ក្រុង​ប៉ារីស៖ សំឡេង​មាន់​រងាវ និង​សម្រែក​ង៉ោក​ង៉ាក​សត្វ​ដទៃ​ទៀត «កេរដំណែល​វិញ្ញាណ​» នៃ​ទីជន​បទ​ប្រទេស​បារាំង ពេលនេះ​នឹងត្រូវបាន​ការពារ​ដោយ​ច្បាប់​ពី​ការ​ប៉ុន​បង​រារ៉ាំង​រំខាន​ជិវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជន​បទ​ពីសំណាក់​អ្នក​ចំណូល​ថ្មី​ដែល​ប្រាថ្នា​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់។

ក្រុម​ព្រឹទ្ធ​សភា​បារាំង​ បាន​អនុម័ត​ចុង​ក្រោយ​ច្បាប់​ថ្មី​មួយ​ដែល​ស្នើ​ឡើង​បំណង​ដោះ​ស្រាយ​ជម្លោះ​ដោយ​អ្នក​ភូមិ​ និង​អ្នក​ស្វែងរក​ទីកន្លែង​ស្ងប់​សុខ​សម្រាប់​វិស្សមកាល​ ឬ​អ្នក​ចំណូល​ស្រុក​ថ្មី​ដែល​ហៅថា «​អ្នក​ជន​បទ​ថ្មី​»។

មាន់​គក​មួយ​ក្បាល​ឈ្មោះ Maurice បាន​ឡើង​ទំព័រ​មុខ​លើ​ក្រប​សារព័ត៌មាន​ក្នុង​ឆ្នាំ​ ២០១៩ ក្រោយ​ពី​តុលាការ​ភាគ​ខាង​លិច​ប្រទេស​បារាំង​បាន​ច្រាន​ចោល​បណ្ដឹង​ពី​សំឡេង​រំខាន​ពី​អ្នក​ជិត​ខាង​ ដែល​បានទិញ​ផ្ទះ​វិស្សមកាល​ក្បែរ​នោះ។

Joel Giraud ជា​រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ជីវិត​ជន​បទបាន​ប្រាប់​ក្រុម​មេធាវី​ថា​៖ «​ការ​ស់​នៅ​ក្នុង​ទី​ជន​បទ​ច្បាស់​ជា​មាន​សំឡេង​រំខាន​បែប​ធម្មជាតិ​នេះ​ហើយ​»។

សត្វ​មាន់ និង​ម្ចាស់របស់វា នៅ​មុខ​អគារតុលាការ នៅប្រទេសបារាំង ដោយសារ​បញ្ហា​សម្លេង​រំខាន។ រូបថត AFP

កណ្ដឹង​គោ (​និង​គោ​ជុះ​អាចម៌) សម្រែក​កណ្ដូប និង​ត្រាក់​ទ័រ ​រំពង​នា​ពេល​ព្រឹក​ព្រលឹម ក៏​ត្រូវ​បានចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​កេរដំណែល​ធម្មជាតិ​ ដែល​នឹង​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

លោក Pierre-Antoine Levi ជា​ព្រឹទ្ធ​សភាដែល​ដើរ​តួ​ជា​អ្នក​ចម្លង​ច្បាប់​នេះបាន​និយាយ​ថា​៖ «​វា​បាន​បញ្ជូល​សារ​យ៉ាង​សំខាន់។ វា​អាច​ជា​ឧបករណ៍​ដ៏​មាន​សារៈ​ប្រយោជន៍​សម្រាប់​មន្ដ្រី​មូលដ្ឋាន​ ដែល​ពួកគេ​ផ្ដល់​ការ​អប់រំនិង​បំពេញ​ភារកិច្ច​សម្រុះ​សម្រួល​»។

ច្បាប់​នេះ​នៅតែ​បង្ក​ភាព​តាន​តឹង​នៅទី​ជនបទ​រវាងពលរដ្ឋ​រស់​នៅ​យូរ​អង្វែង​ និង​អ្នក​ចំណូល​ថ្មី ដែល​ក្ដី​រំពឹង​នៃ​ភាព​ស្ងប់​ស្ងាត់​របស់​ពួក​គេ​រមែង​ត្រូវបាន​រំខាន​ជា​រៀងរាល់​ថ្ងៃ។

អ្នកស្រី Corinne Fesseau និង​មាន់គក Maurice បាន​ក្លាយ​ជា​និមិត្ដ​រូប​នៃ​ការ​តវ៉ា​ពេល​អ្នកស្រី​ត្រូវបាន​បញ្ជូន​ទៅ​កាន់​តុលាការ​ដោយ​អ្នក​ជិត​ខាង​ចូល​និវត្ដន៍​ពី​ទំនាស់​សម្រែក​សត្វ​នា​ពេល​ព្រឹក​ព្រលឹម។

សត្វ​មាន់គក​ឈ្មោះ Maurice ធ្លាប់ត្រូវ​អ្នកជិត​ខាង​ប្ដឹង​ពី​ការ​បង្ក​ភាព​រំខាន។ រូបថត AFP

ក្រុម​អ្នក​រិះ​គន់​ចាត់​ទុក​ការ​ប្ដឹង​ផ្ដល់​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គំរាម​កំហែង​ចំពោះ​កេរដំណែល​អ្នក​ជន​បទ​ពី​សំណាក់​អ្នក​ចំណូល​ថ្មី និង​អ្នក​ទីក្រុង​ដែល​មិន​ចេះ​យល់​យោគ​ចំពោះ​ការ​រស់​នៅ​របស់​អ្នក​ជនបទ។

មនុស្ស​រាប់​ពាន់​នាក់​បាន​ចុះហត្ថលេខា​លើ​ញ្ញត្ដិ​ «​សង្គ្រោះ​មាន់​គក Maurice​» ហើយ​ចៅក្រម​ក៏​បាន​ការពារ​សំឡេង​មាន់​រងាវ​ជា​ការ​រំខាន​បែប​ធម្មជាតិ​របស់​សត្វ​ប៉ុណ្ណោះ។

ករណី​មួយ​ផ្សេង​ទៀត​ពី​ឆ្នាំ​ ២០១៩ ស្ដ្រី​ម្នាក់​រស់​នៅ​ក្នុង​តំបន់​បង្កាត់​ពូជទា Landes ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​ដោយ​អ្នក​ជិត​ខាង​ថ្មីដែល​ថ្លង់​នឹង​សំឡេង​សម្រែក​សត្វ​ទានិងក្ងាន​​ទាំង​ហ្វូង។

តុលាការ​នៅ​ភាគ​និរតី​ប្រទេស​បារាំង​ក៏​បាន​ច្រាន​ចោល​ករណី​នេះ​ផង​ដែរ៕ AFP/HR

ម្ចាស់មាន់គក​ Maurice នាំ​សត្វ​ចិញ្ចឹម​របស់ខ្លួនទៅ​ទីក្រុង​។ រូបថត AFP

ឡេង​មាន់​រងាវ និង​សម្រែក​ង៉ោក​ង៉ាក​សត្វ​ដទៃ​ទៀត ត្រូវ​បាន​ចាត់ទុក​ជា​ «កេរដំណែល​វិញ្ញាណ​» នៃ​ទីជន​បទ​ប្រទេស​បារាំង។ រូបថត AFP