ភ្នំពេញ៖ គ្រាន់​តែ​​ឈាន​ចូល​មក​ដល់​ឆ្នាំ​ថ្មី​ភ្លាម ​តារា​ស្រី​​រាង​តូច​​ច្រឡឹង ​​សម្រស់​ស្រស់​ស្អាត​​​កញ្ញា ជេស៊ីកា ស្រាប់តែ​​បង្ហាញ​ពី​ភាព​រីករាយ​សប្បាយ​​​​ចិត្ត​ និង​រំពឹង​ថា​ខ្លួន​លែង​ក្លាយ​ជា​ស្រ្តី​អភ័ព្វ​​ស្នេហ៍​​ដូចជា​នៅ​ឆ្នាំ​ចាស់​ បង្កើត​ភាព​ភ្ញាក់ផ្អើល​​ពី​មហាជន​សាជាថ្មី​។

កាល​ពី​ចុង​ឆ្នាំ ​២០២០​ កន្លង​មក​នេះ​ តារា​​​​ស្រី​​វ័យ​ ២៥ ឆ្នាំ សម្បុរ​​ស្រអែម​ស្រស់​ មាន​​​ឈ្មោះ​​ពិត តាន់ សុផា ហៅ​​កញ្ញា ជេស៊ីកា ​ឧស្សាហ៍​បង្ហោះ​​រូប​​សិចស៊ី​ល្វែង​​លើ ​​​ឈុត​ខ្លី​ និង​សម្ញែង​​ឈុត​​ប៊ីគីនី​​​ញឹកញាប់​​នោះ ​​ហើយ​ក៏​​រអ៊ូ​តូច​ចិត្ត​នឹង​​​រឿង​ស្នេហ៍​ថា៖ «គេ​ថា​ស្រី​​​ស្អាត អភ័ព្វ​ស្នេហ៍​​ ចុះ​​អត់​ស្អាត​​​ផង​​ម៉េច​ក៏​អភ័ព្វ​ដែរ? ចង់​ដឹង​ថា​ ​ស្រី​ម្នាក់​នេះ សំខាន់​នៅ​ពេល​ណា​​?​ ក្ដី​ស្រឡាញ់​ខ្លះ​​ ជា​ក្ដី​ស្រឡាញ់​មួយ​ប៉ប្រិច​ភ្នែក​ មក​ហើយ​​ក៏​ទៅ​​​​វិញ​ប្រៀប​ដូចជា​​ ខ្យល់​បក់​​មក​ល្ហើយ​មាន​ក្ដី​សុខ​មួយ​ភ្លែត​ស្ងប់​ទៅ​វិញ​​ ហើយ​​ដើម្បី​ធ្វើ​​​ឱ្យ​ជីវិត​មាន​​​ក្តី​សុខ​នោះ ត្រូវ​ភ្លេច​មនុស្ស​ដែល​គេ​​ភ្លេច​​យើង​ត្រូវ​ធ្វើ​​ល្អ​ជាមួយ​​មនុស្ស​ ដែល​​គេ​​​ល្អ​ដាក់​យើង​ ត្រូវ​នៅ​​ជាមួយ​​មនុស្ស​ ដែល​គេ​ចង់​នៅ​ជាមួយ​នឹង​យើង​ និង​ត្រូវ​ស្រឡាញ់​មនុស្ស​ណា​ដែល​គេ​ស្រឡាញ់​​​យើង»។​

នៅ​ដើម​ឆ្នាំ ​២០២១ ​នេះ តារា​ស្រី​រាង​តូច​ច្រឡឹង​មុខ​​​​​​ឃ្យូត​​ ជេស៊ីកា ​​ក៏​បាន​លើក​​ឡើង​ថា​៖ «​រឿង​​អា​ក្រក់​ ដែល​​​យើង​បាន​ជួប​បំភ្លេច​វា​ចោល​​​ទៅ​! ​គ្រាន់​តែ​ចាំ​ជា​មេរៀន​ជីវិត​​ ដែល​​បង្រៀន​​យើង​ឱ្យ​បាន​ដឹង​ថា​ មនុស្ស​យើង​ត្រូវ​តែ​មាន​​ការ​ឆ្លង​កាត់​​​គ្រប់​រឿង ​ទាំង​ល្អ និង​អាក្រក់។​​ គ្មាន​​អ្នក​យល់​​ចិត្ត តែ​ការ​ពិត ​សូម្បី​តែ​អ្នក ពេល​ខ្លះ​ក៏​​មិន​យល់​ពី​ចិត្ត​របស់​អ្នក​ផង ​ចុះ​ហេតុអី​អ្នក​មានះ​ចង់​បាន​ការ​យល់​ចិត្ត​ពី​អ្នក​ដទៃ​​ច្រើន​ម្ល៉េះ? អ្នក​ណាៗ ក៏​គេ​​មាន​សុខ​ទុក្ខ ជួប​ព្រាត់ ​ឈឺ​ជា ​វេទនាឈឺ​ចាប់ ស្ទើរ​តែ​គ្រប់ៗ​គ្នា​ម្ល៉ោះ​ហើយ​កុំ​អាក់អន់​ចិត្ត​អី។ បើ​អ្នក​ចង់​បាន​ការ​យល់​ចិត្ត​ពី​អ្នក​ដទៃ​ លុះត្រា​តែ​អ្នក​មាន ​ទំហំ​ចិត្ត​ទូលាយ​​ដែរ។ ត្រូវតែ​មាន​សេចក្តី​សុខ​ចំពោះ​ខ្លួន​ឯង! ​រាល់​អ្វី ដែល​បាន​ជួប​​ហើយ​តែងតែ​ហ៊ាន​ប្រឈម​​មុខ​​ដោះស្រាយ​រួច​ផុត​កន្លង​មក​ ដោយ​​មិន​​​បាន​ទុក​ចោល ​ឬ​បោះបង់​ខ្លួន​ឯង​ អរគុណ​ដល់​ខ្លួន​ឯង​​ ​ដែល​​​តែង​នៅ​ក្បែរ​ជាមួយ​បញ្ហា​​ជា​ច្រើន​ រួម​សុខ​ទុក្ខ​ ទទួល​​យក​​គ្រប់​ស្ថានភាព ដោយ​មិន​លែង​​ចោល​ខ្លួន​​ឯង​ដោយ​​ងាយៗ​»។

ស្រីស្រស់​ ជេស៊ីកា ​ដែល​ឆ្លង​​កាត់​បទពិសោធ​សម្តែង​​​​​​បាន​​កុន​​​ភាគ​​ចំនួន​ ​៧ ​រឿង ​កុន​​ដុំ​ ១ ​រឿង ថត​​​ ​MV បទចម្រៀង​​​ឱ្យ​ផលិតកម្ម​​​ល្បីៗ​​ជា​ច្រើន​​​នោះ​បាន​​បន្ត​ថា៖ «មិន​ចាំបាច់​​ទៅ​ប្រាប់​​ឲ្យ​​គេ​ឯង​ដឹង​ថា ​​យើង​ល្អ​​ប៉ុនណា​ទេ បើ​ថ្ងៃ​ណា​មួយ​គេ​មើល​ឃើញ​​​ពី​តម្លៃ​របស់​យើង ​គេ​នឹង​​​យល់​ដោយ​ខ្លួន​ឯង។ ស្នេហា​​​​ក៏​ដូច​គ្នា យើង​មិន​ចាំបាច់​​រត់​រក​ទេ​ បើ​គេ​​ពិត​ជា​ស្រឡាញ់​យើង​ គឺ​នឹង​រត់​តាម​​រក​​​យើង​​ដោយ​ខ្លួន​​ឯង៕