ក្រុងប៉ារីស៖ ការ​រឹត​បន្ដឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ដោយ​ជោគជ័យ​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុងប្រទេស​បារាំង ក៏​ដូច​បណ្ដា​ប្រទេស​ដទៃ ទទួល​នូវ​រសជាតិ​ម្ហូប​ថ្មីៗ​ចំពោះ​ការ​ចម្អិន​អាហារ​នៅ​តាម​ផ្ទះ តែ​មុខម្ហូប​មួយ​ប្រភេទ​ដែល​កំពុង​ពេញនិយម ហើយ​ទទួល​រងគ្រោះ​ពី​កូវីដ​ផង​នោះ គឺ​ខ្យង។

ការ​ចម្អិន​ខ្យង​ជាមួយ​ប៊័រ​ខ្ទឹម​ស គឺ​ជា​មុខ​ម្ហូប​ប្រពៃណី​របស់​បារាំង ដែល​រមែង​បង្កើត​បាន​ជា​ចំណូល​ចិត្ដ និង​ការ​ខ្ពើម​រអើម​សម្រាប់​ភ្ញៀវ​ទេសចរ ជាពិសេស​ពលរដ្ឋ​អង់គ្លេស ដែល​តែងតែ​ញញើត​នឹង​បរិភោគ​សត្វ​ល្អិត​មាន​សម្បក និង​សម្បូរ​រំអិល​នេះ។

ប៉ុន្ដែ​ដោយសារ​ភោជនីយដ្ឋាន​នានា​នៅ​តែ​បន្ដ​បិទទ្វារ​រយៈពេល​ជាច្រើន​សប្ដាហ៍ ខណៈ​បារាំង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ខ្យង ក៏​បារម្ភ​ចំពោះ​អនាគត​របស់​ខ្លួន​ផង​ដែរ។

កសិករ​ម្នាក់​ឈ្មោះ ហេវ មេនេឡត បាន​ប្រាប់ AFP ថា៖ «ក្នុង​ឆ្នាំ ២០២០ ការ​លក់​បាន​ធ្លាក់​ចុះ ៣៣ ភាគរយ ដែល​លើស​ពី​ការ​រំពឹង​ទុក»។ លោក​មិន​បាន​ទទួល​ប្រាក់​ចំណូល​ចាប់​ពី​ខែ​មិថុនា ដល់​ខែ​តុលា ឆ្នាំ ២០២០ និង​រស់​ដោយសារ​លុយ​សន្សំ​ប៉ុណ្ណោះ។

លោក​បន្ដ​ថា៖ «ឆ្នាំ​នេះ ក៏​មិន​ខុសគ្នា​ដែរ។ ខ្ញុំ​គ្មាន​អ្នក​បញ្ជា​ទិញ គ្មាន​ទីផ្សារ និង​គ្មាន​ហាង​កុម្ម៉ង់​នោះទេ»។ លោក​បារម្ភ​ថា លោក​ប្រហែល​ជា​ត្រូវ​បិទ​អាជីវកម្ម​ហើយ។

កសិករ​ម្នាក់​ទៀត អូលីវីយ័រ ដាដ បាន​ប្រាប់ AFP ថា អាជីវកម្ម​បាន​ជួប​បញ្ហា​ខ្លាំង​ក្នុង​ឆ្នាំ ២០២០។ លោក ដាដ ត្រូវ​បាន​បង្ខំ​ចិត្ដ​រក​ការងារ​ធ្វើ​ជា​មួយ​ក្រុម​ប្រឹក្សា​មូលដ្ឋាន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

កសិករ​ចិញ្ចឹម​ខ្យង បាន​ទទួល​ជំនួយ​តិចតួច​ពីរ​ដ្ឋ ខណៈ​ឧស្សាហកម្ម​ខ្យង​បារាំង​បាន​ទ្រទ្រង់​ដល់​ប្រជាកសិករ​រាប់រយ​នាក់ ដែល​កំពុង​តស៊ូ​ជាមួយ​ផលិតផល​នាំចូល​ពី​អឺរ៉ុប​ខាង​កើត​មាន​តម្លៃ​ថោក៕ AFP/HR