ភ្នំពេញ៖ នាពេលថ្មីៗនេះ ស្រាប់តែលេចព័ត៌មានថា តារាសម្តែងស្រីជើងចាស់ ដែលមហាជនប្រសិទ្ធនាមថា តារាទឹកភ្នែកអ្នកនាង ស្វែង សុជាតា បានប្រកាសលក់ផ្ទះ ១ ល្វែង ជាបន្ទាន់ ដើម្បីដោះស្រាយជីវភាពគ្រួសារ ដោយសារតែជួបវិបត្តិកូវីដ ១៩ នៅបន្តរាតត្បាតមិនទាន់ធូរស្បើយនោះ។
បើតាមសារបង្ហោះនៅក្នុងហ្វេសប៊ុកបានបង្ហើរថា៖ «នាងខ្ញុំ ត្រូវការលក់ផ្ទះជាបន្ទាន់ក្នុងតម្លៃថោកបំផុតក្នុងករណីកូវីដនេះ តម្លៃ ៦០ ០០០$ ទីតាំងបុរីលឹមឈាងហាក់ អូដឹម ផ្លូវចូលក្បែររបងរោងចក្រសាន់នី ទំនាក់ទំនងលេខទូរស័ព្ទនាងខ្ញុំផ្ទាល់ ០៨៨ ៨១១១១ ៣៦។ បញ្ជាក់ ប្លង់រឹង បង់បុរីដាច់ហើយ»។
តារាសម្តែងស្រីជើងចាស់អុ្នកនាង ស្វែង សុជាតា ដែលមានស្វាមីជាគ្រូផ្សំថ្នាំឱសថបុរាណខ្មែរ និងទើបតែបានប្រកាសបើកអាជីវកម្មផ្ទាល់ខ្លួនក្រៅសិល្បៈកាលពីឆ្នាំមុន បានបញ្ជាក់ពីមូលហេតុនាំឱ្យខ្លួនសម្រេចចិត្តប្រកាសលក់ផ្ទះ ១ ល្វែងនោះថា៖ «ដោយសារតែស្ថានភាពសេដ្ឋកិច្ចគ្រួសារ កើតឡើងនៅអំឡុងពេលមានវិបត្តិកូវីដ ១៩ នេះឯង ទើបខ្ញុំត្រូវសម្រេចលក់ផ្ទះ ១ ល្វែង ដែលជាផ្ទះ ១ ផ្សេងទៀតក្រៅពីផ្ទះនាងខ្ញុំកំពុងរស់នៅ ដើម្បីយកប្រាក់មកដោះស្រាយបញ្ហាកំពុងជាប់គាំងក្នុងការប្រកបរបរ អាជីវកម្មនាងខ្ញុំ ជាពិសេសដើម្បីដោះស្រាយបញ្ហាជាមួយនឹងធនាគារ។ ផ្ទះដែលនាងខ្ញុំលក់នោះស្ថិតនៅក្នុងបុរីលឹមឈាងហាក់ នៅតំបន់អូដឹមនៃខណ្ឌពោធិ៍សែនជ័យ ដោយមានទំហំ ក្បាល ៤ ម៉ែត្រ និងបណ្តោយ ១៦ ម៉ែត្រ និងសល់នៅក្រោយ និងមុខផ្ទះជាង ១ ម៉ែត្រទៀតផង។ ចំពោះតម្លៃខ្ញុំលក់ ៦ ម៉ឺនដុល្លារ ដែលជាតម្លៃលក់បន្ទាន់ ហើយអាចចុះតិចតួចទៀតដែរ»។
សម្រាប់ទីផ្សារសិល្បៈរបស់តារាសម្តែងស្រីសម្បូរនូវទេពកោសល្យរូបនេះ កាលពីមិនទាន់មានវិបត្តិកូវីដ ១៩ គេសង្កេតឃើញថា អុ្នកនាង ស្វែង សុជាតា ចាប់បានសុទ្ធតែទីផ្សារថតកុនលំដាប់អន្តរជាតិ ដូចជាបានថតរឿងជាមួយតារាសម្តែងប្រុសជើងចាស់ និងផលិតករចិនហុងកុងដ៏ល្បីលោក អេរីក តាំង (Eric Tsang) នៅស្រុកខ្មែរ និងធ្លាប់ថតកុនជាមួយនឹងការដឹកនាំសម្តែងតារាសម្តែងស្រី លំដាប់ហូលីវូដ អ្នកនាង អេនជេលីណា ជោលី ទៀតផង។ តែពេលបច្ចុប្បន្ននេះ ដោយសារតែស្ថានភាពជំងឺកូវីដ ១៩ មិនទាន់ស្រាកស្រាន្តនោះ ទើបរាល់ការថតកុននានា ក៏ត្រូវលុបចោលអស់។ អ្នកនាង ស្វែង សុជាតា បង្ហើបថា៖ «ពេលនេះ រាល់ការហៅថតកុនជាច្រើននោះ ត្រូវលុបចោលទាំងអស់ ព្រោះបញ្ហាកូវីដ ដូច្នេះហើយបាននាងខ្ញុំ ត្រូវសម្រេចចិត្តលក់ផ្ទះ ១ ល្វែងនោះ ដើម្បីដោះស្រាយជីវភាព»៕