ភ្នំពេញ៖ ក្រុម​របាំ​សហសម័យ​ដែល​មាន​អ្នក​សម្តែង ៤ រូប អ្នក​ភ្លេង ២ រូប និង​អ្នក​បច្ចេកទេស ១ រូប របស់​ក្រុម​របាំ​ឈ្មោះ​ថា «SilverBell» ដឹកនាំ​សម្តែង​ដោយ​នាដកា​កញ្ញា ជុំវណ្ណ សូដាជី​រី ហៅកញ្ញា Belle នឹង​នាំ​មក​នូវ​ផ្ទាំង​ទស្សនីយភាព​របាំ​មួយ ដែលមាន​ចំណង​ថា «ស្បែក​ក្លែងក្លាយ»។

បើតាម​សេចក្តី​ជូន​ព័ត៌មានត្រួសៗជា​សារ​បង្ហោះ​តាម​គេហទំព័រ​វិទ្យាស្ថាន​បារាំងបានឱ្យដឹងថា៖ «ស្បែក​ក្លែងក្លាយជា​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ ក្នុង​របប​ជីវិត​របស់​មនុស្ស ដែល​ទាក់ទង​នឹង​ការបែងចែក លក្ខខណ្ឌ​នៃ​ការរស់នៅ​ឱ្យបាន​ស្របតាមសង្គម។ តួនាទី​អ្វី មាន​ឋានៈបែបណា រូបរាង​អ្នក​យ៉ាងម៉េច មាន ឬ​ក្រ ស​ខ្មៅ អ្នកមាន​ជីវិត​មួយ​ដូចគ្នា រស់​ក្រោម​ព្រះអាទិត្យ​តែមួយ។ ជីវិតម្នាក់ៗមានគុណ​តម្លៃស្មើៗគ្នា ជីវិត​មាន​សេចក្ដី​មេត្តា សន្តោសប្រោសប្រណី ជួយ​គ្នា​ទៅវិញទៅមក​មិន​ជិះជាន់​មើលងាយ​អ្នកដទៃ​តើ​ល្អ​ទេ? នេះ​ជាការសម្តែង​ថ្មី​មួយ​របស់​ក្រុម​របាំ SilverBell»។

លោក ឆន ប៊ុន​ឈឿន ជាបុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័​ត៌មាន​វិទ្យា​សា្ថ​ន​បារាំង បញ្ជាក់​ពី​ចំណង​របាំ​នេះ​ថា៖ «បើតាមប្រធាន​ក្រុម​របាំ SilverBell បានឱ្យដឹងថា ស្បែក​ក្លែងក្លាយ​នេះ គាត់​ចង់​ប្រៀបធៀប​ទៅនឹង​ការរស់នៅ​របស់​មនុស្ស គឺ​ត្រូវ​ចេះ​បទ​បត់បែន​តាម​សង្គម ប្រសិនបើ​មិន​ដូច្នោះ​ទេ​អាចនឹង​ជួប​ផល​លំបាក។ ការប្រើ​មុខ​ក្លែងក្លាយ​នេះ គឺ​រំឭក​ឱ្យមនុស្ស​យើង​ចេះ​យល់​ពី​កាលៈទេសៈ ទើប​រស់នៅ​បាន​សុខសប្បាយ​ក្នុងសង្គម»។

របា​ំ​​សហសម័យឈ្មោះ «ស្បែកក្លែងក្លាយ»​​ នឹងសម្តែង​នៅ​វិទ្យា​ស្ថាន​បារាំង​​នៅល្ងាច​ថ្ងៃ​ទី​ ៦ ខែ ​កុម្ភៈ​ ឆ្នាំ ​២០២១​​។ រូបថត សហ​ការី

លោក ឆន ប៊ុន​ឈឿន ក៏បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ពី​ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​នានា​ដើមឆ្នាំ ២០២១ ក្រោយពី​មានការ​ខកខាន​មួយរយៈ​នៅ​ឆ្នាំ ២០២០ នោះដែរ​ថា៖ «ខ្ញុំ​គិតថា ការបង្កើត​កម្មវិធី​សិល្បៈ​នានា ពិតជា​មាន​សារៈសំខាន់​សម្រាប់​មនុស្ស ព្រោះថា ក្រៅពី​ការកម្សាន្ត​អារម្មណ៍​ក៏​ជាកិច្ច​ប្រាស្រ័យ​ទាក់ទង​របស់មនុស្ស​ផងដែរ។ តែ​ទោះជាយ៉ាងណា ក្នុង​កាលៈទេសៈ​នេះ យើង​ក៏​មិន​ភ្លេច​ឡើយ​ក្នុងការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​មិនឱ្យ​ឆ្លង​ជំងឺ​កូ​វីដ ១៩ គឺ​ត្រូវ​រក្សាគម្លាត​ពីគ្នា​ឱ្យបាន​ត្រឹមត្រូវស្របតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល»។

កាលពី​ចុងឆ្នាំ ២០២០ គឺ​ថ្ងៃទី ២៧ ខែធ្នូ កន្លងមកនេះ​បានសម្តែង​របាំ​សហ​សម័យមួយក្រោម​ប្រធានបទ​ថា «កំណប់​បំបាំងភ្នែក» ដែល​បកស្រាយ​ពី​អត្ថន័យ ដោយ​នាដកា កញ្ញា ជុំ​វណ្ណ សូ​ដា​ជី​រី ហៅ​កញ្ញា Belle ដែល​រៀបចំ​ដោយ​កម្មវិធី TEDxRUPP 2020។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី គេហទំព័រ​ឈ្មោះ TEDx RUPP បាន​បង្ហោះ​សារ​ឱ្យដឹងថា៖ «ឆ្លងកាត់​បទពិសោធ​ជា​អ្នករបាំ​ដ៏​ល្បី និង​ជោគជ័យ​ម្នាក់​កញ្ញា Belle នឹង​ឡើងមក​ពន្យល់ទស្សនិកជន​អ្នក​ស្តាប់​ឱ្យ​ស្គាល់ និង​យល់​កាន់តែច្បាស់​ពី​គុណប្រយោជន៍​របស់​របាំ និង​របាំសហ​សម័យ។

ចំពោះ​ប្រវត្តិ​នាដក​ខ្មែរ​រូបនេះ​គាត់​ចាប់ផ្តើម​ហ្វឹកហាត់ រាំ​របាំ​ព្រះរាជ​ទ្រព្យ​តាំងពី​អាយុ ៩ ឆ្នាំ​មក​ ដែល​គាត់​មាន​អាយុ ១៦ ឆ្នាំ​ គាត់​បាន​ស្វែងយល់ និង​ស្គា​ល់ពី​ទម្រង់​នៃ​របាំ​សហសម័យ ជាមួយនឹង​ភាព​ងាយស្រួល​ក្នុងការ​កែច្នៃ​របាំ​ច្រើន។

ដោយសារ​ការស្រឡាញ់ និង​ចង់​អភិវឌ្ឍភាព​ច្នៃប្រឌិត​ផ្នែករបាំ​សហ​សម័យ​នោះ កញ្ញា Belle ត្រូវ​បានទទួល​ឱ្យចូល​សិក្សា​កម្មវិធី​ឈ្មោះ Robert Wilson''s Watermill Center 2006 International Summer Arts Program ដែល​បាន​ដឹកនាំ​ដោយ​អង្គការ Amrita Performing Arts របស់​កម្ពុជា។ ចាប់តាំងពី​ពេលនោះ​មក កញ្ញា Belle ក្លាយជា​អ្នកបង្កើត​ក្បាច់​រាំ​ម្នាក់ និង​បាន​ចូលរួម​សិក្ខាសាលារបាំ​សហ​សម័យ ច្រើន​នៅទូទាំង​ពិភពលោក។ នៅក្នុង​ដំណើរ​ជា​អ្នករបាំ​របស់គាត់ កញ្ញា Belle បាន​បង្កើត និង​អភិវឌ្ឍ​ក្បាច់​រាំ​ជាច្រើន​ដែលលើសពីនេះ កញ្ញា Belle ក៏បាន​បង្កើត​ក្រុម​របាំ​ផ្ទាល់ខ្លួន​មួយ​មាន​ឈ្មោះថា «SilverBell» នៅ​ឆ្នាំ ២០០៣ ដែលជា​ស្នាដៃ​ផ្ទាល់ខ្លួន​របស់គាត់​ដែរ។ បច្ចុប្បន្ន​គាត់​ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​ប្រពៃណី​ខ្មែរ និង​របាំសហ​សម័យ​នៃ​មហាវិទ្យាល័យ​នាដ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ។

គួរ​បញ្ជាក់ថា ការសម្តែង​របាំ​សហ​សម័យ​ឈ្មោះថា «ស្បែកក្លែងក្លាយ» នេះ​ក៏ត្រូវ​ជាវសំបុត្រ​ចូល​ទស្សនា​ផងដែរ​គឺ​សំបុត្រ ១ តម្លៃ ១0 $ ខណៈ​សំបុត្រ​ក៏​ចាប់​លក់​ពីថ្ងៃ​ពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១ តទៅ ដើម្បី​បាន​ប្រាក់​ទាំងនោះ​យកទៅជួយ​ទ្រទ្រង់​ដល់​ក្រុម​របាំ SilverBell៕