ក្រុង​បាងកក៖ កាល​ពី​ថ្ងៃ​សុក្រ ប្រទេស​ថៃ ​បាន​ប្រកាស​ផែនការ​ពិសោធន៍​មិន​បាច់​ធ្វើ​ចត្ដាឡីស័ក​សម្រាប់​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ដែន​កោះ​ភូកេត ខណៈ​ប្រទេស​នេះ​មាន​បំណង​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ដែល​ញាំញី​ដោយ​វិបត្ដិ​កូវីដ ១៩ ឡើង​វិញ។

ថៃ​បាន​ដាក់​វិធានការ​យ៉ាង​តឹងរ៊ឹងលើ​ដំណើរ​មក​ដល់​របស់​ភ្ញៀវ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល តែ​វា​ក៏​បាន​បង្អាក់​វិស័យ​ទេសចរណ៍ ជា​ចលករ​សំខាន់​ចំពោះ​វិស័យ​ទេសចរណ៍ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​លើស​វិបត្ដិ​សេដ្ឋកិច្ច​ឆ្នាំ ១៩៩៧ ទៅទៀត។

ផល​ប៉ះពាល់​បាន​ជះឥទ្ធិពល​ដល់​វិស័យ​ផ្សេងៗ​ទៀត​ទូទាំង​ប្រទេស រួមទាំង​ឧស្សាហកម្ម​កម្សាន្ដ លក់រាយ សណ្ឋាគារ និង​ភោជនីយដ្ឋាន។

មន្ដ្រី​ទេសចរណ៍​ថៃ បាន​ប្រកាស​កាល​ពី​​ថ្ងៃ​សុក្រ​ថា ភូកេត​ដែល​ល្បីល្បាញ​ជា​ឆ្នេរ​ស្អាត និង​ទឹក​សមុទ្រ​ដូច​ត្បូង​កណ្ដៀង នឹង​ត្រូវ​បាន​ប្រើ​ជា​គោលដៅ​ទេសចរណ៍​សាកល្បង។ ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​នឹង​ត្រូវ​បាន​រួច​ពី​ដំណាក់កាល​ចត្ដាឡីស័ក​នៅ​សណ្ឋាគារ។

យន្តហោះ​ឆ្ពោះ​មក​កាន់​កោះ​ភូកេត​ ប្រទេសថៃ​។ រូបថត AFP

យូថាសាក សូផាសន ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ឱ្យ​ដឹង​ថា «គំរូ​ទេសចរណ៍​ភូកេត​វិសេស» នឹង​ចាប់​ផ្ដើម​អំឡុង​ខែ​កក្កដា​តទៅ។

ទេសចរ​បរទេស​នឹង​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង ២ ដូស វិញ្ញាបនបត្រ​បញ្ជាក់​ការ​ធ្វើ​តេស្ដ​អវិជ្ជមាន និង​ដោនឡូត​កម្មវិធី​ទូរស័ព្ទ​ចំពោះ​ការ​តាមដាន។

យូថាសាក ក៏​បាន​អះអាង​ថា ទីក្រុង​ទេសចរណ៍​ចំនួន ៦ នឹង​ធ្វើ​ការ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ចត្ដាឡីស័ក​ចំពោះ​អ្នក​ដំណើរ​ចាក់​វ៉ាក់សាំង​រួច​នៅ​ខែ​ក្រោយ រួម​ទាំង​រីសត​ឆ្នេរ​ក្រាប៊ីសាមុយ និង​ផាតាយ៉ា។

ភ្ញៀវ​នឹង​ធ្វើ​ចត្ដាឡីស័ក ៧ ថ្ងៃ ហើយ​នឹង​អនុញ្ញាត​ឱ្យ​ដើរ​ហើរ​នៅ​បរិវេណ​សណ្ឋាគារ ជា​អ្វី​ដែល​មាន​ការ​ផ្លាស់ប្ដូរ​សម្រាប់​ភ្ញៀវ​បច្ចុប្បន្ន ដែល​ធ្លាប់​តែ​តម្រូវ​ឱ្យ​សម្ងំ​នៅ​ក្នុង​បន្ទប់​រយៈពេល ២ សប្ដាហ៍។

ផែនការ​នេះ​នៅ​រង់ចាំ​ការ​សម្រេច​ចុង​ក្រោយ​ពី​រដ្ឋាភិបាល។

ទេសចរ​ប្រមាណ ៤០ លាន​នាក់​រំពឹង​ថា ​នឹង​មក​លេង​ថៃ​ក្នុង​ឆ្នាំ ២០២០ តែ​ជាក់​ស្ដែង​មាន​តែ ៦,៧ លាន​នាក់​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍ និង​កីឡា។

វិធានការ​រឹត​បន្ដឹង​ខ្លាំង​របស់​ថៃ​អាច​ជួយ​ទប់ទល់​នឹង​អត្រា​ឆ្លង​ខ្ពស់ ដោយ​ប្រទេស​មួយ​នេះ​មាន​ឆ្លង​ជំងឺ​កូវីដ ១៩ ប្រមាណ ២៨ ៥០០ នាក់ លើ​ចំនួន​ប្រជាជន​សរុប ៧០ លាន​នាក់៕ AFP/HR