ភ្នំពេញ៖ ផ្សំ​ភាព​ប្រណីត​ថ្លៃថ្នូរ​នៃ​គ្រឿង​តាក់​តែង​កាយ​នៃ​សម័យកាល​ដ៏​រុងរឿង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ជាមួយ​នឹង​ការនិយម​សហសម័យ បងប្អូនស្រី​អ្នកនាង អ៊ីដូ និង អ៊ីយេន ចម បាន​ប្រើប្រាស់​ក្បូរ​ក្បាច់​រចនា​ខ្មែរ​ច្នៃ​ចេញ​ជា​គ្រឿង​តាក់តែង​កាយ​ស្អាត​ប្លែក​ភ្នែក​សម្រាប់​អ្នក​ទីក្រុង​ទំនើប នៅ​ទឹក​ដី​សហរដ្ឋអាមេរិក។

ធំធាត់​នៅ​តំបន់​ប្រ៊ូកឃ្លីន នៃ​ក្រុង​ញូវយ៉ក ស្ថាបនិក​គ្រឿង​អលង្ការ EdoEyen ដែល​មាន​ពូជ​ពង្សាវតារ​ឪពុកម្ដាយ​ជា​ជនភៀស​ខ្លួន​ពី​កម្ពុជា​ទៅ​រស់នៅ​អាមេរិក​អំឡុង​ទសវត្សរ៍ ៨០ អ្នក​ទាំង ២ មាន​អារម្មណ៍​ដិតដាម​នឹង​កេរដំណែល​បេតិកភណ្ឌ​ខ្មែរ ទាំង​ស្ថាបត្យកម្ម​អច្ឆរិយ ទម្រង់​សិល្បៈ​របាំ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ហ្វាសសិន និង​គ្រឿង​អលង្ការ wwd.com។

ខណៈ​គ្រឿង​តាក់តែង​កាយ​បុរាណ​ខ្មែរ​មាន​ក្បាច់​រចនា​ផ្ចិតផ្ចង់​ឥត​ខ្ចោះ វា​ក៏​មាន​ទម្ងន់​ធ្ងន់​មិន​អាច​គ្រង​ជា​គ្រឿង​លម្អ​ប្រចាំ​ថ្ងៃ​ទេ។ ជា​ទូទៅ អលង្ការ​ទាំង​នេះ​ត្រូវ​បាន​គ្រង​សម្រាប់​តែ​ពេល​សម្ដែង​សិល្បៈ។

បងប្អូន​ស្រី​ទាំង ២ បាន​លើក​ឡើង​ថា៖ «ក្រោយ​ពី​បាន​ឃើញ​ការ​សម្ដែង​របាំ​បុរាណ​ខ្មែរ​តាំង​ពី​ក្មេង​បាន​ឃើញ​របាំ​ព្រះរាជ​ទ្រព្យ ក្នុង​ខ្សែ​ភាពយន្ត​សម័យ​ដើម និង​បាន​ស្ដាប់​ម្ដាយ​យើង​និទាន​ពី​រឿង​ព្រេង​ខ្មែរ យើង​កាន់​តែ​ជាប់​ចិត្ត​នឹង​គ្រឿង​អលង្ការ​គ្រង​ដោយ​ក្សត្រ អប្សរា និង​ទេព​មច្ឆា»។

ក្នុង​សំណេរ​រៀបរាប់​នៅ​ក្នុង​វេបសាយ edoeyen.com អ្នក​ទាំង ២ បាន​រំឭក​ទៀត​ថា ខ្លួន​តែងតែ​មាន​ក្ដី​ស្រមៃ​ចង់គ្រង​គ្រឿង​អលង្ការ​បុរាណ​ដ៏​អស្ចារ្យ​ដូច​តួអង្គ​ក្នុង​រឿង​ព្រេង​និទាន​ខ្មែរ។ លុះ​ដល់​ពេល​ធំ​ឡើង ក្ដី​សុបិន​នេះ​នៅ​តែ​បន្ត​ពុំ​សាបសូន្យ​ឡើយ ធ្វើ​ឱ្យ​បងប្អូន អ៊ីដូ និង អ៊ីយេន សម្រេច​ចិត្ត​ប្រែក្លាយ​វា​ជា​ការ​ពិត។

អ៊ីដូ ជា​បងស្រី​បាន​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​ហ្វាសសិន និង​បច្ចេកវិទ្យា ជំនាញ​ជា​អ្នក​ផ្សព្វផ្សាយ និង​ទីផ្សារ។ រីឯ​ប្អូនស្រី អ៊ីយេន ពី​មុន​​ជា​តារា​ម៉ូដែល​អាជីព​មុន​នឹង​អ្នក​ទាំង ២ បង្កើត​ប្រ៊េន​ដ៍​គ្រឿងអលង្ការ​នេះ​លក់​អនឡាញ​កាល​ពី​ខែ​មិថុនា ឆ្នាំ​កន្លង​ទៅ​នេះ។

បង​ប្អូនស្រី​ស្ថាបនិក EdoEyen និង​ក្រវិល​ម៉ូដ​ផ្កា​ឈូកដ៏​ស្រស់ស្អាត​។ រូបថត អីុស្តាក្រាម

បងប្អូន​ស្រី​ទាំង ២ ក៏​បាន​បង្កើត​អលង្ការ edoeyen ក្នុង​គោល​បំណង​ឱ្យ​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​វប្បធម៌​ខ្មែរ អាច​ទិញ​គ្រឿង​លម្អ​កាយ​ទាំង​នេះ​យក​ទៅ​ទុក​ប្រើប្រាស់ ដោយ​មាន​ការ​ច្នៃប្រឌិត​បន្ថែម​សម្រប​ទៅ​តាម​កាលៈទេសៈ ​និង​ម៉ូដ​សម័យ​ទំនើប។

អ៊ីយេន ជា​ប្អូនស្រី​បាន​ប្រាប់​វេបសាយ wwd.com ថា៖ «យើង​ចង់​រចនា​ម៉ូដ​បែប​កូនកាត់។ យើង​ចង់​ថែរក្សា​នូវ​អ្វី​ដែល​ជា​សិល្បៈ​វប្បធម៌​ខ្មែរ ប៉ុន្តែ​បន្ថែម​នូវ​ភាព​សាមញ្ញ និង​ទំនើប​បន្តិច»។

អ្នក​ទាំង ២ បាន​សរសេរ​ក្នុង​វេបសាយ​គ្រឿង​អលង្ការ​របស់​ខ្លួន​ថា៖ «ដើម្បី​បញ្ចប់​ការ​សាប​រលាប​នៃ​វប្បធម៌​មួយ​ដែល​យើង​ដឹង​ថា ​វា​ចាំបាច់​ក្នុង​ការ​ថែរក្សា​ឱ្យ​គង់វង្ស​នោះ យើង​ត្រូវ​តែ​សម្រេចចិត្ត​បង្កើត​គ្រឿង​អលង្ការ​ក្រោម​ការ​ទទួល​ឥទ្ធិពល​បុរាណ​ខ្មែរ ដើម្បី​ផ្សារ​ភ្ជាប់​វា​ទៅ​នឹង​ជីវិត​ប្រចាំថ្ងៃ​បច្ចុប្បន្ន»។

ក្នុង​វេប​សាយ jckonline.com មកុដ​ក្បាំង edoeyen ជម្រើស​ប្រាក់ លោហៈ​ស្រោបមាស ឬ​មាស​សុទ្ធ​មាន​តម្លៃ​ពី ១ ៣៥០ ទៅ ៦០ ០០០ ដុល្លារ។

អ្នក​ទាំង ២ ក៏​សង្ឃឹម​ផង​ដែរ​ថា៖ «គ្រឿងអលង្ការ​របស់​យើង​នឹង​នាំមក​នូវ​ភាព​ពិសិដ្ឋ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​បេតិកភណ្ឌ​យើង ហើយ​វា​នឹង​ត្រូវ​បាន​ស្រឡាញ់​ថែរក្សា​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​យូរ​អង្វែង​រហូត​តទៅ»៕