ភ្នំពេញ៖ ខណៈ​ទទួល​បាន​ឱកាស​ក្លាយ​ជា​តួឯក​ស្រី​នៅ​ក្នុង​កុន​ភាគ​ដំបូង​រឿង «បាប​ស្នេហ៍​អតីត» ដែល​បាន​ថត​មិន​ទាន់​ចប់​ផង អតីត​ជា​កញ្ញាឯក​ដ៏​អស្ចារ្យ​កម្ពុជា​នា​ឆ្នាំ ២០២០ កញ្ញា សេង រដ្ឋា ក៏​លេចឮ​ដំណឹង​ចចាមអារ៉ាម​ថា តួឯក​ប្រុស​សម្តែង​ជាមួយ កំពុង​តែ​លង់​ស្នេហ៍ និង​មាន​ចិត្ត​ប្រតិព័ទ្ធ​សម្រស់​តួស្រី​ក្រៅ​ឆាក ទោះបី​ជា​ខ្លួន​មាន​ប្រពន្ធ​កូន​ទៅ​ហើយ​ក្តី។

ក្រោយ​ពី​ចាប់​ផ្តើម​ថតកុន​ដំបូង បាន​រំលង​ប្រមាណ​ជា ១ ខែ​មក​នោះ ក៏មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ពី​តួ​ស្រី​កញ្ញា សេង រដ្ឋា និង​កើត​ចម្ងល់​លើក​ឡើង​តាមរយៈ​ភាព​ស្និទ្ធស្នាល​ថា៖ «បន្ទាប់​ពី​បាន​សម្តែង​ជា​តួឯក​ជាមួយ​លោក ឃឹម ហ្សានិត ក្នុង​រឿង «បាប​ស្នេហ៍​អតីត» ឮថា លោក ឃឹម ហ្សានិត ជា​តួឯក​ប្រុស​លង់​នឹង​សម្រស់​កញ្ញា​រហូត​លង់​ស្នេហ៍​កញ្ញា​នៅ​ក្រៅ​ឆាក​ទៀត​ផង ទាំង​ដែល​លោក​មាន​ប្រពន្ធ​កូន​រួច​ហើយ»។

ខណៈ​រឿង​នេះ​ក៏​មាន​ការ​ចោទ​សួរ​តាមរយៈ​កិច្ច​សម្ភាសន៍​មួយ​ដែល​សួរ​ថា៖ «តើ​កញ្ញា​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ចំពោះ​ព័ត៌មាន​លេចឮ​បែប​នេះ? ហើយ​កញ្ញា​នឹង​ស្រាយ​បំភ្លឺ​យ៉ាង​ណា​ដែរ?»។ រំពេច​នោះ​កញ្ញា សេង រដ្ឋា បាន​បំភ្លឺ​រឿង​ចចាមអារ៉ាម និង​សំណួរ​ខាង​លើ​យ៉ាង​ដូច្នេះ​ថា៖ «នាង​ខ្ញុំ​ដូចជា​អត់​មាន​ការ​ភ្ញាក់​ផ្អើល​អី​ទេ ព្រោះ​ខ្ញុំ និង​គាត់ គ្មាន​អី​នឹង​គ្នា​ក្រៅ​ឆាក ក្រៅ​ពី​នៅ​ក្នុង​ការ​សម្ដែង​ទេ ហើយ​គាត់​ក៏​ដូចជា​មិន​មាន​ចិត្ត​អី​លើ​ខ្ញុំ ក្រៅ​ពី​ការ​សម្ដែង​ដែរ មាន​តែ​នៅ​ក្នុង​ការ​សម្ដែង គាត់​ណែនាំ​ខ្ញុំ​ឱ្យ​ធ្វើ​នេះ​ធ្វើ​នោះ ហើយ​អ្នក​សម្ដែង​ទាំង​អស់ យើង​សុទ្ធ​តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​គ្នា​សឹងតែ​ទាំងអស់​ហ្នឹង។ និយាយ​ទៅ​ពួក​គាត់​ជា​តួ​សម្ដែង​ទាំង​អស់ រួមទាំង​គាត់​ជា​តួឯក​ប្រុស​ផង ប្រៀប​ដូចជា​ប៉ា និង​បងប្អូន​អ៊ីចឹង នៅ​ក្រៅ​ឆាក​នោះ»។

គួរ​រំឭក​ផង​ដែរ​ថា កញ្ញា សេង រដ្ឋា គឺ​ធ្លាប់​ជា​អតីត​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០២០ (Miss Grand Cambodia 2020) តែ​ដោយសារ​តែ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ​ចំនួន​នោះ ទើប​បាន​ស្រីស្រស់​រូប​នេះ របូត​អស់​តំណែង​ជា​ម្ចាស់​មកុដ​នេះ កាល​ពី​ដើម​ឆ្នាំ ២០២១ ខណៈ​តំណែង​ក៏​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ស្រីស្រស់ លីវ ជីលី ​ដែល​ជា​កញ្ញាឯក​រង​ទី២ នៃ​កញ្ញាឯក​ដ៏​អស្ចារ្យ​តំណាង​ឱ្យ​កម្ពុជា ​ដើម្បី​ចូលរួម​នៅក្នុង​ការ​ប្រកួត​អន្តរជាតិ Miss Grand International 2020 ធ្វើ​នៅ​ទីក្រុង​បាងកក ​ប្រទេស​ថៃ នៅ​ចុង​ខែ​មីនា​នេះ៕