ភ្នំពេញ៖ សត្វ​រនាល​ពណ៌ ឬ​គេ​ហៅ​ថា រនាល​គំនូរ គឺ​ជា​ឈ្មោះ​ត្រូវ​បាន​គេ​ដាក់​តាម​រូបឆោម​ដ៏​ស្រស់​ស្អាត ដូចជា​ផ្ទាំង​គំនូរ​របស់​វា ដែល​មាន​ខ្លួន​ពណ៌​ស ស្លាប​ពណ៌​ខ្មៅ​លាយ​ជាមួយ​ចុង​ខ្នង​ពណ៌​ផ្កាឈូក វ័ណ្ឌ​ខ្មៅ​លើ​ដើម​ទ្រូង ចំពុះ​ធំ​វែង​លឿង​កោង​ខុប​ចុះ​បន្តិច។ ជាមួយ​នឹង​រូបរាង​ដូច​គំនូរ​របស់​បក្សី​ទឹក​សាប​ដ៏​កម្រ​មួយ​ប្រភេទ​នេះ វា​ក៏​បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម (IUCN) ដែល​ត្រូវ​បាន​កំណត់​ជា​ប្រភេទ​សត្វ​ជិត​រង​គ្រោះ ដោយសារ​ការ​ធ្លាក់ចុះ​នូវ​ចំនួន​សត្វ ព្រោះតែ​ការ​បរបាញ់​ខុសច្បាប់ និង​កត្តា​បាត់បង់​ទីជម្រក​ធម្មជាតិ​របស់​វា ដូចជា​ការ​កាប់ និង​រុករាន​ព្រៃ ក៏​ដូចជា​ភ្លើង​ឆេះ​ព្រៃ​ជាដើម។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​អេកូ​យុវទូត​បាន​ឱ្យ​ដឹងថា៖ «ជា​កិច្ច​សាទរ​នូវ​ការ​បង្កើត​បាន​ជា​បទ​ចម្រៀង​មួយ ក៏ដូចជា​ដើម្បី​អបអរ​ចំពោះ​ទិវា​ដី​សើម​អន្តរជាតិ និង​ទិវា​សត្វព្រៃ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២១ នេះ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​អេកូ​យុវទូត​កម្ពុជា បាន​ធ្វើ​ការ​សហការ​រៀបចំ​នូវ​កម្មវិធី​សម្ពោធ​បទចម្រៀង «ទំនួញ​នាង​រនាល​ពណ៌» នេះ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី ៥ ខែ មីនា ឆ្នាំ ២០២១។ កម្មវិធី​ទាំង​មូល​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​អ្នក​ជំនាញ​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ ក៏ដូចជា​ដៃគូ​នានា​របស់​គម្រោង ដែល​តែងតែ​ចូល​រួម​ក្នុង​ដំណើរ​របស់​យើង​នាពេល​កន្លង​មក។ លើស​ពី​នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការងារ​អភិរក្ស ក៏ដូចជា​ដំណើរ​រឿង​ដ៏​អន្លង់អន្លោច​របស់​បក្សី​រនាល​ពណ៌ នឹង​ត្រូវ​បាន​រៀបរាប់​តាមរយៈ​រូបភាព​សិល្បៈ ការ​និទាន​រឿង​ក៏​ដូច​ជាការ​ច្រៀង​បទ​ចម្រៀង «ទំនួញ​នាង​រនាល​ពណ៌» ដោយ​ផ្ទាល់​ជាមួយ​ឧបករណ៍​ភ្លេង​ខ្មែរ​ផង​ដែរ»។

ក្រុម​អេកូយុវទូត​ នាពេលធ្វើបទ​បង្ហាញ​ដើម្បី​​ផ្សព្វ​ផ្សាយ​ពី​សត្វ​ និង​បរិស្ថាន ទៅ​ដល់​កុមារ​តូចៗ​​​។ រូបថត សហ​ការី

ប្រភព​ដដែល​នេះ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា៖ «រឿងរ៉ាវ​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង នៅ​ពេល​ដែល​សត្វ​រនាល​ពណ៌ ដែល​គេ​ស្គាល់​ថា ជា​ប្រភេទ​បក្សី​ទឹក​សាប​ដ៏​កម្រ​មួយ​មាន​ចំនួន ១២៣ ក្បាល ត្រូវ​បាន​គេ​ប្រមាញ់ និង​សម្លាប់​កាល​ពី​ថ្ងៃទី ២៦ ខែ មីនា​ឆ្នាំ ២០២០។

ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​នេះ បាន​ជំរុញ​ចិត្ត​លោកស្រី ​ជា​សិលា ដែល​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ចាប់​ផ្តើម​សរសេរ​រៀបរាប់​អំពី​អារម្មណ៍​សោកសៅ ដែល​សត្វ​រនាល​ពណ៌​ទាំង​នោះបាន​បាត់បង់​ជីវិត ព្រាត់ប្រាស​គ្រួសារ​ជាទី​ស្រឡាញ់ បាត់បង់​ទ្រនំ ធម្មជាតិ​ដែល​ធ្លាប់​ជា​ផ្ទះ ហើយ​ជាពិសេស​នោះ គឺ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ក្តី​ស្រឡាញ់​ដែល​ធម្មជាតិ​បានផ្តល់​ឱ្យ​ទៅ​កាន់​អ្នក​ស្តាប់​តាមរយៈ​បទ​ចម្រៀង ១ បទ ដែល​មាន​ចំណងជើង​ថា «ទំនួញ​នាង​រនាល​ពណ៌»។

បើ​តាម​ជំនឿ ប្រជាជន​ខ្មែរ​តំណាល​ថា សត្វ​រនាល​ពណ៌​នេះ​ជា​ប្រភេទ​សត្វ​ដែល​មាន​ស្នេហា​ស្មោះស្ម័គ្រ​មួយ​នឹង​មួយ ដោយ​មិន​មាន​ការ​ផ្លាស់ប្តូរ​ដៃគូ​ឡើយ​ក្នុង​មួយជីវិត​របស់​វា ក៏​ប៉ុន្តែ ប្រសិន​បើ​ដៃគូ​របស់​វា​បាត់​ ​ឬ​ស្លាប់ ម្ខាង​ដែល​នៅរស់​នឹង​ធ្វើ​ការ​ហើរ​តាម​រក​រហូត​ដល់​ស្លាប់​ខ្លួន​សូន្យ​តាម​ដៃគូ​វា​ដែរ។

ការ​បើក​សម្ពោធ​បទ​ចម្រៀង «ទំនួញ​រនាល​ពណ៌» នេះ​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ​ទី ៥ ខែ មីនា ឆ្នាំ ២០២១ វេលា​ម៉ោង ៤ និង ៣០ នាទី រហូត​ដល់​ម៉ោង ៨ យប់ នៅ​ទីតាំង SDG Hall ផ្លូវ​ទំនប់​ថ្មី (៣៧១) រាជធានី​ភ្នំពេញ ខណៈ​កម្មវិធី​បើក​ឱ្យ​ចូលរួម​សម្រាប់​អ្នក​ដែល​ទទួល​បាន​សំបុត្រ​អញ្ជើញ​តែ​ប៉ុណ្ណោះ និង​អាច​ទៅ​ចូលរួម​តាមរយៈ​ផែនទី http://bit.ly/3rVlNdu៕