ភ្នំពេញ៖ នៅ​ទីបំផុត​តារា​ស្រី​ដែលជា​នាដកា រូប​សម្រស់​ស្រស់​ស្អាត សាច់​សខ្ចី រូបរាង​ខ្ពស់​សមសួន កញ្ញា សុគា គីមលាង បាន​ថតកុន​ដំបូង​របស់​ខ្លួន ដែល​ជា​ក្តី​ប្រាថ្នា​ទទួល​ថត​តែ​កុន​បែប​បុរាណ​នោះ​ហើយ តាមរយៈ​ការ​ថត​កុន​ភាគ​បុរាណ​បែប​ព្រះពុទ្ធ​សាសនា​រឿង «ព្រះ​ភិក្ខុពនេចរ» ដែល​មាន​អត្ថន័យ​ខ្លឹមសារ​ល្អ ឆ្លុះ​បញ្ចាំង​តថភាព​សង្គម​ស្ទើរ​គ្រប់​រសជាតិ​នៃ​ឆាក​ជីវិត​ទាំង​មនុស្ស និង​សត្វ នា​សម័យកាល​លង្វែក ដោយ​ផលិតកម្ម​នៃ​អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ (KAA)។

តារា​ស្រី​ដែល​ច្រើន​តែ​លេច​មុខ​ក្នុង​ការ​ថត​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ថត​សម្អាង​ការ ដែល​ជា​គោលជំហរ​ផ្ទាល់​ខ្លួន និង​ស្រប​តាម​ចំណូលចិត្ត​គ្រួសារ មិន​ប្រាថ្នាការថត​កុន​បែប​សម័យ ដោយ​នាដកា ធ្លាប់​មាន​ភាព​ល្បី​ក្នុង​ការ​សម្តែង​ជា​តួ​ទេពធីតា​សង្ក្រាន្ត​ឆ្នាំ ២០១៨ មក​នោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា៖ «ទោះបី​ជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ការ​តាំង​ចិត្ត​ទទួល​ថត​កុន​បែប​បុរាណ​សម្រាប់​នាង​ខ្ញុំ​មិន​ប្រែប្រួល​ឡើយ ព្រោះ​ជា​ចំណូល​ចិត្ត​ស្រឡាញ់​ការ​ថតកុន​បែប​នេះ ខណៈ​ខ្ញុំ​យល់​ថា កុន​សម័យ​នោះ ​គឺ​មាន​ច្រើន​ស្រាប់​ហើយ។ តទៅ​ថ្ងៃ​មុខ ក៏​នាង​ខ្ញុំ​នៅ​តែ​ចង់​ថតកុន បែប​បុរាណ​មាន​លក្ខណៈ​បង្ហាញ​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​តែ​ប៉ុណ្ណោះ។ នាង​ខ្ញុំ​យល់​ថា ការ​ថតកុន​ប្រភេទ​នេះ មាន​សារៈសំខាន់​ផ្នែក​វប្បធម៌ ហើយ​ពេល​ថ្ងៃ​ក្រោយ​អាច​បន្សល់​ទុកជា​ស្នាដៃ​របស់​ខ្លួន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ»។

តារា​ស្រី​វ័យ ២២ ឆ្នាំ ជា​នាដកា​រៀន​ចប់​ជំនាញ​របាំ​បុរាណ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​កញ្ញា សុគា គីមលាង បន្ត​ឱ្យ​ដឹង​ពី​ការ​ថតកុន​ភាគ​រឿង «ព្រះ​ភិក្ខុពនេចរ» ដែល​ជា​កុន​ភាគ​បុរាណ​ដំបូង​ខ្លួន​បាន​ថត​នេះ​ថា៖ «សម្រាប់​កុន​នោះ តួ​ខ្ញុំ​មាន​ថត​តែ​ពី ២ ភាគ តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ជាង ២០ ភាគ ​ព្រោះ​រឿង​នេះ ភាគ​ច្រើន​មាន​ឈុត​សម្តែង​របស់​តួ​ប្រុស​ជា​សង្ឃ»។

គួរ​បញ្ជាក់​ដែរ​ថា ភាពយន្ត​ភាគ​រឿង «ព្រះ​ពនេចរ» ជា​ប្រភេទ​រឿង​ភាពយន្ត​បែប​អប់រំ​ទៅ​តាម​ធម៌​ព្រះពុទ្ធ មាន​ឥទ្ធិពល​ព្រះពុទ្ធ​សាសនា​នៃ​សង្គម​បរិយាកាស​ក្នុង​សម័យកាល​លង្វែក​កាលកំណត់​តែង​ឆ្នាំ ១៩៦៥ នៃ​សៀវភៅ​រឿង «ព្រះ​ពនេចរ» របស់​អ្នកនិពន្ធ​លោក​សាស្ត្រាចារ្យ ឱម ណាគ្រី ផលិតករ​ប្រតិបត្តិ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព អ្នក​និពន្ធ​អត្ថបទ​ភាពយន្ត បូ សុគន្ធា ដឹកនាំ​សម្តែង​ដោយ​លោក សួង សុភ័ក្រ ជំនួយការ​ដឹកនាំ​ដោយ Preeka ផ្នែក​រូបភាព វន បូរិន្ទ៕