់ បានស្លាប់កាលពីថ្ងៃពុធនៅតំបន់ទីក្រុងអាប៊ីល ដោយតួកគីបានប្តេជ្ញា «សងសឹកវិញ» ភ្លាមៗ ចេញពីក្រុងអង់ការ៉ា។
មិនមានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះនៅឡើយទេ ដែលបានកើតឡើង ខណៈតួកគីបានបើកការវាយលុកទ្រង់ទ្រាយធំមួយប្រឆាំងនឹងមូលដ្ឋានគណបក្សពលករឃើដ (PKK) ដែលជាក្រុមបំបែកខ្លួនតួកគីនៅអ៊ីរ៉ាក់ភាគខាងជើង។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្កោលទោសការសម្លាប់អ្នកការទូតនោះ ដោយបានថ្លែងថា៖ «នេះមិនមែនជាទង្វើត្រឹមត្រូវចំពោះការប្រើអំពើហិង្សាដ៏ព្រៃផ្សៃបែបនេះទេ»។
យ៉ាងហោចណាស់ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារទៅលើក្រុមបុគ្គលិកស្ថានកុងស៊ុលតួកគី នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅតំបន់ Ainkawa ជិតក្រុងអាប៊ីលភាគខាងជើង ដែលធ្វើឲ្យក្រុមភ្ញៀវ និងបុគ្គលិកស្ថានកុងស៊ុលជាច្រើន បានរត់គេចពីការវាយប្រហារនោះ។
កងកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ឃើដ ដែលត្រូវបានគេស្គាល់គ្រប់គ្នាថា ជាក្រុម Asayish នោះបានថ្លែងថា៖ «ការបាញ់ប្រហារនៅពីមុខភោជនីយដ្ឋានមួយនៅក្រុងអាប៊ីល បានបង្កឲ្យបុគ្គលិកស្ថានកុងស៊ុលតួកគី និងជនស៊ីវិលម្នាក់បានស្លាប់ ហើយអ្នកទី៣ បានរងរបួស»។
ប្រភពប៉ូលិសប្រចាំតំបន់បានថ្លែងប្រាប់ AFP ថា អ្នកការទូតនោះ ជាអនុប្រធានស្ថានកុងស៊ុលតួកគី ហើយអ្នកដែលវាយប្រហារ បានរត់គេចខ្លួនពីកន្លែងកើតហេតុ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ាក់ បានថ្កោលទោសការវាយប្រហារនោះ៕ AFP/SK