ក្រុង​រ៉ូម៖ អ្នក​ដឹកនាំ​រឿង​កូរ៉េ​ខាង​ត្បូង លោក បុង ជូនហូ (Bong Joon-ho) ម្ចាស់​ពាន​រង្វាន់អូស្ការ​ឆ្នាំ​មុន ត្រូវបាន​ប្រកាស​ឈ្មោះ​ជា​ប្រធាន​គណៈវិនិច្ឆ័យ​​នៃ​កម្មវិធីមហោស្រព​ភាពយន្ត​ក្រុង​វេនីស​ឆ្នាំ ២០២១។

លោក បុង បាន​​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែង​ការ​​ចេញ​ដោយ​អ្នក​រៀបចំ​មហោស្រព​ភាពយន្ត​​ថា៖ «ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុងការ​ពិនិត្យ ស្ញប់​ស្ញែង នឹង​ទះដៃ​​អបអរ​ខ្សែភាពយន្ត​ដ៏អស្ចារ្យ​ជា​ច្រើន​ ដែលត្រូវ​​បាន ជ្រើសរើស​ដោយ​មហោស្រព​ភាពយន្ត​នេះ»។

នាយក​គ្រប់គ្រង​កម្មវិធីមហោស្រព​ភាពយន្ត​ទីក្រុង​វេនីស លោក អាល់ប៊ើតូ បារបើរ៉ា (Alberto Barbera) បាន​លើកឡើង​ថា លោក​ បុង គឺ​ជា​ប្រធាន​គណៈវិនិច្ឆ័យ​ដំបូង​បង្អស់​ជាជនជាតិ​កូរ៉េ​ខាង​ត្បូង ហើយ​លោក​ត្រូវ​បាន​គេ​កោត​សរសើរ​ថា​ជា​​អ្នក​ដឹកនាំ​រឿង​ ដែល​មានគំនិត​​ច្នៃ​ប្រឌិត​ប្លែកពីគេ​ក្នុងវិស័យ​ភាពយន្ត​​​។​

ការ​ឈ្នះ​ពាន​រង្វាន់​អូស្ការ​ចំនួន ៤ ដ៏​មិន​នឹក​ស្មាន​ដល់​បាន​ធ្វើ​ឱ្យ​អ្នក​ដឹកនាំ​ភាពយន្ត​កូរ៉េ​ខាង​ត្បូង បុង ជូនហូ (Bong Joonho) បំបែក​​​រនាំង​វិស័យ​ភាពយន្ត​​ និង​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ភាពយន្ត​កូរ៉េ ក៏​ដូចជា​ភាពយន្ត​បរទេស​ដទៃ​ទៀត ឱ្យ​មាន​ឱកាស​ទទួល​ស្គាល់​នៅ​ឆាក​សកល​លោក។

ភាពយន្ត​កូរ៉េ​រឿង ប៉ារ៉ាសិត (Parasite) ដែល​និយាយ​ពី​វណ្ណៈ​អ្នក​មាន និង​អ្នក​ក្រ បាន​ដណ្ដើម ៤ ពាន​អូស្ការ ក្នុង​កម្មវិធី​ប្រគល់​ពាន​លើក​ទី ៩២ កាល​ពី​​រាត្រី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

នេះ​ជា​ខ្សែ​ភាពយន្ត​បរទេស​ដំបូង​​ដែល​ដណ្ដើម​ពាន​​បាន​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ Academy Awards ចាប់​តាំង​ពី​ឆ្នាំ ១៩២៩។

ខ្សែ​ភាពយន្ត​ដែល​សម្ដែង​ដោយ​ជនជាតិ​កូរ៉េ និង​ផលិត​ដោយ​ក្រុម​ការងារ​កូរ៉េ​សុទ្ធសាធ​ទាំង​មិន​មាន​តួ​សម្ដែង​បរទេស​ម្នាក់​នោះ​បាន​ធ្វើ​ឱ្យ​មហាជន​ទូទាំង​ពិភព​លោក ​បើក​ភ្នែក​ធំៗ​ក្រោយ​ពី​អ្នក​ដឹកនាំ​រឿង​ប្រមូល​ពាន​ដល់​ទៅ ៤។

មហោស្រពភាពយន្ត​ក្រុង​វេនីស ដែល​នឹង​ប្រារព្ធ​ដំណើរការ​ឆ្នាំទី ៧៨​ របស់​ខ្លួន​ចាប់​ពី​ថ្ងៃទី ១ ដល់ ១១ ខែ​ កញ្ញា ឆ្នាំ​ ២០២១ នេះគឺ​ជា​ព្រឹត្តិការណ៍​​ដ៏​ខ្ពង់ខ្ពស់បំផុត​ក្នុងពិភពលោក មិន​ចាញ់​មហោស្រព​ភាពយន្ត​ក្រុង​កាន ប្រទេស​បារាំង និង​ក្រុង​ប៊ែរឡាំង៕ AFP/HR