ភ្នំពេញ៖ ដោយ​​មាន​គោល​​​បំណង​ចង់​​​​បញ្ជ្រាប​ចំណេះដឹង​​អប់រំ​​ ​ទូន្មាន​ ​​ប្រៀនប្រដៅ​​ផ្លូវ​ចិត្ត​​ ​លើក​​​ទឹក​​​ចិត្ត​ ​ការ​ប្រកប​​ការងារ​ ​ការ​ធ្វើ​អាជីវកម្ម​​ ​ភាព​ជា​អ្នក​​ដឹកនាំ​​ ​គុណ​តម្លៃ​​នៃ​ការ​រៀបចំ​​អភិវឌ្ឍ​​ខ្លួន​ឱ្យ​ក្លាយ​ជា​​​​បុគ្គលិក​​​ឆ្នើម​ ជា​ពិសេស​ចង់​​ឱ្យ​យុវជន​ខ្មែរ​​ជំនាន់​ក្រោយ​ ងាក​​មក​​យល់​ដឹង​ពី​តម្លៃ​​​នៃ​​អក្សរសាស្រ្ត​​ខ្មែរ​តាមរយៈ​សិល្បៈ​​តែង​និពន្ធ​​កំណាព្យ​ឡើង​​​វិញ​នោះ​​​ ​ទើប​អ្នក​និពន្ធ​ ចង​​ក្រង​​​​​សៀវភៅ​មួយ​​​ដែល​មាន​​ចំណង​​ជើង​ថា «​កម្រង​កំណាព្យ​​ពី​ដួង​ចិត្ត» ដែល​បាន​បើក​​សម្ពោធ​​​កាល​ពី​ថ្ងៃ​ទី ​២៥ ខែ ​មករា ឆ្នាំ ​២០២១​។​

សៀវភៅ​ ​«​កម្រង​កំណាព្យ​ពី​ដួង​ចិត្ត​»​ ​នេះ​គឺ​ជា​វណ្ណកម្ម​ទី​៨ ហើយ​សម្រាប់​​​សមិទ្ធផល​នៃ​ការ​​និពន្ធ​សៀវ​ភៅ​​​​របស់​​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួច​ ​ម៉េង​លី​ បាន​សម្ពោធ​​ផ្លូវការ​​ ​​នៅ​ឯ​​​បណ្ណាគា​រ​លក់​សៀវភៅ​ ម៉ូ​នូ​មែនប៊ុក​​​ ​ដែល​​​​​មាន​​អ្នក​ចូលរួម​​​យ៉ាង​​​​ច្រើន​​​កុះករ​ ខណៈ​​ស្នាដៃ​លើក​​នេះ​គឺ​ជា​កម្រង​​កំណាព្យ​​ដែល​ខុស​ប្លែក​​ពី​លើក​​មុន​ជា​ស្នាដៃ​​​ពាក្យ​​រាយ​។​

ហ៊ាន រង្សី

ថ្លែង​នៅ​ក្នុង​ពិធី​​សម្ពោធ​​​សៀវភៅ​​​​កាល​ពី​ថ្ងៃ​ចន្ទ​ ទី ​២៥ ខែ ​មករា ឆ្នាំ ​២០២១ កន្លង​មក​នោះ​ ​ឧកញ៉ា​ ​វេជ្ជ​បណ្ឌិត​​ គួច​​ ​ម៉េងលី​ ​មាន​ប្រសាសន៍​ថា៖ «​​ការ​​​​តែង​និពន្ធ​សៀវភៅ​នេះ​​ឡើង​​​​ក្នុង​គោល​បំណង ​ដើម្បី​បញ្ជ្រាប​​​​ចំណេះ​ដឹង​អប់រំ​ ​ទូន្មាន​ ​ប្រៀនប្រដៅ​ផ្លូវចិត្ត​ ​ការ​លើក​ទឹក​​ចិត្ត​ ​ការ​ប្រកប​ការងារ​ ​ការ​ធ្វើ​អាជីវកម្ម​ ​ភាព​ជា​អ្នក​ដឹកនាំ​ ​គុណ​តម្លៃ​នៃ​ការ​រៀបចំ​អភិវឌ្ឍ​​ជា​​​បុគ្គលិក​​ឆ្នើម​ ​ព្រម​ទាំង​បណ្ដុំ​នូវ​​ចំណេះ​ដឹង​ផ្សេងៗ​ជា​ច្រើន​​​ទៀត ជាពិសេស​ផ្នែក​វិធីសាស្រ្ត​តែង​កំណាព្យ​ដែល​ជា​តម្លៃ​នៃ​​អក្សរសាស្រ្ត​ជាតិ​​ខ្មែរ​»​។

រាល់​ការ​បោះពុម្ព​សៀវភៅ​ទាំង​​នេះ​ ​គឺ​ទទួល​ថវិកា​ មក​វិញ​បាន​​​ត្រឹមតែ​ ​៣០ ​ភាគរយ​​ប៉ុណ្ណោះ​ ​ហើយ​ថវិកា​​​ទាំង​អស់ ​ដែល​​​​បាន​ពី​ការ​លក់​សៀវភៅ​នឹង​បង្វិល​ចូល​ទៅ​​មូលនិធិ​ម៉េង​លី​ ជេ. គួ​ច​ ​ដែល​ធ្វើ​​លើ​ការ​ងារ​​សប្បុរសធម៌​ ​ដូចជា​ការ​ចែក​​អាហារ​ ​សង់​សាលា​រៀន​ ​ធ្វើ​​ផ្លូវ​ ​សង់​​ស្ពាន​ ​ចែក​សៀវភៅ​ ​និង​ចែក​​​កង់​​​ដល់​សិស្ស​តូច​ៗ​ ជា​ដើម​។​ ថ្វី​បើ​​ការ​លក់​សៀវភៅ​បាន​​ក​ម្រៃ​​​តិច​ ក៏​ពិត​មែន​ ​តែ​​លោក​​ឧកញ៉ា​​​សប្បាយ​ចិត្ត​នឹង​ការ​​​ចែក​រំលែក​ចំណេះ​ដឹង​ ​ក៏​​ដូច​ជា​​​សប្បុរស​ធម៌​ដល់​សិស្ស​ ​និស្សិត​ ​ប្រជាពលរដ្ឋ​ទូទៅ​ ​ព្រម​ទាំង​ព្រះសង្ឃ​ ​ដែល​មាន​ការ​ខ្វះខាត ​បាន​ទទួល​អំណោយ​ជា​​​​​អំណាន​​នេះ​​ឥត​គិត​ថ្លៃ​​។​​

គួរ​​បញ្ជាក់​ដែរ​ថា មកទល់​​ពេលនេះ​ ​លោក​ឧក​ញ៉ា​ ​វេជ្ជ​បណ្ឌិត​ គួ​ច​ ​ម៉េង​លី​ បាន​និពន្ធ​សៀវភៅ​ ​បាន​ចំនួន ​៨ ចំណង​​ជើង​​ហើយ​​ នៅ​​ក្នុង​​​​នោះ​មាន​ដូចជា​ ​ទី​១​. អ្នកជា​មនុស្ស​ល្អ​ ​ល្អ​​ប្រសើរ​ ​និង​ល្អ​អស្ចារ្យ​ ​​ទី​២​.​ ទ​ស្សនៈ​អាជីវកម្ម​ គួ​ច​ ​ម៉េង​លី​ ​ទី​៣​.​ ជំនួប​តុ​កាហ្វេ​ ​រវាង​ដុក​ទ័​រ​ ​ម៉េង​លី​ ​និង​ខ្ញុំ​ ​ទី​៤​. ​ភ្នំដង​រែក​ទី​ពុំអាច​ភ្លេច​ ​ទី​៥​.​ ១​០​៨​ ​ចក្ខុ​​វិស័យ​ គួ​ច​ ​ម៉េង​​លី​ ​ទី​៦​.​ គំនិត​​រកស៊ី​ គួ​ច​ ​ម៉េង​លី​​​ ទី៧​.​ បណ្ដុំ​ទ​ស្សនៈ គួ​ច​ ​ម៉េង​​លី​ ​និង​ចុង​ក្រោយ​នេះ​ ​ទី៨ មាន​​ចំណង​ជើង​ថា​ ​កម្រង​​​​កំណាព្យ​​ពី​ដួងចិត្ត​ គួ​ច​ ​ម៉េង​លី​៕​

ហ៊ាន រង្សី

ហ៊ាន រង្សី