ភ្នំពេញ៖ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា​ ចៅស្រី​អធិរាជ​សំឡេង​មាស​ ស៊ីន​ ស៊ីសាមុត​ បាន​សម្រេច​ចិត្ត​​ដើរ​លើ​​វិថី​សិល្បៈ ​និង​ចេញ​​បទ​ចម្រៀង​របស់​ខ្លួន​ជា​លើក​​ដំបូង​កាល​ពី​ថ្ងៃ​ទី ​១៤​ ខែ​មករា ​បន្ទាប់​ពី​ធ្វើ​ការ​សម្រេច​ចិត្ត​​យ៉ាង​ច្បាស់លាស់​អស់​ជា​ច្រើន​ឆ្នាំ​។

តាម​ពិត​ទៅ នា​​ឆ្នាំ ​២០១៨​ ​កញ្ញា​វ័យ ​២៧ ​ឆ្នាំ ​ធ្លាប់​មាន​ឱកាស​បញ្ចេញ​​ទេពកោសល្យ​សំឡេង​​​ក្នុង​ចម្រៀង​​អម​រឿង​ភាគ​ខ្លី​​​ចំណង​​ជើង​ថា​ «Music Magic Love»។ ក្នុង​រឿង​នោះ​ដែរ ​កញ្ញា​​ក៏​បាន​ជួយ​កែ​សម្រួល​ទំនុក​ច្រៀង​​ចំនួន ​៣ បទ​ ដែល​ត្រូវ​បាន​​​និពន្ធ​រួច​ម្ដង​មក​ហើយ​។

នៅ​ក្នុង​ឆ្នាំ ​២០១៩​ កញ្ញា​ក៏​ត្រូវ​​បាន​អញ្ជើញ​ជា​កិត្តិយស​បកស្រាយ​​​ឡើង​វិញ​នូវ​​បទ​ «ចម្ប៉ា​បាត់ដំបង»​ ក្នុង​ខ្សែ​ភាពយន្ត​រឿង ​«តន្ត្រី​ជីវិត»​ ជា​ភាពយន្ត​​ត្រូវ​ជ្រើសរើស​ចូលរួម​ប្រកួត​ពាន​​រង្វាន់​អូស្ការ​លើក​ទី​៩២ ផ្នែក​ភាពយន្ត​ភាសា​​បរទេស ​រួម​ទាំង​​មាន​វណ្ណកម្ម​ជា​ច្រើន​​ទៀត ​ដែល​កញ្ញា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​​ច្រៀង​។

ទោះ​ជា​មាន​បទពិសោធ​លើ​វិថី​តន្ត្រី​គួរ​សម​ដែរ តែ​កញ្ញា​​មិន​ធ្លាប់​ហៅ​​​ខ្លួន​ឯង​​ថា​ជា​សិល្បករ​ទេ​ ទាំង​មិន​​មាន​បំណង​ចាប់​យក​​ចម្រៀង​​​​អាជីពដែរ​។

វា​អាច​ថា​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​​មួយ​ ដោយ​​តាំង​ពី​ជីតា​​​ត​រហូត​មក​​ដល់​ឪពុក​ម្តាយ ​និង​បង​ប្រុស​ ពួក​គាត់​សុទ្ធ​តែ​ជា​សិល្បករ ​តែ​កញ្ញា​បែរ​​ជា​រួញរា​ក្នុង​ការ​បន្ត​នូវ​សាវតា​​​​នេះ​។

ហេតុផល​ចម្បង​ត្រូវ​បាន​​កញ្ញា​ប្រាប់​ថា ដោយសារ​​ឃើញ​​សម័យ​ឪពុក​អ្នក​សិល្បៈ​ គេ​មិន​សូវ​ឱ្យ​តម្លៃ​​ ហើយ​វិថី​នេះ​ក៏​មិនមែន​ងាយ​ស្រួល​នោះ​ដែរ​។

ក្នុង​ការ​ប្រកាស​ខ្លួន​ឯង​ជា​សិល្បករ​ថ្ងៃ​ដំបូង ​កញ្ញា​បាន​រៀបរាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ប្រាប់​មក​កាន់​ ភ្នំពេញ ប៉ុស្តិ៍​ ថា៖​​ «បន្ទាប់​ពី​ការ​ស្លាប់​របស់​ឪពុក និង​បងប្រុស​ខ្ញុំ​យល់​ថា ខ្ញុំ​គួរ​តែ​បន្ត​កេរ​ដំណែល​គ្រួសារ​ខ្ញុំ»។

កញ្ញា​​រៀបរាប់​ទៀត​​ថា៖ «និយាយ​​តាម​ត្រង់​ការ​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​សិល្បៈ​នេះ​ខ្ញុំ​ក៏​ភ័យ​ដែរ​ ខ្ញុំ​មិន​ដឹង​ថា​គម្រោង​ ដែល​ខ្ញុំ​ធ្វើ​នឹង​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ដោយ​របៀប​ណា​ទេ​ ព្រោះ​នេះ​ជា​ជំហាន​ដំបូង​របស់​ខ្ញុំ​»។

ដំណើរ​លើ​វិថី​សិល្បៈ​នេះ​ សុជ្ឈតា​ បាន​ប្រាប់​ថា ​កញ្ញា​មិន​ចង់​ឱ្យ​ទស្សនិកជន​ស្គាល់​កញ្ញា​ក្រោម​ស្រមោល​របស់​លោក​តា​ទេ​។

កញ្ញា​ចង់​ឱ្យ​បងប្អូន​អ្នក​គាំទ្រ​​យល់​ឱ្យ​ច្បាស់​ថា​ ​កញ្ញា​មិនមែន​ចង់​គេច​ពី​គ្រួសារ​នេះ​ទេ​។ ​​​កញ្ញា​គ្រាន់​តែ​មិន​ចង់​ឱ្យ​មាន​ការ​ប្រៀបធៀប​ប៉ុណ្ណោះ​​។

កញ្ញា​បញ្ជាក់​ថា៖ «កន្លង​មក​​ខ្ញុំ​តែង​ឮ​គេ​សួរ​ហេតុអ្វី​សំឡេង​កូន​មិន​ដូច​ឪពុក​ ចៅ​មិន​ដូច​ជីតា​។ នាង​ខ្ញុំ​ចង់​ចាកចេញ​ពី​កន្លែង​ហ្នឹង​ នាងខ្ញុំ​ចង់​ឱ្យ​ទស្សនិកជន​ស្គាល់​នាង​​ខ្ញុំ​ជា​នាង​ខ្ញុំ​។ ​គោលដៅ​របស់​ខ្ញុំ ​គឺ​ខ្ញុំ​​ទុក​ភាព​ជា​ខ្លួន​ឯង​​សម្រាប់​ខ្លួន​ឯង​ ធ្វើ​អ្វី​ជា​ខ្លួន​ឯង​ ធ្វើ​សិល្បៈ​ដែល​ជា​ខ្លួន​ឯង»​។

ធំ​ដឹង​ក្ដី​ក្នុង​បរិយាកាស​តន្ត្រី​​ដែល​នាង​​តែងតែ​ទៅ​តាម​ឪពុក​លោក ​ស៊ីន​ ច័ន្ទឆាយា ​ពេល​ទៅ​ច្រៀង​តាម​ភោជនីយដ្ឋាន ​និង​រង្គសាល​នានា​ កាល​ពី​នៅ​ក្មេង។ ពេល​នេះ​កញ្ញា​​អាច​និពន្ធ​បទ​​ចម្រៀង​សម្រាប់​វត្តមាន​ជា​សិល្បករ​ថ្ងៃ​ដំបូង​ បាន​យ៉ាង​ល្អ​ក្នុង​ផលិតកម្ម​ក្លាបយ៉ាហែន (KlapYaHandz)​។

កញ្ញា សុជ្ឈតា អាយុ ២៧ ឆ្នាំ ទើបតែ​សម្ពោធ​ចម្រៀង​៣បទ​​របស់នាង​។ ហុង មិនា

កញ្ញា សុជ្ឈតា ​បាន​ចេញ​ចម្រៀង ​៣ ​​បទ​ ដែល​បទ​​ទី១ មាន​ចំណង​ជើង​ថា​ «ទទួលស្គាល់​ការពិត​» ជា​បទ​បែប​​ភ្លេង​មនោសញ្ចេតនា​ និង​បទ​ទី​២ ​​កញ្ញា​ថា មិន​ទាន់​ចង់​បង្ហាញ​ចំណង​ជើង​​នៅ​ឡើយ​ទេ​។

កញ្ញា​បាន​បង្ហើប​ឱ្យ​ដឹង​ថា៖​ «ក្នុង​ចំណោម ​៣ បទ​ មាន ​១ ​ជា​​ភាសា​អង់គ្លេស​ និង​ចង្វាក់​វា​មួយៗ​ផ្សេង​គ្នា​ តែ​បទ​ទាំង ​៣ សុទ្ធ​សឹង​តែ​និយាយ​ពី​បទពិសោធ​​ជីវិត​ខ្ញុំ​ផ្ទាល់​»។

កាល​ពី​នៅ​ក្មេង​កញ្ញា​ចូលចិត្ត​ស្ដាប់​បទ​ភាសា​អង់គ្លេស​ជា​ច្រើន​ ជាហេតុ​នាំ​ឱ្យ​​ខ្លួន​ចង់​​សាកល្បង​សមត្ថភាព និង​ជ្រើសរើស​ការ​​​និពន្ធ​ជា​ភាសា​អង់គ្លេស​។

កញ្ញា​បាន​ឱ្យ​ដឹង​ដែរ​ថា៖ ​«សម្រាប់​ខ្ញុំ​ភាសា​ជាតិ​នៅ​តែ​សំខាន់​ ព្រោះ​ខ្ញុំ​ចង់​ចែក​រំលែក​​សារ​ដែល​ខ្ញុំ​មាន​ទៅ​ដល់​ប្រជាជន​ខ្មែរ​ ប៉ុន្តែ​ដោយ​ឡែក​ចម្រៀង​ជា​ភាសា​បរទេស​ ខ្ញុំ​គិត​ថា​វា​ជា​ជំហាន​បន្ទាប់​ទៀត​ ដែល​ខ្ញុំ​ក៏​ដូចជា​សិល្បករ​ សិល្ប-ការិនី​យើង​ផ្សេង​ទៀត​បាន​ឈាន​ទៅ​កាន់​ទីផ្សារ​បរទេស​មិន​មែន​តែ​ក្នុង​ស្រុក​ទេ​»។

កញ្ញា​​មិន​ចង់​ចេញ​ចម្រៀង​ច្រើន​ពេក​ទេ​ សម្រាប់​ដើម​ឆ្នាំ ​២០២១ ប៉ុន្តែ​​កញ្ញា​ សុជ្ឈតា នៅ​តែ​បន្ត​តែង​និពន្ធ​ជា​បណ្ដើរៗ​ថែម​ទៀត​។

កញ្ញា​​ធ្វើ​ទៅ​តាម​សមត្ថភាព​ដោយសារ​​ការ​សរសេរ​ការ​តាក់តែង​ គឺ​ត្រូវ​ការ​ប្រើ​អារម្មណ៍ និង​ដាក់​មនោសញ្ចេតនា ដែល​​មិន​អាច​បង្ខំ​បាន​។​

មួយ​វិញ​ទៀត​កញ្ញា​ក៏​ចង់​អរគុណ​ដល់​ ក្លាបយ៉ាហែន ​អ្នក​គ្រប់គ្រង​ សុខ វិសាល​ ដែល​តែងតែ​ឱ្យ​សិល្បករ​គ្រប់​រូប​ធ្វើ​អ្វី​ដែល​ខ្លួន​​ស្រឡាញ់​ និង​គ្មាន​ការ​ដាក់​សម្ពាធ​អ្វី​ទាំង​អស់​។

កញ្ញា ​សុជ្ឈតា និយាយ​ថា៖ «ខ្ញុំ​អរគុណ​ដែល​ ក្លាបយ៉ាហែន ​បាន​បើក​សិទ្ធិ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដល់​សិល្បករ​-សិល្បការនី​គ្រប់​រូប​ឱ្យ​ធ្វើ​អ្វី​ដែល​ពួក​យើង​ស្រឡាញ់​កន្លែង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គ្មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ ហើយ​សូម​បញ្ជាក់​ថា មិនមែន​​ខ្ញុំ​ធ្វើ​ការ​ឱ្យ​គាត់​ទេ​ យើង​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​សិល្បៈ​​ដើរ​ទៅ​មុខ​ទាំង​អស់​គ្នា​»។

បទ​ «ទទួល​ស្គាល់​ការ​ពិត​» នឹង​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​នៅ​ថ្ងៃទី ​៨​ ខែ​កុម្ភៈ​ខាង​មុខ​នេះ​។ ទស្សនិកជន​ដែល​រងចាំ​ទស្សនា និង​ស្ដាប់​ចម្រៀង​របស់ សុជ្ឈតា ​​​អាច​តាម​ដាន​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ក្លាបយ៉ាហែន​ @KlapYaHandzMusic sic៕