ភ្នំពេញ៖ ភាពយន្ដ​ខ្នាត​ខ្លី​រឿង «ទូទឹកកក​វេទមន្ដ» ឬ (Refrigerate After Opening) រយៈពេល ៦ នាទី ដែល​ដឹកនាំ និង​និពន្ធ​ដោយ​ផលិតករ​កូន​កាត់​ខ្មែរ-អាមេរិកកាំង បាន​ឈ្នះ​ពានរង្វាន់​ជម្រើស​មហាជន​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​ខាង​ត្បូង (USC) ជា​សាលាបង្រៀន​ភាពយន្ដ​កំពូល​មួយ​ក្នុង​លោក។

ភាពយន្ដ​ខ្នាត​ខ្លី​រៀបរាប់​អំពី​បុរស​ម្នាក់ ដែល​ជួប​បទពិសោធ​លំបាក​ក្នុង​ជីវិត និង​បាន​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​តាមរយៈ​ទូទឹកកក ១ គ្រឿង។

ពី​អ្វី​ដែល​បុគ្គល​ម្នាក់ៗ​រមែង​ជួប​ប្រទះ​ក្នុង​ឆាក​ជីវិត «ទូទឹកកក​វេទមន្ដ» គឺ​ជា​ដំណោះស្រាយ​មួយ។ វា​ជា​ដំណោះស្រាយ​នូវ​អ្វី​ដែល​លោក ខេវីន អ៊ុង បាន​ជួប​ប្រទះ​ចំពោះ​ខ្លួន​ឯង ក៏​ដូចជា​មនុស្ស​ជាច្រើន​ទៀត ដែល​លោក​បាន​ដឹង។

លោក ខេវីន ដែល​គ្រួសារ​លោក​ជា​ជនភៀសខ្លួន​រត់​គេច​ពី​សម័យ​សង្គ្រាម​ខ្មែរក្រហម​បាន​និយាយ​ថា៖ «មនុស្ស​ជាច្រើន​អត់​មាន​របស់​សល់​ចោល​រៀងរាល់​ថ្ងៃ​នោះ​ទេ។ វា​ជា​សិទ្ធិ​បុគ្គល ដែល​ពួក​គេ​អាច​ធ្វើ​បែប​នោះ​បាន។ ប៉ុន្ដែ​ចុះ​បើ​វេទមន្ដ​ពិត​ជា​មាន លោក​អ្នក​អាច​ផ្លាស់ប្ដូរ​បញ្ហា​នេះ​បាន​ឬទេ? ចុះ​តើ​វា​យ៉ាង​ដូចម្ដេច បើ​លោក​អ្នក​ត្រូវ​បាន​ផ្ដល់​ឧបករណ៍​មួយ ​ដើម្បី​ផ្លាស់​ប្ដូរជីវិត?»។

រីច សម្ដែង​ដោយ​លោក តូនី ស៊ូរីយ៉ាណូ អាយុ​ខ្ទង់ ៣០ ឆ្នាំ ដែល​ត្រូវ​បាន​ផ្ដល់​ឱកាស​ជីវិត​ថ្មី​ក្រោយ​ទទួល​បាន​ទូទឹកកក​វេទមន្ដ​មួយ។ ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​ពិចារណា​នោះ​គឺ ដោយសារ​ទូទឹកកក​ផ្ដល់​ជា​តម្រុយ​ឱ្យ​លោក វា​មិន​បង្ខំ​រូប​លោក​ឱ្យ​ធ្វើ​អ្វី​មួយ​ឡើយ។

លោក ខេវីន អ៊ុង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា៖ «ទូទឹកកក​នេះ​ជា​វត្ថុ​វេទមន្ដ និង​ផ្ដល់​ឱ្យ ​រីច នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ជួយ​ឱ្យ​បុរស​រូបនេះ​នូវ​ការ​ផ្លាស់​ប្ដូរជីវិត តែ​វាស​ម្រេច​តែ​លើ​រូប​លោក​ផ្ទាល់។ របស់​របរ​ពី​ទូទឹកកក​នោះ​មិនមែន​ជា​វត្ថុ​វេទមន្ដ​នោះ​ទេ»។

លោក ខេវីន អ៊ុង ផលិតករ និង​អ្នក​និពន្ធ​ខ្មែរ​-អាមេរិក​។ រូបថត សហ​ការី

គំនិត​នៃ​ការ​ផលិត​ភាពយន្ដ​ខ្នាត​ខ្លី​នេះ​កើត​ឡើង​ក្នុង​ពេល​សិក្សា​សរសេរ​សំណេរ​និពន្ធ​នៅ USC ជាទី​ដែល​លោក ខេវីន កំពុង​តែ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​វិចិត្រសិល្បៈ​នៅ​ក្នុង​វិស័យ​ភាពយន្ដ និង​ផលិតកម្ម​វិធី​ទូរទស្សន៍។

លោក​បាន​បន្ដ​ថា៖ «ខ្ញុំ​ចង់​បង្ហាញ​អំពី​ដំណើរ​រឿង​ដែល​បញ្ចូល​ទាំង​សាច់​រឿង​ប្រឌិត​ក្នុង​សភាព​ពិត តែ​ខ្ញុំ​ក៏​មិន​ចង់​ធ្វើ​ឱ្យ​មាន​ភាព​អស្ចារ្យ​ហួសហេតុ​ពេក​នោះ​ដែរ។ ខ្ញុំ​ចង់​ផលិត​រឿង​ដែល​ទាក់ទង​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ប្រើប្រាស់​សម្ភារ​ផ្ទះបាយ​សាមញ្ញ ជា​តួអង្គ​សំខាន់​មួយ។ វា​គឺ​ជា​អ្វី​ដែល​យើង​មាននៅ​គ្រប់​ផ្ទះ ហើយ​ជា​អ្វី​ដែល​យើង​មិន​សូវ​គិតគូរ​ពី​វា»។

លោក ខេវីន ដែល​ប្រសូត​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ខណៈ​ម្ដាយ​ជា​អ្នក​ខេត្ដ​បាត់ដំបង និង​ឪពុក​មក​ពី​កំពង់ចាម ស្ថិត​នៅ​ក្នុង​និស្សិត​បញ្ចប់​ការ​សិក្សា​ម្នាក់​ចំណោម​និស្សិត​តិចតួច ដែល​ត្រូវ​បាន​ជ្រើសរើស​ចូលរៀន​កម្មវិធី​បណ្ដុះបណ្ដាល Star Trek Command Training Programme ឆ្នាំ ២០២០ ជា​វគ្គ​សិក្សា​ផ្ដល់​ជំនាញ​ដល់​និស្សិត​ទើប​បញ្ចប់​ការសិក្សា។

Refrigerate After Opening ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ដ​នៃ​សមាគម​អតីត​និស្សិត​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​ក្នុង​សាកលវិទ្យាល័យ USC ដែល​មាន​ផលិតករ ចូន ឆូ ជា​ភ្ញៀវ​កិត្ដិយស។

លោក ខេវីន បាន​និយាយ​ថា USC ជា​សាកលវិទ្យាល័យ​ភាពយន្ដ​កំពូល​នៅ​ក្នុង​លោក ហើយ​មហោស្រព​ដាក់​បញ្ចាំង​ភាពយន្ដ​ល្អៗ ដែល​ផលិត​ឡើង​ដោយ​និស្សិត​មក​ពី​តំបន់​អាស៊ី​របស់ USC។

មហាជន​ជា​អ្នក​ជ្រើសរើស​ភាពយន្ដ​ណា​ដែល​ខ្លួន​ចូលចិត្ដ​នៅ​ក្នុង​ចំណោម​ភាពយន្ដ​ដាក់​បញ្ចាំង​ទាំង​នោះ ហើយ​រឿង Refrigerate After Opening បាន​ឈ្នះ​ពាន Audience Choice Award។

លោក​និយាយ​ថា ភាពយន្ដ​នេះ​កំពុង​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​តាម​មហោស្រព​នានា ដូចជា មហោស្រព DisOrient Film Festival ចាប់​ពី​ថ្ងៃទី ១៩ ដល់ ២១ ខែមីនា New Haven International Film Festival ចាប់​ពី​ថ្ងៃទី ១២ ដល់ទី ១៥ ខែឧសភា និង UK Asian Film Festival ចាប់​ពី​ថ្ងៃទី ២៦ ខែ​ឧសភា ដល់​ថ្ងៃទី ៦ ខែ​មិថុនា។

រីច និង​មិត្ដស្រី​ក្នុងការ​សម្ដែង​ភាពយន្ដ​ខ្នាត​ខ្លី​របស់​ផលិតករ​ ខេវីន អ៊ុង​។ រូបថត សហ​ការី

លោក​បន្ដ​ថា៖ «រឿង​នេះ​នឹង​មាន​ការ​ដាក់​បញ្ចាំង​នៅ​តាម​មហោស្រព​ជា​ច្រើន ហើយ​នឹង​មាន​ការ​ចែក​ចាយ​ទៅ​តាម​ដៃគូ​ផ្សេង​ទៀត»។

លោក​ក៏​អរគុណ​ដល់​អ្នក​ដែល​បាន​ទស្សនា​ភាពយន្ដ​របស់​លោក និង​បាន​គាំទ្រ​លោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ក្នុង​នាម​ជា​ផលិតករ​កូនកាត់​ខ្មែរ-អាមេរិកាំង​ម្នាក់​នៅ​ហូលីវូដ លោក​សង្ឃឹម​ថា លោក​អាច​ផលិត​ភាពយន្ដ​តំណាង​ឱ្យ​ជាតិ​ខ្មែរ និង​រឿងរ៉ាវ​ជាច្រើន​ទៀត​អំពី​ខ្មែរ​ផង​ដែរ។

លោក​បាន​លើក​ឡើង​ថា៖ «ខណៈ​ឧស្សាហកម្ម​នេះ​កំពុង​តែ​មាន​ការ​ផ្លាស់ប្ដូរ ហើយ​លោក​អ្នក​មាន​ទំនោរ​មើល រឿង​អាស៊ី​ច្រើន ពលរដ្ឋ​កម្ពុជា​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ និង​មិន​មាន​វត្ដមាន​នៅ​លើ​ឆាក​អន្ដរជាតិ​នោះទេ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ ខ្ញុំ​ខ្លួន​ឯង និង​ផលិតករ​ខ្មែរ​ដទៃ​ទៀត​នឹង​បង្ហាញ​ពិភព​លោក​ថា យើង​មាន​ភាពយន្ដ​ល្អៗ​ជាច្រើន​ដែល​នឹង​ត្រូវ​បាន​ផលិត​ឡើង»។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេបសាយ​របស់​លោក https://www.kevinung.film/៕