ភ្នំពេញ៖ បើ​តាម​ប្រពៃណី​ខ្មែរ ជា​រៀងរាល់​ឆ្នាំ តែង​មាន​ការ​ផ្សាយ​ពី​ដំណើរ​យាង​ចុះ​របស់​ទេពធីតា​នីមួយៗ ប្រចាំ​ឆ្នាំ​តាម​ថ្ងៃ​ទាំង ៧ ខណៈ​ទេពធីតា​ទាំង​នោះ គឺ​ជា​បុត្រធីតា​របស់​កបិល​មហាព្រហ្ម តាម​ក្បួន​នៃ​សង្ក្រាន្ត​របស់​ខ្មែរ ដោយ​មាន​គោល​បំណង​ចង់​បញ្ជ្រាប​ការ​យល់ដឹង​ពី​វប្បធម៌ និង​អបអរ​សាទរ​បុណ្យ​ប្រពៃណី​ខ្មែរ​ឆ្នាំ​ថ្មី។ នេះ​ជា​លើក​ទី២ ហើយ​នៃ​ការ​ប្រកួត​ជ្រើសរើស​ធីតាឯក​សង្ក្រាន្ត​ឆ្នាំ ២០២១ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ហ្វាន់ អេនធើធិនមិន និង​មាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​ព័ត៌មាន ខណៈ​ពេល​នេះ ​ជិត​រក​ឃើញ​ជយលាភី​នៃ​ធីតាឯក​ប្រចាំ​ឆ្នាំ​ថ្មី​នេះ​ហើយ។

បើតាម​សេចក្តី​ប្រកាស​ក្នុង​គេហទំព័រ​ផ្លូវ​ការ​នៃ​ក្រុមហ៊ុន ហ្វាន់ អេនធើធិនមិន បាន​ឱ្យ​ដឹង​ថា៖ «តំណាង​ឱ្យ​ក្រុម​ការងារ ធីតា​សង្ក្រាន្ត​រដូវកាល​ទី២ សូម​អបអរសាទរ​បេក្ខភាព ២៣ រូប ចុង​ក្រោយ ដែល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ កាល​ពី​វគ្គ​ទី១ ដែល​ផុត​កំណត់​កាល​ពី​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លង​មក​នេះ។ បងប្អូន​អាច​បោះឆ្នោត​ជូន​បេក្ខភាព ដែល​បងប្អូន​ពេញ​ចិត្ត គិត​ថា​គាត់​នឹង​ឆ្លង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​មាន​ឱកាស​ទទួល​បាន​ពានរង្វាន់​ប្រជាប្រិយភាព។ ក្នុង​ចំណោម​បេក្ខភាព​ទាំង ២៣ រូប​នេះ គឺ​មាន​តែ​បេក្ខភាព​ចំនួន ១២ រូប​ប៉ុណ្ណោះ នឹង​ឆ្លង​ទៅ​វគ្គ​បន្ត! ការ​ផ្ដល់​ពិន្ទុ​វគ្គ​ទី១ នឹង​ផ្អែក​លើ ទី១ វគ្គ​សម្ភាសន៍​ពី​ក្រុម​គណៈកម្មការ ៧០% (នឹង​ចាក់​ផ្សាយ​ជូន​បងប្អូន​ទស្សនា​នៅ​រៀងរាល់​ថ្ងៃ​សុក្រ ចាប់​ពី​ម៉ោង ៨ យប់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា និង​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ Fun Entertainment។ ទី២ ការ​បោះឆ្នោត ៣០ % (១ Like=១ ពិន្ទុ, ១ Share=២ ពិន្ទុ, ១ Comment=១ ពិន្ទុ)»។

បើតាម​អ្នក​នាង សំណាង ពុទ្ធានី ដែល​ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​សមាជិក​នៃ​គណៈកម្មការ​ប្រកួត​ជ្រើសរើស​ធីតាឯក​សង្ក្រាន្ត​លើក​ទី១ នៅ​ឆ្នាំ ២០២០ ធ្លាប់​បង្ហើប​ឱ្យ​ដឹង​ពី​គោល​បំណង​ថា ការ​រៀបចំ​នេះ មាន​គោល​បំណង​ធំ ២ យ៉ាង។ ទី១ ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ដែល​ខិតជិត​ចូល​មក​ដល់។ ទី២ ចង់​បញ្ជ្រាប​បន្ថែម​ពី​ការ​យល់ដឹង​អំពី​វប្បធម៌​ទៅ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​បាន​យល់។ តាម​ប្រពៃណី​ខ្មែរ ជា​រៀងរាល់​ឆ្នាំ​តែង​ផ្សាយ​ពី​ដំណើរ​យាង​ចុះ​នៃ​ទេពធីតា​នីមួយៗ ប្រចាំ​ឆ្នាំ​តាម​ថ្ងៃ​ទាំង ៧ ខណៈ​ទេពធីតា​ទាំង​នោះ ​គឺ​ជា​បុត្រ​ធីតា​របស់​កបិល​មហាព្រហ្ម។

សមាជិក​គណៈ​កម្មការ​ទាំង​ ៤ សម្រាប់​ការ​ប្រកួត​ជ្រើសរើសធីតា​ឯកសង្ក្រាន្ត​ ឆ្នាំ ២០២១។ រូបថត សហ​ការី

អ្នកនាង ពុទ្ធានី បន្ត​ឱ្យ​ដឹង​ថា ការ​ជ្រើសរើស​នេះ​មាន ៣ ដំណាក់កាល។ ដំបូង​ជម្រុះ​ចំនួន​ច្រើន​រូប ខណៈ​បន្ទាប់​គឺ​ចម្រាញ់​យក​ជាង ១០ រូប និង​ជា​ចុង​ក្រោយ មាន ២ វគ្គ គឺ​វគ្គ​ដំបូង​ត្រូវ​ចម្រាញ់​យក ៧ រូប ជា​តំណាង​បុត្រ​ធីតា​ទាំង ៧ អង្គ របស់​កបិល​មហាព្រហ្ម និង​វគ្គ​ចុងក្រោយ សម្រាំង​យក​ទេពធីតា​ឯក​ប្រចាំ​ឆ្នាំ។

បេក្ខនារី​ជាប់​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ធីតា​ឯក​សង្ក្រាន្ត ២០២១ ក្រុមហ៊ុន ហ្វឺស​យូណា ណេតវើក អេនធើធិនម៉ិន នឹង​ជូន​ពាន​សម្រាប់​ធីតា​ឯក​សង្ក្រាន្ត។ ជយលាភី​លេខ ១ ពាន​អម​ដោយ​វិញ្ញាបនបត្រ និង​ថវិកា​ចំនួន ៣ ០០០ ដុល្លារ ​ជយលាភី​លេខ ២ ពាន​អម​ដោយ​វិញ្ញាបនបត្រ និង​ថវិកា​ចំនួន ២ ០០០ ដុល្លារ ជយលាភី​លេខ ៣ ពាន​អមដោយ​វិញ្ញាបនបត្រ និង​ថវិកា​ចំនួន ១ ៥០០ ដុល្លារ។ ឯ​ជយលាភី​លេខ ៤-៥-៦ និង​លេខ ៧ ពាន​អមដោយ​វិញ្ញាបនបត្រ និង​ថវិកា​ចំនួន ៦០០ ដុល្លារ។

គួរ​រំឭក​ថា ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ២០២០ គឺ​កញ្ញា គីង វិច្ឆិកា ដែល​ជា​និស្សិត​រៀន នៅ​មហា​វិទ្យាល័យ​អប់រំ​សិល្បៈ​នៃ​សាកល​វិទ្យាល័យ​ប៊ែលធី​អន្តរជាតិ៕