ភ្នំពេញ៖ ក្រុមរបាំសហសម័យដែលមានអ្នកសម្តែង ៤ រូប អ្នកភ្លេង ២ រូប និងអ្នកបច្ចេកទេស ១ រូប របស់ក្រុមរបាំឈ្មោះថា «SilverBell» ដឹកនាំសម្តែងដោយនាដកាកញ្ញា ជុំវណ្ណ សូដាជីរី ហៅកញ្ញា Belle នឹងនាំមកនូវផ្ទាំងទស្សនីយភាពរបាំមួយ ដែលមានចំណងថា «ស្បែកក្លែងក្លាយ»។
បើតាមសេចក្តីជូនព័ត៌មានត្រួសៗជាសារបង្ហោះតាមគេហទំព័រវិទ្យាស្ថានបារាំងបានឱ្យដឹងថា៖ «ស្បែកក្លែងក្លាយជាគំនិតច្នៃប្រឌិតថ្មីមួយ ក្នុងរបបជីវិតរបស់មនុស្ស ដែលទាក់ទងនឹងការបែងចែក លក្ខខណ្ឌនៃការរស់នៅឱ្យបានស្របតាមសង្គម។ តួនាទីអ្វី មានឋានៈបែបណា រូបរាងអ្នកយ៉ាងម៉េច មាន ឬក្រ សខ្មៅ អ្នកមានជីវិតមួយដូចគ្នា រស់ក្រោមព្រះអាទិត្យតែមួយ។ ជីវិតម្នាក់ៗមានគុណតម្លៃស្មើៗគ្នា ជីវិតមានសេចក្ដីមេត្តា សន្តោសប្រោសប្រណី ជួយគ្នាទៅវិញទៅមកមិនជិះជាន់មើលងាយអ្នកដទៃតើល្អទេ? នេះជាការសម្តែងថ្មីមួយរបស់ក្រុមរបាំ SilverBell»។
លោក ឆន ប៊ុនឈឿន ជាបុគ្គលិកផ្នែកទំនាក់ទំនងព័ត៌មានវិទ្យាសា្ថនបារាំង បញ្ជាក់ពីចំណងរបាំនេះថា៖ «បើតាមប្រធានក្រុមរបាំ SilverBell បានឱ្យដឹងថា ស្បែកក្លែងក្លាយនេះ គាត់ចង់ប្រៀបធៀបទៅនឹងការរស់នៅរបស់មនុស្ស គឺត្រូវចេះបទបត់បែនតាមសង្គម ប្រសិនបើមិនដូច្នោះទេអាចនឹងជួបផលលំបាក។ ការប្រើមុខក្លែងក្លាយនេះ គឺរំឭកឱ្យមនុស្សយើងចេះយល់ពីកាលៈទេសៈ ទើបរស់នៅបានសុខសប្បាយក្នុងសង្គម»។
លោក ឆន ប៊ុនឈឿន ក៏បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនពីការរៀបចំព្រឹត្តិការណ៍សិល្បៈនានាដើមឆ្នាំ ២០២១ ក្រោយពីមានការខកខានមួយរយៈនៅឆ្នាំ ២០២០ នោះដែរថា៖ «ខ្ញុំគិតថា ការបង្កើតកម្មវិធីសិល្បៈនានា ពិតជាមានសារៈសំខាន់សម្រាប់មនុស្ស ព្រោះថា ក្រៅពីការកម្សាន្តអារម្មណ៍ក៏ជាកិច្ចប្រាស្រ័យទាក់ទងរបស់មនុស្សផងដែរ។ តែទោះជាយ៉ាងណា ក្នុងកាលៈទេសៈនេះ យើងក៏មិនភ្លេចឡើយក្នុងការប្រុងប្រយ័ត្នការពារខ្លួនមិនឱ្យឆ្លងជំងឺកូវីដ ១៩ គឺត្រូវរក្សាគម្លាតពីគ្នាឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល»។
កាលពីចុងឆ្នាំ ២០២០ គឺថ្ងៃទី ២៧ ខែធ្នូ កន្លងមកនេះបានសម្តែងរបាំសហសម័យមួយក្រោមប្រធានបទថា «កំណប់បំបាំងភ្នែក» ដែលបកស្រាយពីអត្ថន័យ ដោយនាដកា កញ្ញា ជុំវណ្ណ សូដាជីរី ហៅកញ្ញា Belle ដែលរៀបចំដោយកម្មវិធី TEDxRUPP 2020។ បើតាមសេចក្តីប្រកាសព័ត៌មានពី គេហទំព័រឈ្មោះ TEDx RUPP បានបង្ហោះសារឱ្យដឹងថា៖ «ឆ្លងកាត់បទពិសោធជាអ្នករបាំដ៏ល្បី និងជោគជ័យម្នាក់កញ្ញា Belle នឹងឡើងមកពន្យល់ទស្សនិកជនអ្នកស្តាប់ឱ្យស្គាល់ និងយល់កាន់តែច្បាស់ពីគុណប្រយោជន៍របស់របាំ និងរបាំសហសម័យ។
ចំពោះប្រវត្តិនាដកខ្មែររូបនេះគាត់ចាប់ផ្តើមហ្វឹកហាត់ រាំរបាំព្រះរាជទ្រព្យតាំងពីអាយុ ៩ ឆ្នាំមក ដែលគាត់មានអាយុ ១៦ ឆ្នាំ គាត់បានស្វែងយល់ និងស្គាល់ពីទម្រង់នៃរបាំសហសម័យ ជាមួយនឹងភាពងាយស្រួលក្នុងការកែច្នៃរបាំច្រើន។
ដោយសារការស្រឡាញ់ និងចង់អភិវឌ្ឍភាពច្នៃប្រឌិតផ្នែករបាំសហសម័យនោះ កញ្ញា Belle ត្រូវបានទទួលឱ្យចូលសិក្សាកម្មវិធីឈ្មោះ Robert Wilson''s Watermill Center 2006 International Summer Arts Program ដែលបានដឹកនាំដោយអង្គការ Amrita Performing Arts របស់កម្ពុជា។ ចាប់តាំងពីពេលនោះមក កញ្ញា Belle ក្លាយជាអ្នកបង្កើតក្បាច់រាំម្នាក់ និងបានចូលរួមសិក្ខាសាលារបាំសហសម័យ ច្រើននៅទូទាំងពិភពលោក។ នៅក្នុងដំណើរជាអ្នករបាំរបស់គាត់ កញ្ញា Belle បានបង្កើត និងអភិវឌ្ឍក្បាច់រាំជាច្រើនដែលលើសពីនេះ កញ្ញា Belle ក៏បានបង្កើតក្រុមរបាំផ្ទាល់ខ្លួនមួយមានឈ្មោះថា «SilverBell» នៅឆ្នាំ ២០០៣ ដែលជាស្នាដៃផ្ទាល់ខ្លួនរបស់គាត់ដែរ។ បច្ចុប្បន្នគាត់ក៏ជាសាស្ត្រាចារ្យផ្នែករបាំប្រពៃណីខ្មែរ និងរបាំសហសម័យនៃមហាវិទ្យាល័យនាដសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
គួរបញ្ជាក់ថា ការសម្តែងរបាំសហសម័យឈ្មោះថា «ស្បែកក្លែងក្លាយ» នេះក៏ត្រូវជាវសំបុត្រចូលទស្សនាផងដែរគឺសំបុត្រ ១ តម្លៃ ១0 $ ខណៈសំបុត្រក៏ចាប់លក់ពីថ្ងៃពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១ តទៅ ដើម្បីបានប្រាក់ទាំងនោះយកទៅជួយទ្រទ្រង់ដល់ក្រុមរបាំ SilverBell៕