ក្រុងប៉ារីស៖ សំឡេងមាន់រងាវ និងសម្រែកង៉ោកង៉ាកសត្វដទៃទៀត «កេរដំណែលវិញ្ញាណ» នៃទីជនបទប្រទេសបារាំង ពេលនេះនឹងត្រូវបានការពារដោយច្បាប់ពីការប៉ុនបងរារ៉ាំងរំខានជិវភាពប្រចាំថ្ងៃរបស់អ្នកជនបទពីសំណាក់អ្នកចំណូលថ្មីដែលប្រាថ្នាការរស់នៅប្រកបដោយភាពស្ងប់ស្ងាត់។
ក្រុមព្រឹទ្ធសភាបារាំង បានអនុម័តចុងក្រោយច្បាប់ថ្មីមួយដែលស្នើឡើងបំណងដោះស្រាយជម្លោះដោយអ្នកភូមិ និងអ្នកស្វែងរកទីកន្លែងស្ងប់សុខសម្រាប់វិស្សមកាល ឬអ្នកចំណូលស្រុកថ្មីដែលហៅថា «អ្នកជនបទថ្មី»។
មាន់គកមួយក្បាលឈ្មោះ Maurice បានឡើងទំព័រមុខលើក្របសារព័ត៌មានក្នុងឆ្នាំ ២០១៩ ក្រោយពីតុលាការភាគខាងលិចប្រទេសបារាំងបានច្រានចោលបណ្ដឹងពីសំឡេងរំខានពីអ្នកជិតខាង ដែលបានទិញផ្ទះវិស្សមកាលក្បែរនោះ។
Joel Giraud ជារដ្ឋមន្ដ្រីទទួលបន្ទុកជីវិតជនបទបានប្រាប់ក្រុមមេធាវីថា៖ «ការស់នៅក្នុងទីជនបទច្បាស់ជាមានសំឡេងរំខានបែបធម្មជាតិនេះហើយ»។
កណ្ដឹងគោ (និងគោជុះអាចម៌) សម្រែកកណ្ដូប និងត្រាក់ទ័រ រំពងនាពេលព្រឹកព្រលឹម ក៏ត្រូវបានចាត់ទុកជាផ្នែកមួយនៃកេរដំណែលធម្មជាតិ ដែលនឹងត្រូវបានការពារដោយច្បាប់។
លោក Pierre-Antoine Levi ជាព្រឹទ្ធសភាដែលដើរតួជាអ្នកចម្លងច្បាប់នេះបាននិយាយថា៖ «វាបានបញ្ជូលសារយ៉ាងសំខាន់។ វាអាចជាឧបករណ៍ដ៏មានសារៈប្រយោជន៍សម្រាប់មន្ដ្រីមូលដ្ឋាន ដែលពួកគេផ្ដល់ការអប់រំនិងបំពេញភារកិច្ចសម្រុះសម្រួល»។
ច្បាប់នេះនៅតែបង្កភាពតានតឹងនៅទីជនបទរវាងពលរដ្ឋរស់នៅយូរអង្វែង និងអ្នកចំណូលថ្មី ដែលក្ដីរំពឹងនៃភាពស្ងប់ស្ងាត់របស់ពួកគេរមែងត្រូវបានរំខានជារៀងរាល់ថ្ងៃ។
អ្នកស្រី Corinne Fesseau និងមាន់គក Maurice បានក្លាយជានិមិត្ដរូបនៃការតវ៉ាពេលអ្នកស្រីត្រូវបានបញ្ជូនទៅកាន់តុលាការដោយអ្នកជិតខាងចូលនិវត្ដន៍ពីទំនាស់សម្រែកសត្វនាពេលព្រឹកព្រលឹម។
ក្រុមអ្នករិះគន់ចាត់ទុកការប្ដឹងផ្ដល់នេះជាផ្នែកមួយនៃការគំរាមកំហែងចំពោះកេរដំណែលអ្នកជនបទពីសំណាក់អ្នកចំណូលថ្មី និងអ្នកទីក្រុងដែលមិនចេះយល់យោគចំពោះការរស់នៅរបស់អ្នកជនបទ។
មនុស្សរាប់ពាន់នាក់បានចុះហត្ថលេខាលើញ្ញត្ដិ «សង្គ្រោះមាន់គក Maurice» ហើយចៅក្រមក៏បានការពារសំឡេងមាន់រងាវជាការរំខានបែបធម្មជាតិរបស់សត្វប៉ុណ្ណោះ។
ករណីមួយផ្សេងទៀតពីឆ្នាំ ២០១៩ ស្ដ្រីម្នាក់រស់នៅក្នុងតំបន់បង្កាត់ពូជទា Landes ត្រូវបាននាំខ្លួនទៅតុលាការដោយអ្នកជិតខាងថ្មីដែលថ្លង់នឹងសំឡេងសម្រែកសត្វទានិងក្ងានទាំងហ្វូង។
តុលាការនៅភាគនិរតីប្រទេសបារាំងក៏បានច្រានចោលករណីនេះផងដែរ៕ AFP/HR