ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករខ្មែរដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ ​១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩​ នៅតែ​បន្ត​កើតមានឡើង ដែលជា​ហេតុ​ធ្វើឱ្យ​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ការងារ​បន្ត​អំពាវនាវ​ដល់​ពលករ និង​ពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន និង​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​ជាប់​ជាប្រចាំ​។

ដោយ​សង្កេតឃើញ​មាន​ការឆ្លង​កូវីដ​ ១៩ អំឡុងពេល​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ធ្វើដំណើរ​វិល​ត្រឡប់​មកវិញ​ដោយ​លួចលាក់ និង​ខុសពី​បម្រាម​អាជ្ញាធរ​ថៃ​នោះ​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុងស្នាក់នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ​អំពាវនាវ​ជាថ្មី​ដល់​ពលករ​កម្ពុជា​កំពុងស្នាក់នៅ​ និង​ធ្វើការ នៅ​ប្រទេស​ថៃ សុំ​បន្ត​ស្នាក់នៅ​ទីនោះ​បន្តទៀត​ និង​ចៀសវាង​ការចល័ត​ពី​ ១ ​កន្លែង​ទៅ​ ១ ​កន្លែង​។

លោក​ថ្លែងថា​៖ «​សូម​បងប្អូន​ពលករ​ដែល​កំពុងស្នាក់នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​មេត្តា​រក្សា​ភាពនឹងនរ និង​បន្ត​ស្នាក់នៅ​ ១ ​កន្លែង​ដោយ​ពុំទាន់​ចាំបាច់​ឆ្លងដែន​វិល​ត្រឡប់មក​ស្រុក​កំណើត​វិញ​នោះទេ​។ សូម​ជឿទុកចិត្ត​លើ​សមត្ថភាព និង​លទ្ធភាព​ទប់ស្កាត់​ និង​ព្យាបាល ជំងឺ​កូវីដ​ ១៩​ របស់​អាជ្ញាធរ​ថៃ​»​។

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​ឱ្យដឹងពី​ថ្ងៃទី​ ១៥ មករា តាមរយៈ​សារ​ជា​សំឡេង​ថា បច្ចុប្បន្ន​ថ្វីដ្បិត​ប្រទេស​កម្ពុជា​បានបញ្ចប់​នូវ​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ ក៏ពិតមែន ប៉ុន្តែ​បញ្ហា​ការចម្លង​ក៏ដូចជា​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ គឺ​នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដែល​ទាំងអស់​គ្នា​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់​។

លោកស្រី​ថ្លែង​ដូចនេះ បន្ទាប់ពី​កាលពី​ថ្ងៃទី​ ១៥ ខែ​មករា ក្រសួង​សុខាភិបាល​បាន​រកឃើញ​ពលករ​ខ្មែរ​ចំនួន​ ១៥ ​នាក់​បាន​ឆ្លង​វីរុស​កូវីដ​១៩​ក្នុង​រយៈពេល​តែ​ ១ ​ថ្ងៃ​។

លោកស្រី​ថា​៖ «​នេះ​ជា​ចំនួន​ច្រើន ដែល​យើង​បានគិត​ទុកជាមុន​រួចទៅ​ហើយ​ថា​នឹង​អាច​មាន​ការកើនឡើង​នូវ​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩​ជា​បន្តបន្ទាប់​ទៀត​។ ដូច្នេះ​សុំឱ្យ​បងប្អូន​យើង កុំ​មាន​ការធ្វេសប្រហែស​ឱ្យសោះ​»​។

អ្នកនាំពាក្យ​រូបនេះ​បន្តថា​៖ «​ខ្ញុំ​ក៏​ធ្លាប់បាន​ជម្រាបជូន ក៏ដូចជា​ធ្វើការ​ណែនាំ​សាធារណជន​ទាំងអស់​ជារឿយៗ​រួចមកហើយ​ថា យើង​ងាយស្រួល​ក្នុង​ការបំភ្លេច​វីរុស​កូវីដ​១៩​ដោយ​យើង​គិតថា ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា បាន​បិទ​បញ្ចប់​ហើយ​។ ​ដូច្នេះ​ហាក់ដូចជា មិនមាន​បញ្ហា​អី​ដែល​ជា​ការព្រួយបារម្ភ​ទៀត​ទេ​ចំពោះ​បញ្ហា​វីរុស​កូវីដ​ ១៩​។ កាលណា​គិតបែបនេះ​ គឺជា​ការ​មើលងាយ​ខ្លួន​យើង​។ យើង​បានដាក់​ខ្លួន​យើង​បើកចំហ​ទូលំទូលាយ​ណាស់​សម្រាប់​ឱ្យ​វីរុស​កូវីដ​១៩​វាយលុក​ចូល​មក​ក្នុង​សរីរាង្គកាយ​របស់​យើង​ងាយស្រួល​បំផុត​»​។​លោកស្រី​ថា ពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការរស់នៅ​តាម​ធម្មតា​បែប​គន្លង​ថ្មី​ដោយ​អនុវត្តុ​ឱ្យបាន​ខ្ជាប់ខ្ជួន​វិធានការ​ការពារ​។

តាម​របាយការណ៍​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១៧ មករា កម្ពុជា​មាន​អ្នកជំងឺ​កូវីដ​ ១៩ ​ចំនួន​ ៤៣៩ ​នាក់ ​ក្នុង​នោះ​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ ៦៩ ​នាក់​។ រីឯ​អ្នកព្យាបាល​ជាសះស្បើយ​ ៣៨៥ ​នាក់​។ ឯ​អ្នកជំងឺ​កូវីដ​ ១៩​ កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ៥៤ ​នាក់​៕