កាលពីប្រមាណ ១ សប្ដាហ៍មុន លោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla បានវិនិយោគទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារ ទិញរូបិយប័ណ្ណ Bitcoin ដែលកាលនោះបានធ្វើឱ្យតម្លៃរូបិយប័ណ្ណមួយនេះ ហក់ឡើងខ្ពស់ជាង ៥៨ ០០០ ដុល្លារ ក្នុង ១ ឯកតា ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ប៉ុន្តែបច្ចុប្បន្នតម្លៃរូបិយប័ណ្ណមួយនេះ ធ្លាក់ថ្លៃមកត្រឹមប្រមាណ ១១ ០០០ ដុល្លារ ក្នុង ១ ឯកតាទៅវិញ។
ចាប់តាំងពីការប្រកាសរបស់លោក Musk មក ក្រុមហ៊ុន Tesla បានរកប្រាក់ចំណេញបានជិត ១ កោដិដុល្លារ។ លោក Dan Ives អ្នកវិភាគនៅក្រុមហ៊ុនវិនិយោគធំមួយ Wedbush Securities បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា៖ «ក្រុមហ៊ុន Tesla កំពុងស្ថិតនៅលើវិថីមួយ ដែលខ្លួនកំពុងចង់ឆ្ពោះទៅរក គឺរកប្រាក់ចំណេញពីការវិនិយោគពី Bitcoin បានច្រើនជាងចំណូលពីការលក់រថយន្តអគ្គិសនីរបស់ខ្លួននៅឆ្នាំ ២០២០ ទៅទៀត»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងកំឡុងពេល ដែលតម្លៃ Bitcoin កំពុងឡើងចុះអ្នកវិនិយោគ Bitcoin បានស្តីបន្ទោសលោក Musk ចំពោះជំហររបស់លោកក្នុងទីផ្សាររូបិយប័ណ្ណអេឡិចត្រូនិក។ ប៉ុន្តែ សេដ្ឋវិទូ និងអ្នកយុទ្ធសាស្ត្រទីផ្សារលោក Peter Schiff បានលើកឡើងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រាប់មុនទាក់ទិននឹងរឿង Bitcoin នេះ តាំងពីខែធ្នូ ឯណោះ។
មនុស្សជាច្រើនសន្មតថា ការធ្លាក់ថ្លៃរបស់ Bitcoin បណ្ដាលមកពីលោកបង្ហោះសារនៅលើបណ្ដាញសង្គម Twitter របស់លោក Musk។ យ៉ាងណាមិញ ធ្វីធើររបស់លោក Musk បានកើតឡើង ២ ថ្ងៃមុនពេលតម្លៃរបស់ទីផ្សាររូបិយប័ណ្ណអេឡិចត្រូនិកមួយនេះ ឈានដល់កម្រិតកំពូល។ តម្លៃនេះសូម្បីតែអ្នកជំនួញក៏ថា តម្លៃនោះខ្ពស់ហួសកម្រិតពេកដែរ។
អ្នកស្រី Janet Yellen លេខាធិការរតនាគារ និងសហស្ថាបនិកក្រុមហ៊ុន Microsoft Corp គឺជាអ្នកថ្លឹងថ្លែងពីការជជែកដេញដោលអំពីកាក់ឌីជីថលចុងក្រោយបង្អស់។ អ្នកស្រីបានព្រមានអំពីវិធីដែលអ្នកវិនិយោគអាចត្រូវគេបញ្ឆោតទាំងមិនដឹងខ្លួន ដោយអ្នកស្រីបានលើកឡើងថា Bitcoin គឺជា "វិធីធ្វើប្រតិបត្តិការប្រាក់គ្មានប្រសិទ្ធភាពបំផុត»។
បើយោងតាម ក្រុមហ៊ុន Miller Tabak + Co. បានឱ្យដឹងថា ការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចសកលអាចនឹងជំរុញឱ្យធនាគារកណ្តាលប្រើប្រាស់គោលនយោបាយប្រាក់ងាយស្រួល ដើម្បីជួយជំរុញឱ្យតម្លៃ Bitcoin ហក់ឡើងខ្ពស់។ បើគិតតាមកម្រិតបច្ចេកទេសរូបិយប័ណ្ណអេឡិចត្រូនិកមួយនេះមើលទៅអាចនឹងឡើងខ្ពស់គួរសម។
លោក Matt Maley ប្រធានយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន Miller Tabak + Co. បាននិយាយថា សន្ទស្សន៍នៃការទិញ Bitcoin ប្រចាំខែ មាន «ចំនួនច្រើនហួសកម្រិត»។
អ្នកដែលនៅមានជំនឿលើទីផ្សារ Bitcoin អះអាងថា ការលេចឡើងនូវវត្តមានរូបិយប័ណ្ណច្រើនឡើងបង្ការកុំឱ្យមានហានិភ័យដូចជា អតិផរណាឡើងលឿនជាដើមថែមទាំងទទួលស្គាល់ និងចាប់អារម្មណ៍ពីក្រុមហ៊ុនសាជីវកម្ម និងស្ថាប័ន ដែលជាវិនិយោគិនជាដើម។ ដោយឡែកអ្នកដទៃទៀតបានប្រមើលមើលថា រូបិយប័ណ្ណនេះដើរតួកាន់តែសំខាន់នៅថ្ងៃមុខ ឯអ្នកខ្លះទៀតយល់ថា រូបិយប័ណ្ណនេះនឹងផ្ទុះឡើងខ្លាំង ប៉ុន្តែនឹងធ្លាក់ចុះវិញដូចកាលឆ្នាំ ២០១៧៕