ក្រុងតិកណាហ្វៈ អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ប្រហែល ​១០២ ​នាក់​ បាន​ប្រគល់​ខ្លួន​ឲ្យ​ក្រុម​អាជ្ញាធរ​ នៅ​ពិធី​មួយ​មុន​គ្រោង​ទុក​ នៅ​ក្នុង​ទី​ប្រជុំជន​ឆ្នេរ​សមុទ្រ​មួយ ខណៈ​ការ​បង្រ្កាប​ប្រឆាំង​គ្រឿង​ញៀន​តាម​របៀប​ហ្វីលីពីន​ធ្វើ​នោះ​​ បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​នៅ​ក្នុង​ចំណោម​ក្រុម​មេ​កន្រ្ទាញ​ជួញដូរ​គ្រឿង​ញៀន​។​

កាល​ពី​ឆ្នាំ​ទៅ ប្រទេស​ ​បង់ក្លាដែស ​បាន​ធ្វើ​សង្គ្រាម​បង្ក្រាប​គ្រឿង​ញៀន​ បន្ទាប់​ពី​មាន​ការ​ រីករាល​ដាល​នៃ​សារធាតុ​ញៀន​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​នៃ​​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ប្រជាជន ​១៦៥ ​លាន​នាក់​នេះ ​ភាគ​ច្រើន​គ្រាប់​ថ្នាំ​មេតំហ្វេតាមីន​មាន​តម្លៃ​ថោក ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​យ៉ាបា «yaba»។

ប៉ូលិស​បាន​និយាយ​ថា​ អ្នក​ជួញដូរ​យ៉ាបា ​២៤ ​នាក់ ​និង​អ្នក​លក់​គ្រឿង​ញៀន​តូចតាច បាន​ប្រគល់​ខ្លួន​ឲ្យ​រដ្ឋមន្ត្រី​មហា​ផ្ទៃ​របស់​ប្រទេស​នេះ​នៅ​ក្នុង​ទី​ប្រជុំជន​តិក​ណាហ្វ​ គឺ​ជា​ច្រក​សម្រាប់​អ្នក​ជួញដូរ​​ ​រត់​ពន្ធ​យ៉ាបា​ចូល​ទៅ​​ក្នុង​ប្រទេស​នេះ ​ពី​មីយ៉ាន់ម៉ា​ ជា​ទី​ដែល​គ្រាប់​ថ្នាំ​ញៀន​រាប់​លាន​គ្រាប់​ត្រូវ​បាន​ផលិត​។

ក្រុម​អ្នក​ជួញ​ដូរ​ទាំង​នោះ​ ក៏​បាន​ប្រគល់​យ៉ាបា​ប្រមាណ ​៣៥ ​ម៊ឺន​គ្រាប់​ដែល​ឈ្មោះ​ចេញ​មក​ពី​ភាសា​ថៃ​មាន​ន័យ​ថា​ថ្នាំ​ឆ្កួត​ និង​អាវុធ​ខុស​ច្បាប់ ​៣០ ​ដើម​ទៀត​។

ប្រមុខ​ប៉ូលិស​លោក​ Mohammad Javed Patwary ​បាន​ថ្លែង​ថា ​ក្រុម​អាជ្ញាធរ​នឹង​គាំទ្រ​ឲ្យ​មាន​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ខ្លី​សម្រាប់​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ ហើយ​ជួយ​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​រស់​នៅ​មាន​ជីវិត​ជា​ ប្រជាជន​ធម្មតា​វិញ​៕ AFP/PSA