ភ្នំពេញ៖ បណ្ដា​ទូទាំង​ពិភព​លោក​រួម​ទាំង​កម្ពុជា សុទ្ធតែ​ប្រឈម​នឹង​បញ្ហា​សំរាម។ យោង​តាម​សម្ដី​អ្នកនាង សេនឌី ខូតាន់ (Sandy Kotan) ជា​ជនជាតិ​អាមេរិក ហើយ​ក៏​ជា​ស្ថាបនិក និង​អ្នក​គ្រប់គ្រង​សហគ្រិន​សង្គម Only One Planet ការ​ស្រាវជ្រាវ​រយៈពេល ៥០ ឆ្នាំ​កន្លង​មក មក​ទល់​ពេល​នេះ ផល​ប៉ះពាល់​ពី​ប្លាស្ទិក និង​ធាតុគីមី​បាន​ធ្វើ​ឱ្យ​លទ្ធភាព​ស្ត្រី​មានគភ៌​សល់​ត្រឹមតែ ៥០% ប៉ុណ្ណោះ។

ស្ត្រី​ដែល​បាន​រស់នៅ​កម្ពុជា​រយៈពេល ៦ ឆ្នាំ​មក​ហើយ និង​បាន​បង្កើន​សហគ្រាស​សង្គម​ក្នុង​គោលដៅ​ស្វែងរក​ជម្រើស​កាត់​បន្ថយ និង​កែច្នៃ​សំរាម​ប្លាសិ្ទក​រូប​នេះ​បាន​ផ្ដួច​ផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ពិព័រណ៍​ថ្មី​មួយ​ឈ្មោះ​ថា Cambodia''s First Repair Fair ដើម្បី​សាប​ព្រោះ​ចំណេះដឹង​ជួសជុល​របស់​របរ​ខូចៗ ក្នុង​គោលដៅ​បញ្ចៀស​កុំឱ្យ​មាន​សំរាម​ច្រើន​នៅ​លើ​ភព​ផែនដី ក៏​ដូចជា​គាំទ្រ​សិប្បកម្ម​តូចៗ​របស់​ប្រជាជន​ខ្មែរ​ផង​ដែរ។

សហគ្រិន​វ័យ ៥៦ ឆ្នាំ​រូប​នេះ បាន​រំឭក​ពី​គំនិត​ដែល​នាំ​ឱ្យ​កញ្ញា​ចាប់​ផ្ដើម​ពិព័រណ៍​នេះ​ឡើង​ថា៖ «ខ្ញុំ​បាន​ឃើញ​ក្រុម​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​ថា Phnom Penh Minimalist and Freecycle វា​ជា​គេហទំព័រ​មួយ ដែល​សមាជិក​តែង​បង្ហោះ​ពី​ការ​ចែកចាយ​របស់​ដែល​ខ្លួន​ឈប់​ប្រើ ឬ​ក៏​របស់​ចាស់​ខូចៗ​ទៅ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ប្រើប្រាស់ ឬ​យក​ទៅ​កែច្នៃ​បន្ត»។

អ្នកនាង​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​យល់​ថា ​ពួក​គាត់​អាច​នឹង​គ្មាន​ពេល​សម្រាប់​យក​ទៅ​ជួសជុល​ពិបាក​ក្នុង​ការ​ដើរ​ផ្សារ​រក​កន្លែង​ធ្វើ​រាល់​វត្ថុ​ដែល​ខូច។ ខ្ញុំ​ក៏​កើត​មាន​គំនិត រៀបចំ​ពិព័រណ៍​ជួសជុល​នេះ​ឡើង»។

គុណ​សម្បត្តិ​នៃ​ការ​រៀបចំ​នេះ ​គឺ​សម្រាប់​អ្នក​ដែល​មាន​សម្ភារ​ខូចៗ​ពួក​គាត់​អាច​ប្រមូល​យក​មក​ធ្វើ​ក្នុង​ថ្ងៃ​តែ ១ ហើយ​កន្លែង​តែ ១ បាន ព្រោះ​នៅ​ថ្ងៃ​នោះ​នឹង​មាន​វត្តមាន​ជាង​ជួសជុល​ជំនាញ​ខុសៗ​គ្នា​នៅ​ក្នុង​សួន​ឧត្តម (Odom Garden) រួម​ទាំង​អ្នក​ធ្វើ​សម្ភារ​កែច្នៃ​ផង​ដែរ។

អ្នកនាង​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​នេះ ចំនួន​ជាង​មាន ១៤ នាក់ ក្នុង​ជំនាញ​ជួសជុល​ស្បែក​ជើង នាឡិកា គ្រឿង​អលង្ការ ទូរស័ព្ទ កាតាប និង​វត្ថុ​ផ្សេងៗ​ទៀត។ អ្នក​ចូលរួម​នឹង​ទទួល​បាន​ការ​ជួសជុល​ការ​បង្រៀន​ជួសជុល​ពី​សម្ភារ​សាមញ្ញៗ ការ​បង្រៀន​ដាំ​បន្លែ​នៅ​តាម​ផ្ទះ​លើ​រាន​ហាល​ផ្ទាល់​ខ្លួន និង​សកម្មភាព​គិត​គូរ​បរិស្ថាន​ដទៃ​ទៀត។

ជាង​​​សម្ភារផ្សេងៗ​នឹង​បង្រៀន​វិធីជួសជុល​​ដល់​អ្នកចូលរួម កាត់បន្ថយការ​បោះចោល​។ រូបថត សហ​ការី

អ្នក​ចូលរួម​មិន​តម្រូវ​ឱ្យ​មាន​ការ​បង់ប្រាក់​ទៅ​លើ​ការ​ជួសជុល​ណាមួយ​ទេ ក្រៅ​ពី​តម្រូវ​ឱ្យ​មាន​ការ​បង់​តែ ១ ​ដុល្លារ​សម្រាប់​ផ្លូវ​ចូល​តែ​ប៉ុណ្ណោះ ហើយ​កុមារ​មិន​ត្រូវ​បាន​គិត​ថ្លៃ​ទេ។

ក្នុង​ចំណោម​អ្នក​ចូលរួម​ពិព័រណ៍​នេះ ស្នួ​ខោអាវ Clothesline Resale Boutique ជា​ហាង​បើក​លក់​អីវ៉ាន់​ប្រើប្រាស់​បន្ត និង​ទទួល​ការ​បរិច្ចាគ​សម្ភារ​ផ្សេងៗ ដែល​បើក​ដំណើរការ​កាល​ពី ៥ ឆ្នាំ​មុន ដោយ​មាន​ស្ថាបនិក​ជា​កញ្ញា យ៉ិន ចិន្តា និង កញ្ញា អេមី វន ដេស។

កញ្ញា យ៉ិន ចិន្តា រៀបរាប់​ពី​ចំណាប់​អារម្មណ៍​ចូលរួម​ពិព័រណ៍​នេះ​ថា៖ «ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​ជួសជុល យើង​ពិត​ជា​រីករាយ​ណាស់។ យើង​ស្រឡាញ់​សហគមន៍​ហើយ​យើង​ផ្ដើម​គិត​អំពី​បរិស្ថាន​របស់​យើង»។

កញ្ញា​បន្ត​ថា៖ «តាម​រយៈ​ការ​ចូលរួម​ពិព័រណ៍​នេះ​យើង​អាច​យើង​អាច​កាត់​បន្ថយ​ការ​ជួសជុល និង​ការ​ប្រើប្រាស់​ឡើង​វិញ​រួម​ទាំង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មនុស្ស ដែល​មាន​គំនិត​ដូចគ្នា ​ដើម្បី​គាំទ្រ​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​យល់ដឹង​ពី​បរិស្ថាន​បន្ថែម»។

រីឯ​សហស្ថាបនិក​ស្នួ​ខោអាវ កញ្ញា អេមី វន ដេស ក៏​បាន​បន្ថែម​ដែរ​ថា៖ «យើង​នឹង​នាំយក​របស់របរ ដែល​យើង​មាន​បច្ចុប្បន្ន​បូក​រួម​នឹង​របស់​របរ​ថ្មីៗ​ដែល​ទើប​បាន​ជួសជុល​ទៅ​ដាក់​បង្ហាញ។ សូម​ចូលរួម​គាំទ្រ​បេសកកម្ម​សង្គម​របស់​យើង​ហើយ​កុំ​ភ្លេច​យក​សម្ភារ ដែល​ចង់​បរិច្ចាគ​ទៅ​ផង​ដែរ! យើង​នឹង​ជួប​គ្នា​ឆាប់!»។

ស្នួខោអាវ ជាង​​ហាង​​លក់ខោអាវ និង​អីវ៉ាន់១ទឹក​ ទទួល​បានពីការ​បរិច្ចាគ​។ រូបថត សហ​ការី

ពិព័រណ៍​នេះ​មិន​បាន​ផ្ដោត​រួម​ទៅ​លើ​ប្លាស្ទិក​នោះ​ទេ តែ​វា​ជា​ការ​ជំរុញ​ចិត្ត​ដែល​អាច​បង្ហាញ​មនុស្ស​ពី​ច្រើន​របៀប​ជួសជុល កែច្នៃ​ប្រើប្រាស់​សម្ភារ​ឡើងវិញ ជា​ជាង​បោះ​វា​ចោល ឬ​ក៏​អាច​ឱ្យ​អ្នក​ដទៃ​ប្រើប្រាស់​បន្ត។

ដ្បិត​ថា​នេះ​ជា​ពិព័រណ៍​លើក​ដំបូង​ដែល​ពិបាក​ស្មាន​ដឹង​នូវ​លទ្ធផល តែ​អ្នកនាង សេនឌី ទទូច​ឱ្យ​ប្រជាជន​រួមគ្នា​ថែរក្សា​បរិស្ថាន ព្រោះ​វា​មិន​ត្រឹមតែ​ជា​បញ្ហា​សំរាម​នោះ​ទេ វា​រឹត​តែ​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​សុខភាព។

សហគ្រិន​សង្គម​រូបនេះ​បាន​លើក​ឡើង​ថា៖ «យើង​សង្ឃឹម​ថា ពិព័រណ៍​លើក​នេះ​ជោគជ័យ​ហើយ​បើ​យើង​ទទួល​បាន​លទ្ធផល​ល្អ យើង​នឹង​រៀបចំ​វា​ឱ្យ​បាន ២ ដង ​ក្នុង ១ ឆ្នាំ»។

សម្រាប់​ព័ត៌មាន​បន្ថែម​ក្នុង​ការ​ចូលរួម​ជាមួយ​ពិព័រណ៍​ជួសជុល សូម​តាមដាន​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក @onlyoneplanetkh៕