ក្រុង​ញូវដែលី៖ ប៉ូលិស​បាន​ឱ្យ​ដឹង​ពី​ថ្ងៃ​សៅរ៍​ថា មាន់គក ១ ក្បាល ​ដែល​បំពាក់​ខ្នាយ​ត​ក្នុង​ការ​ប្រកួត​មាន់​ជល់​ខុស​ច្បាប់​មួយ ឯ​ភាគខាងត្បូង​ឥណ្ឌា​បាន​សម្លាប់​ម្ចាស់​វា នាំ​ឱ្យ​មាន​ការ​តាម​រក​អ្នក​រៀបចំ​សង្វៀន​ជល់​មាន់។

មន្ដ្រី​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា បក្សី​ប្រយុទ្ធ​ត្រូវ​បាន​បំពាក់​ខ្នាយ​កាំបិត​ពិសេស​នៅ​ជើង​ម្ខាង សម្រាប់​ការ​ប្រកួត​ជាមួយ​គូ​សត្រូវ និង​បាន​វាយ​ចំ​ក្រលៀន​ម្ចាស់​ឱ្យ​រងរបួស​ធ្ងន់ ពេល​វា​ព្យាយាម​រើបម្រះ។

ប៉ូលិស ប៊ី ជេវ៉ាន់ បាន​ប្រាប់ AFP ថា ជន​រងគ្រោះ​បាន​ស្លាប់​ដោយសារ​បាត់បង់​ឈាម​ច្រើន​មុន​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ក្នុង​ស្រុក​ការីមណាហ្គា នៃ​រដ្ឋ​តេឡានហ្គាណា។

លោក ជេវ៉ាន់ បាន​បន្ដថា បុរស​រូប​នោះ ស្ថិត​ក្នុង​មនុស្ស ១៦ នាក់ ​ដែល​រៀបចំ​ការ​ជល់​មាន់​ក្នុង​ភូមិ​ឡូធូនូ ពេល​ហេតុការណ៍​អកុសល​បាន​កើត​ឡើង។ មាន់គក​ត្រូវ​បាន​ឃាត់​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​ប៉ូលិស​មួយរយៈ​ពេល​ខ្លី មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កសិដ្ឋាន ១ កន្លែង។

លោក ជេវ៉ាន់ បាន​ឱ្យ​ដឹង​ថា៖ «យើង​កំពុង​តាម​ស្វែងរក​មនុស្ស ១៥ នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​កា​រៀបចំ​សង្វៀន​ជល់​មាន់​ខុស​ច្បាប់»។

ពួក​គេ​អាច​ប្រឈម​បទ​ចោទ​មនុស្ស​ឃាត ល្បែង​ភ្នាល់​ខុស​ច្បាប់ និង​រៀបចំ​សង្វៀន​ជល់​មាន់​ខុស​ច្បាប់។

ការ​ជល់​មាន់​ត្រូវ​បាន​ហាមឃាត់ តែ​ការ​បំពាន​ជា​ទម្លាប់​តាម​ភូមិឋាន​ជនបទ​មួយ​ចំនួន ជាពិសេស​អំឡុង​ពេល​បុណ្យ​សង្ក្រាន្ត​នៃ​ព្រហ្មញ្ញ​សាសនា។

បក្សី​ប្រយុទ្ធ​បំពាក់​ខ្នាយ​កាំបិត​ស្រួច​ប្រវែង ៧,៥ សង់ទីម៉ែត្រ នៅ​ជើង​ម្ខាង ហើយ​អ្នក​ចូលរួម​ធ្វើ​ការ​ភ្នាល់​គ្នា​ថា តើ​បក្សី​មួយណា​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រយុទ្ធ​ស្លាប់​រស់?

មាន់គក​រាប់ពាន់​ក្បាល​បាន​ងាប់​រៀងរាល់​ឆ្នាំ​ពី​ការ​ប្រកួត​នេះ បើ​ទោះបី​ជា​មាន​កិច្ច​ការ​ខិតខំ​ប្រឹងប្រែង​ពី​ក្រុម​សិទ្ធិ​សត្វ​យ៉ាង​ណា​ក្ដី៕ AFP/HR