
ស្នាដៃសិល្បៈភាពជាបុរស និងភាពជាស្ត្រី របស់អ្នកថតរូប Tytaart។ ហ៊ាន រង្សី
ភ្នំពេញ៖ ផ្ទៃពណ៌ខៀវ រំលេចពណ៌ស ព្រាលៗ រូបភាពស្រដៀងមនុស្ស ត្រដាងដៃបើកចំហ ហើយបរិវេណក្បាលបង្ហាញទម្រង់ផ្កាជាច្រើនស្រទាប់ ខណៈនៅតាមដងខ្លួនមានរុក្ខជាតិវល្លិ៍ដុះប្រទាក់យ៉ាងស្រស់។
នេះជាគំនូររបស់ ខ្ចៅ ទូច ជាវិចិត្រករស្រីមកពីខេត្ដបាត់ដំបង ក្នុងចំណោមស្នាដៃស្ដ្រីជាច្រើនទៀត ដែលបានតាំងពិព័រណ៍ «ស្ដ្រី ២០២១» ក្រោមប្រធានបទ «សិល្បៈដើម្បីស្ដ្រី ស្ដ្រីដើម្បីសិល្បៈ» ក្នុងរយៈពេល ១ ខែពេញនៅឯវិចិត្រសាល Meta House។
សិល្បករជាតិ និងអន្ដរជាតិចំនួន ២៨ នាក់ រួមគ្នាបង្ហាញស្នាដៃគំនូរ រូបថតសិល្បៈ ការដំឡើងវីដេអូ ការសម្ដែង រួមទាំងកំណាព្យជាលើកដំបូងប្រចាំឆ្នាំ ២០២១ ដើម្បីឆ្លុះបញ្ចាំងភាពជាខ្លួនឯងក្នុងសង្គមខ្មែរ និងជាស្ដ្រីស្មើមុខស្មើមាត់ក្នុងពិភពលោក។
អ្នកស្រី Nicolaus Mesterharm នាយកគ្រប់គ្រងវិចិត្រសាល Meta House បានឱ្យដឹងថា៖ «ពិព័រណ៍នេះផ្ដោតលើមតិយោបល់របស់វិចិត្រការិនីខ្មែរមួយចំនួន។ តាមរយៈស្នាដៃសិល្បៈ ក៏ដូចជាភាពជោគជ័យនៃពាណិជ្ជកម្មរបស់ខ្លួន វិចិត្រការិនី និងសិល្បការិនីសហសម័យខ្មែរនៅតែបន្ដពុះពារនឹងបញ្ហាប្រពៃណី ដែលស្ដ្រីមិនត្រូវបានលើកទឹកចិត្ដឱ្យបង្ហាញសមត្ថភាពខ្លួន»។

សិល្បការិនី កឹម កែវសុជាតិ (ឆ្វេង) និងសម្លៀកបំពាក់ ដែលនាងច្នៃ។ហ៊ាន រង្សី
អ្នកស្រីបន្ដថា៖ «ក្នុងព្រឹត្ដិការណ៍នេះ វិចិត្រការិនីអន្ដរជាតិដែលរស់នៅរាជធានីភ្នំពេញ ក៏បានចែករំលែកស្នាដៃសិល្បៈលើប្រធានបទយេនឌ័រនៅកម្ពុជា តាមរយៈបទពិសោធ និងការអង្កេតផ្ទាល់»។
ជាមួយចំណងជើងគំនូរ «What do I need to be me?» ខ្ចៅ ទូច បានបង្ហាញពីការផ្លាស់ប្ដូរលើរបៀបនៃការស្លៀកពាក់ឱ្យសមស្របទៅតាមចំណូលចិត្ដ បេះដូង និងមានអត្ថប្រយោជន៍ចំពោះខ្លួនឯង។
ខ្ចៅ ទូច ជាអតីតសិស្សនៅហ្វារ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ការស្លៀកពាក់របស់ខ្ញុំមានការផ្លាស់ប្ដូរ ដែលពីមុនខ្ញុំមានសម្លៀកបំពាក់ច្រើន និងតែងតែផ្លាស់ប្ដូរញឹកញាប់។ រយៈពេល ២ ឆ្នាំចុងក្រោយនេះ ខ្ញុំស្លៀកតែ ១ ពណ៌នោះទេ គឺពណ៌ខៀវ»។
អ្នកស្រីយល់ថា វាពិតជាងាយស្រួល និងមិនខ្ជះខ្ជាយច្រើន។ អ្នកស្រីចាប់ផ្ដើមកាត់បន្ថយ និងសម្រេចចិត្ដប្រើតែ ១ ពណ៌គត់ ដែលកាត់ជាសម្លៀកបំពាក់ឈុត ៣ កំប្លេប៉ុណ្ណោះ។
អ្នកស្រី ខ្ចៅ ទូច បញ្ជាក់ថា៖ «ចំពោះការគិតរបស់ខ្ញុំ ការស្លៀកពាក់តម្រូវភ្នែកគេ វាធ្វើឱ្យបេះដូងខ្ញុំហត់ពេក។ ខ្ញុំសុំត្រឹមភាពសាមញ្ញជាខ្លួនឯងបានហើយ»។
វិចិត្រការិនីគំនូរសហសម័យ ដែលរំលេចរូបភាពពណ៌ខៀវភាគច្រើននៅផ្ទាំងគំនូររបស់ខ្លួន ខ្ចៅ ទូច បានសារភាពថា អ្នកស្រីមិនសូវហ៊ានចូលរួមកម្មវិធីធំដុំនោះទេ។
អ្នកស្រីបានលើកឡើងថា៖ «តាមពិត ខ្ញុំក៏គិតថា ពេលទៅចូលរួមកម្មវិធីផ្សេងៗ ដូចជា មង្គលការ មិនដឹងថាគេឱ្យចូលរួមអត់ទេ បើខ្ញុំស្លៀកតែពណ៌ខៀវអ៊ីចឹង។ ប៉ុន្ដែជាទូទៅ មិត្ដភក្ដិខ្ញុំ ពួកគាត់មិនប្រកែប្រកាន់អីដែរ។ ចំពោះកម្មវិធីធំដុំអី ខ្ញុំប្រហែលជាមិនហ៊ានចូលចិត្ដទេ ហើយក៏មិនចង់ផ្លាស់ប្ដូរការស្លៀកពាក់របស់ខ្លួនឯងដែរ»។
ជាមួយឈុតសម្លៀកបំពាក់មានស្រាប់ វិចិត្រការិនី កឹម កែវសុជាតិ បានកែច្នៃបន្ថែមកម្រងខ្សែក្រចៅ និងរមូរបន្ទះគាថាព័ទ្ធជុំវិញ ដើម្បីចូលរួមការតាំងពិព័រណ៍ «ស្ដ្រី ២០២១» ក្នុងន័យរំលេចចក្ខុវែងឆ្ងាយរបស់ស្ដ្រី និងការចាប់ផ្ដើមពីចំណុចតូចៗក្នុងការសម្រេចគោលដៅធំក្នុងឆាកជីវិត។

សិល្បការិនីគំនូរ ខ្ចៅ ទូច (ស្ដាំ) ថ្លែងទៅកាន់អ្នកចូលរួមបើកពិព័រណ៍ ស្ត្រី ២០២១ កាលពីថ្ងៃទី ១៩ ខែមករា។ ហ៊ាន រង្សី
កញ្ញា កែវសុជាតិ អាយុ ២៧ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំចង់មានន័យថា ខ្ញុំចង់ឱ្យស្ដ្រីខ្មែរយើងមួយចំនួនត្រូវស្វែងរកនូវភាពខ្លាំងដែលជារបស់ខ្លួនឯង។ យើងត្រូវចេះរក្សា និងការពាររាល់អ្វីៗដែលមានស្រាប់ ដូចជា ប្រពៃណីវប្បធម៌ល្អៗមួយចំនួន ក៏ដូចជាការចូលរួមអភិវឌ្ឍអ្វីដែលថ្មី និងស្ថិតក្នុងភាពវិជ្ជមាន»។
ដោយគាំទ្រស្ត្រីកុំបោះបង់ការងារតូចតាចឈោងចាប់ការងារធំ កញ្ញាបានសង្កត់ធ្ងន់ថា សំខាន់តើស្ដ្រីអាចព្យាយាម និងតស៊ូដល់កម្រិតណា។
វិចិត្រការិនីមកពីកំពតរូបនេះ បានឱ្យដឹងថា៖ «យើងត្រូវពេញចិត្ដនឹងអ្វីដែលយើងកំពុងតែធ្វើ ពេញចិត្ដនឹងអ្វីដែលជាបច្ចុប្បន្នរបស់យើង។ វាជាវប្បធម៌នៃសិល្បៈសម្រាប់ឱ្យយើងអនុវត្ដប្រចាំថ្ងៃ ដើម្បីបន្ដទៅថ្ងៃអនាគត»។
យោងតាម Meta House បានឱ្យដឹងថា ការជជែកអំពីស្ដ្រី គឺជាការជជែកអំពីយេនឌ័រ ហើយការជជែកបទដ្ឋាននៃការរស់នៅប្រពៃណីការអប់រំការកសាងសង្គម និងការកៀបសង្កត់ វាបង្កើតបានជាចម្ងល់ជាច្រើន។
ប្រភពដដែលបានបន្ដថា៖ «វិធីដែលប្រទេសជាតិមួយប្រព្រឹត្ដ និងចាត់ទុកស្ដ្រីតាមរបៀបណា បានចង្អុលបង្ហាញផ្លូវនៃគោលដៅសម្រាប់សង្គមជាតិឆ្ពោះទៅ»។
«សិល្បៈដើម្បីស្ដ្រី-ស្ដ្រីដើម្បីសិល្បៈ» ក៏បង្ហាញពីការយល់ឃើញចំពោះភាពជាស្ដ្រី តាមរយៈក្រសែភ្នែក និងការចូលរួមពីសំណាក់ជនបរទេស និងសំឡេងមនុស្សប្រុស។
សិល្បករថតរូប ប៊ុត ទីតា ដែលត្រូវបានគេស្គាល់ថា Tytaart ក៏អញ្ជើញមហាជនចូលរួមទស្សនាស្នាដៃរូបថតរបស់ខ្លួនចំនួន ២ ផ្ទាំង។
នាងបានសរសេរនៅលើហ្វេសប៊ុកថា៖ «ស្នាដៃទាំង ២ ផ្ទាំងនោះមានចំណងជើងថា ភាពជាស្ដ្រី និងភាពជាបុរស ដែលជាផ្នែកមួយនៃពិព័រណ៍សិល្បៈសហសម័យត្រូវបានរៀបចំឡើងនាខែកញ្ញា។ ពេលនេះលោកអ្នកអាចមើលឃើញពីសម្រស់ពិត»។
ពិព័រណ៍ «ស្ដ្រី ២០២១: សិល្បៈដើម្បីស្ដ្រី-ស្ដ្រីដើម្បីសិល្បៈ» បើកដំណើរការពីថ្ងៃទី ២០ ខែមករា រហូតដល់ថ្ងៃទី ១៩ ខែកុម្ភៈ នៅវិចិត្រសាល Meta House៕