ភ្នំពេញ៖ កាល​​ពី​នៅ​ជា​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​​ហង្សមាស មហាជន​​អ្នក​គាំទ្រ​បាន​​សម្គាល់ និង​ដាក់​រហស្សនាម​ កញ្ញា ទេព​ ​បូព្រឹក្ស ​ថា​ជា​តារា​ស្រី​សិចស៊ី សម្បូរ​ក្បាច់​រាំ និង​ស្ទីល​លេង​ខ្លួន​ប្លែកៗ​ ខណៈ​ក្លាយ​ជា​តារា​ចម្រៀង​ឯករាជ្យ​ក៏​នៅ​តែ​រក្សា​ស្ទីល​ប្លែកៗ​នេះ​​​ដដែល​នៅ​ឆ្នាំ​ថ្មី ២០២១​។​

ជាក់​ស្តែង​តារា​ចម្រៀង​​ស្រី​​មាន​​វ័យ​ ២៤ ឆ្នាំ កញ្ញា ទេព បូព្រឹក្ស និង​​គូ​ស្នេហ៍​ក៏​ជា​​អតីត​តារា​ចម្រៀង​រ៉េប​​ប្រុស​​ផលិតកម្ម​ហង្សមាស​ដែរ​ គឺ​​លោក​ ងួន ចាន់​ដេវីត ហៅ ជី ដេវីត ​កំពុង​ជិះ​ទូក​ជាមួយ​គ្នា​​លើ​នាវា​សិល្បៈ​នៃ​អាជីព​​តារា​ចម្រៀង​​​ឯករាជ្យ​​​ដូច​គ្នា​កំពុង​​តែ​មាន​ភាព​ល្បីល្បាញ​ក្នុង​នាម​ជា​តារា​​ទូត​សុច្ឆន្ទៈ​ប្រចាំក្រុមហ៊ុន​ទូរស័ព្ទ​ដៃម៉ាក​​ Realme​ និង​ជា​តារា​ចម្រៀង​អូរីជីណល​​នៅ​ក្រុមហ៊ុន​ទូរស័ព្ទ​​ចល័ត​ Smart។​​

តារា​ចម្រៀងសិចស៊ី និង​សម្បូរ​ស្ទីល​តុប​តែង​ការ​ប្លែកៗ​​​ កញ្ញា ទេព បូព្រឹក្ស។ ហេង ជីវ័ន

នា​ដើម​ឆ្នាំ​ថ្មី​ឆ្នាំ ​២០២១ ​​នេះ ស្រាប់​តែ​តារា​​ចម្រៀង​ស្រី​សិចស៊ី ​ដែល​មាន​​ភាព​ប្រែប្រួល​ខ្លាំង​នៃ​រាងកាយ​កញ្ញា ទេព បូព្រឹក្ស ក៏​​បង្ហើរសារ​អម​បណ្តុំ​រូបភាព​នៃ​ឈុត​សម្លៀក​បំពាក់​ប្លែក​ជា​​​ពស់​នាគ​រាជ​ក្បាល​​ ៥ សក់​សំពោង និង​មាន​ការ​តុប​តែង​ខ្លួន​ដោយ​​​​​បន្លែ​ ជីរ និង​ម្ទេស​ទុំ​ក្រហម​ឆ្អៅ​នោះ​​ថា៖ «​មិន​ថា ​ឆ្នាំ​ចាស់ ឬ​ឆ្នាំ​ថ្មី​ឡើយ សំខាន់​ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ។ ​ខ្ញុំ​តែង​ធ្វើ​អ្វី​ដែល​ខ្ញុំ​​ចូល​​ចិត្ត ​ខ្ញុំ​មិន​ដែល​បោះបង់​ក្តី​ស្រមៃ​របស់​ខ្ញុំ​ឡើយ ​ខ្ញុំ​តែងតែ​ខំប្រឹង​​ទោះ​វា​លំបាក​ ឬ​យ៉ាង​ណា​ក្ដី​ តែ​ក៏​នាង​ខ្ញុំ​មិន​ចំណាយ​ពេល​​ដ៏​មាន​តម្លៃ​​​​របស់​ខ្ញុំ​ទៅ​អាន​ខ្សែ​ជីវិត​​​របស់​អ្នក​ដទៃ ចូលចិត្ត​ក៏​និយាយ​ជាមួយ​ មិន​ចូលចិត្ត​ក៏​ដើរ​ចេញ​ ឆ្នាំ​នេះ​ក៏​នឹង​មាន ​album សម្រាប់ ​fan។ Look at that snake!»។​

កាល​ចាកចេញ​ពី​ផលិតកម្ម​ហង្សមាស​ថ្មីៗ​ ទេព បូព្រឹក្ស និង ជី ដេវីត ហាក់​ចង់​បង្ហាញ​​ចេតនា​​​ដែរ​ថា ខ្លួន​នៅ​តែ​មាន​ទេពកោសល្យ និង​សមត្ថភាព​ក្នុង​ការ​តែង​និពន្ធ​នូវ​បទចម្រៀង​​ថ្មីៗ ​ជា​ហូរហែ​ជា​ពិសេស​​គេ​កំពុង​តែ​ត្រៀម​បទ​ចម្រៀង​​ថ្មី​នោះ​ ​ងួន ចាន់​ដេវីត ​​ក៏​ធ្លាប់​បាន​​បង្ហើរ​​សារ​មួយ​ឃ្លា​ថា៖ «​​ទម្រាំ​តែ​បាន​អង្គុយ​​បែប​នេះ តើ​បងប្អូន​​​ដឹង​ថា យើង​ត្រូវ​​ឆ្លង​កាត់​អ្វី​ខ្លះ​ទេ?»៕​