ភ្នំពេញ៖ ខណៈ​ចូល​មក​ដល់​ដើម​ឆ្នាំ ​២០២១​ ភ្លាម​ ស្រាប់​តែផលិតកម្ម​ Galaxy Navatra បាន​​ចេញ​សេចក្តី​​​​ជូន​ដំណឹង​ប្រកាស​​ជ្រើសរើស​អ្នក​និពន្ធ​ទំនុក​​ច្រៀង មេឡូឌី និង​ទំនុក​ភ្លេង​ជា​ច្រើន​នាក់ ហើយ​ហ៊ាន​ផ្តល់​ជូន​កាដូ​លើក​ទឹក​ចិត្ត​អ្នក​និពន្ធ​​ឆ្នើម​ប្រចាំ​ឆ្នាំ​ទៀត​ផង​ដែរ​នូវ​រថយន្ត​ទំនើប ​១ ​គ្រឿង ​ម៉ាក​ឡិចស៊ីស NX 200t។

បើ​តាម​គេហទំព័រ​ផលិតកម្ម​​ Galaxy Navatra ​បង្ហោះសារ​​​ថា៖ «​គោរព​ជម្រាប​​​សួរ ពុកម៉ែ បងប្អូន ទាំង​អស់ ​ដើម្បី​អភិវឌ្ឍ​សិល្បៈ​ចម្រៀង​​សម័យ ​ប្រកួត​​ប្រជែង​​ទីផ្សារ​​​​បរទេស ​Galaxy Navatra ​សូម​លើក​ទឹក​ចិត្ត​ផ្នែក​​​និពន្ធ ​ដែល​តម្រូវ​ទីផ្សារ​បរទេស។​ នេះ​ជា​ឱកាស​​ដ៏​ធំ​​​មួយ​សម្រាប់​ក្មេងៗ និង​យុវ​ជន​ ដែល​មាន​ទេពកោសល្យ​ផ្នែក​​​និពន្ធ ​ក្រុមហ៊ុន​បាន​​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច​​ហើយ ​បង្កើត​ Galaxy Navatra International​។ យើង​ខ្ញុំ​​មាន​កិត្តិយស​ជម្រាប​​ជូន​​បងប្អូន​​ទាំង​អស់​​គ្នា​ថា ក្រុម​អ្នក​និពន្ធ ក្រៅ​ក្រុមហ៊ុន​ ឬ​​ក្នុង​ក្រុមហ៊ុន​ពេញ​ម៉ោង​ទាំង​អស់​ការ​និពន្ធ​​មេឡូឌី ​ទំនុក​ច្រៀង និង​​​ធ្វើ​ភ្លេង​ ត្រូវ​ទីផ្សារ​​​អន្តរជាតិ សម្រាប់​អ្នក​ចូល​ទស្សនា​​​ច្រើន​ជាង​​គេ​ប្រចាំ​ឆ្នាំ​​​នឹង​​ទទួល​​បាន​កាដូ​​ឡិចស៊ីស​ nx​ 200t ​១ ​គ្រឿង ​ហើយ​​ក្លាយ​ជា​អ្នក​និពន្ធ​ឆ្នើម​ទទួល​​ពាន​​ប្រចាំ​ឆ្នាំ​ផង​ដែរ»។

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​​ថា៖ «Galaxy Navatra ​ដើម្បី​លើក​​​កម្ពស់​នូវ​ស្នាដៃ​និពន្ធ​ចម្រៀង​​​​​សម័យ ​ក្រុមហ៊ុន​​មាន​កិត្តិ​យស​សូម​​ជម្រាប​​​ជូន​ដំណឹង​​ទិញ​យក​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ទាំង​អស់​ក្នុង​តម្លៃ ​១ ​បទ​ចាប់​ពី ៦០០ ដុល្លារ​ ដល់ ១ ៥០០ ដុល្លារ​ ឬ​ប្រាក់​ខែ​ចាប់​ពី ៥០០ ដុល្លារ​ ដល់ ៥ ០០០ ដុល្លារ​ តាម​សមត្ថភាព។ ជ្រើសរើស​អ្នក​និពន្ធ​ចំនួន ​៣០ នាក់ ​ហើយ​ក្រុម​អ្នក​និពន្ធ​​បែង​ចែក​ជា ២។ ទី​១.ធ្វើ​គិត​​បទ​ ១​ បទ​ចាប់​ពី ៦០០​ ដុល្លារ ដល់ ១ ៥០០ ដុល្លារ នេះ​​​​សម្រាប់​អ្នក​លក់​បទ​ ដែល​ធ្វើ​​ការ​ក្រៅ​​ក្រុមហ៊ុន។ ទី២.​ការងារ​​បុគ្គលិក​ក្រុមហ៊ុន​ប្រាក់​ខែ​ចាប់​ពី ៥០០​ ដុល្លារ​ ដល់ ៥ ០០០ ដុល្លារ។ ​សូម​បញ្ជាក់​ថា ការងារ​ទាំង ​២ ប្រភេទ​នេះ​ មាន​ឱកាស​​​ក្លាយ​ជា​អ្នក​និពន្ធ​​ឆ្នើម​ប្រចាំ​ឆ្នាំ​ដូច​គ្នា​ ឱ្យ​​តែ​​មាន​​​បទចម្រៀង​​នៅ​ក្រុមហ៊ុន​យើង​ខ្ញុំ។​ សូម​ទាក់ទង​​តាម​ទូរស័ព្ទ​ 093 840 155 /069​ 666 556 /​017 891 939»។

ចំពោះ​លក្ខខណ្ឌ​​លម្អិត​ស្តីពី​លក្ខណៈ​របស់​អ្នក​និពន្ធ​ក្តី ​ការ​តែង​​បទ​ចម្រៀង​​ មេឡូឌី និង​ទំនុក​ច្រៀង​​យ៉ាង​ណា​ ទើប​អាច​​​​ចូល​រួម​​ជាមួយ​ Galaxy Navatra នោះ​ មិន​ត្រូវ​បាន​គេ​ដឹង​​ឡើយ​ ខណៈ ​ភ្នំពេញ ​ប៉ុស្តិ៍ ​មិន​ទាន់​អាច​សុំ​បាន​ការ​បកស្រាយ​​បន្ថែម​​ឡើយ​ពី​សំណាក់​​អ្នក​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​។ ភ្នំពេញ ​ប៉ុស្តិ៍ បាន​​ទំនាក់ទំនង​​​ទៅ​លោក យឹម តាស្រង់ ជា​​​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​ Galaxy Navatra បាន​លើក​​ទូរស័ព្ទ​មួយ​ភ្លែត ហើយ​ឆ្លើយ​​​ថា៖ «​សុំ​អធ្យាស្រ័យ​បង ​ប្អូន​​​ជាប់​រវល់​ប្រជុំ​ ហើយ​ចាំ​ដល់​​ម៉ោង ​៥ ឬ​ ៦ ល្ងាច ចាំ​ប្អូន​តេ​ទៅ​ខាង​​បង​វិញ​»៕​