ការ​ជជែក​ពី​បញ្ហា​ផ្លូវ​ភេទ​ជាមួយ​កូន​ៗ ហាក់​ដូចជា​ប្រធាន​បទ​លើស​លប់​បន្ដិច តែ​វា​ពិត​ជា​សំខាន់​ចំពោះ​ការ​បើកចំហរការ​បញ្ជ្រៀប​ចំណេះដឹង​តាំងពី​កុមារភាព។

កុមារដែល​ទទួល​បាន​ការ​អប់រំ​ល្អ​អំពី​បញ្ហា​ផ្លូវភេទនឹង​ក្លាយ​ជា​បុគ្គល​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ និង​មាន​ការ​សម្រេចចិត្ដ​ល្អ​ចំពោះ​បញ្ហា​ផ្លូវភេទ​របស់ពួកគេនូវ​អ្វីល្អ​ៗ។

វា​ក៏​ធានា​ថា ពួកគេ​​មាន​សុវត្ថិភាព​ពេល​មក​សាក​សួរ​ពី​ឪពុក​ម្ដាយ​ និង​បារម្ភ​ពី​មិត្ដភក្ដិ​ដែល​ឪពុក​ម្ដាយ​មិន​បាន​ស្គាល់​ ឬ​មតិការ​មិន​ល្អ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត

វិចិត្ដវិទូ វេជ្ជបណ្ឌិត​ ចូស័រ​ ក្លាផូវ បាន​ណែនាំ​ឱ្យ​ធ្វើ​ការ​សិក្សា​ពី​បម្រែ​បម្រួល​រាងកាយ​កូន​ដែល​រមែង​ផ្លាស់​ប្ដូរ​ទៅតាម​អាយុ​កាល និង​ស្ដាប់​ពួកគេ​ ក៏ដូចជា​លើក​ទឹកចិត្ដ​ការ​ជជែក​បើក​ចំហ​ជាជាង​ការ​ប្រដែ​ប្រដៅ។

វេជ្ជបណ្ឌិត ក្លាផូវ និង​ចិត្ដវិទូ លៀ លីស ក៏ដូចជា​អ្នក​អប់រំ​ផ្លូវ​ភេទ ឡូរ៉ា ម៉ាកហ្គីរ បាន​បង្ហាញ​ពី​គោល​ការណ៍​ណែនាំ​នូវ​​វិធី​និយាយ​ជាមួយ​កូន​ៗ​អំពី​បញ្ហា​ផ្លូវ​ភេទ​តាម​វ័យ​របស់​ពួកគេ។

កុមារ​អាយុ​ក្រោម ៥​ ឆ្នាំ​

ឪពុក​ម្ដាយ​ទំនង​ជា​យល់ថា វា​ឆាប់​ពេក​ដែល​ត្រូវ​ជជែក​ទៅកាន់​កូន​តូច​ៗ​មុន​វ័យ​ចូល​រៀន​អំពី​បញ្ហា​ផ្លូវ​ភេទ តែ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​ដែល​ចេះ​ងឿង​ឆ្ងល់​អំពី​រាង​កាយ​ ខណៈ​ពួកគេ​ចាប់​ផ្ដើម​ចេះ​ដើរ និង​និយាយ។ នេះ​បើយោងតាម​ Mayo Clinic។

ឧទាហរណ៍ បើ​កូន​តូច​របស់​លោក​អ្នក​សួរថារាងកាយ​របស់​ពួកគេ​បាន​មក​ពី​ណាវិទ្យាស្ថានចិត្ដវិទ្យា​កុមារនិង​ក្មេង​ជំទង់​​អាមេរិក​ បាន​ណែនាំ​​ឱ្យ​ប្រាប់​ពួកគេ​ដោយ​ស្មោះត្រង់ តែ​ក្នុង​ន័យ​សាមញ្ញ​បំផុត។

ជាក់ស្ដែងលោកអ្នក​អាច​និយាយ​ថា «​បុគ្គល​ម្នាក់​ៗ​កើត​ចេញ​ពី​ការ​បង្ក​កំណើតនៃ​គ្រាប់​ពូជ​រវាង​​មនុស្ស​ពីរ​នាក់។ គ្រាប់​ពូជ​នោះ​ដុះ​នៅ​ក្នុង​កន្លែង​មួយ​ដែល​ហៅថាស្បូនដែល​ស្ថិត​ក្នុង​ពោះ​ម្ដាយ​»។

ប្រធានបទ​ផ្លូវភេទ​ទាក់ទង​នឹង​អាយុ ៥ ​ឆ្នាំ​

ឈ្មោះ​កាយវិភាគសាស្ដ្រ​នៃ​ផ្នែក​ឯកជន​នៅ​លើ​សីររាង្គ។ បើ​កូន​ៗ​សាកសួរ​ពី​យេនឌ័រ​របស់ខ្លួន​ទាក់​ទង​ទៅ​នឹង​ប្រដាប់ភេទ​ ឪពុក​ម្ដាយ​គួរតែ​ចៀស​វែង​ពាក្យ​ពេចន៍​​អសុរស​ ឬ​ឈ្មោះ «​សត្វចិញ្ចឹម​»។

ចិត្ដវិទូ ក្លាផូវ បាន​ណែនាំ​ឱ្យ​ប្រាប់​កូន​ៗ​នូវ​ពាក្យ​ពេចន៍​បែប​កាយវិភាគសាស្ដ្រ​ដ៏​ត្រឹមត្រូវ។ ឧទាហរណ៍ ទឹក​នោម​បញ្ចេញ​មកពី​លិង្គ ឬ​ទ្វារមាស។

ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​កាយវិភាគ​សាស្ដ្រ​ស្ដង់ដារ​លើ​សរីរៈ​ឯកជន​សំខាន់​ៗ បាន​បង្កើត​ជា​ជំនឿចិត្ដ ការ​បើកទូលាយ និង​រូបភាព​រាងកាយ​បែប​វិជ្ជមាន​ ព្រមទាំង ប្រើ​ប្រាស់ភាសា​សមគួរ​ដើម្បី​ស្នើ​សុំ​ជំនួយ​ក្នុង​បញ្ហា​រឿង​រ៉ាវ​រំលោភ​បំពាន​ផ្លូវភេទ ឬ​បញ្ហា​វេជ្ជសាស្ដ្រ​ផ្សេង​ៗ។

ចំពោះ​បញ្ហា​យេនឌ័រ​ មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ទស្សនៈ​ «អាក្រាត​កាយ» ឬ​ «​ការ​ស្លៀកពាក់​សមរម្យ​» នៅ​ឡើយទេ តែ​យោងតាម​មជ្ឈមណ្ឌល​ជាតិ​ស្ដីពី​ទំនាក់​ទំនងឪពុកម្ដាយ ក្រុម​គ្រួសារ និង​​​សហគមន៍ បាន​ឱ្យ​ដឹងថា កុមារ​តូច​ៗ​ចាប់​ផ្ដើមយល់​ពី​ការ​សម្គាល់ភាព​ខុស​គ្នា​នៃ​​យេនឌ័រ​តាំងពី​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៤​ខែ។

ឪពុក​ម្ដាយ​អាច​លើក​ទឹកចិត្ដ​កូន​ៗ​ឱ្យ​ចេះ​បែង​ចែក​ និង​ស្វែង​យល់​ពី​យេនឌ័រ​ដោយ​ការ​បង្រៀន​ពួកគេ​ថា ពួកគេ​មិន​គួរ​ចេះ​ត្រឹម​លេង​តុក្កតា ឬ​ការ​ស្លៀក​ពាក់​សម្គាល់​ពី​ភេទ​ធម្មតា​ៗ​នោះទេ។

ចំពោះ​បញ្ហា​នៃការ​យល់​ព្រម​ទៅ​លើ​អ្វីមួយ​ អ្នក​ជំនាញ​ឯកភាព​ថា ឪពុក​ម្ដាយ​អាច​អនុវត្ដ​ទម្លាប់​ចេះ​សុំ​ការអនុញ្ញាត​កាន់តែ​កូន​នៅ​ក្មេង វា​កាន់តែ​ប្រសើរ។ ក្នុង​វ័យ​នេះ វិចិត្ដវិទូ លៀ លីស បាន​​ស្នើ​ឱ្យ​លើក​យក​ប្រធាន​បទ​មក​​ជជែក​អំពី​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ល្អ និងអ្វី​ដែល​​មិន​ល្អ។

ជាក់ស្ដែង បើ​មិត្ដភក្ដិ​កូន​តូច​របស់​លោក​អ្នក​បំពាន​លើ​​គ្នា​​​នៅ​កន្លែង​ក្មេង​លេង លោក​អ្នក​អាច​ប្រើ​ប្រាស់​ស្ថានភាព​នេះ​សាកសួរ​ពួកគេ​ថា តើ​ការ​ប៉ះពាល់​លើ​រាងកាយ​បែប​មេច​ដែល​ពួកគេ​មិន​ចូលចិត្ដ​ ហើយ​ថា តើ​ពួកគេ​និយាយ​ពាក្យ «​ទេ» ទៅ​កាន់​មិត្ដភក្ដិ​យ៉ាង​ដូច​ម្ដេច។ មនុស្ស​ពេញ​វ័យ​គួរ​តែ​ចេះ​គោរព​ភាសា​ថា ​«​ទេ» របស់​កុមារ​ផង​ដែរ។

អ្នក​អប់រំផ្លូវភេទ ឡូរ៉ា ម៉ាកហ្គីរ បាន​និយាយថា​៖ «​អាយុ​ចន្លោះ ១៨ ​ខែ កុមារ​អាច​តាមដាន​ពី​អត្ដចរឹក​គំរូ​បុគ្គល​ផ្សេង​ៗ ដូចជា ការ​ស្នើ​សុំ​ការ​អនុញ្ញាត និង​ការ​អង្កេត​មើល​ពី​សញ្ញា​ដែល​អ្នក​ចង់​ប្រកែក​ចំពោះ​សំណើ​​។

ដូច្នេះ​របៀប​ដែល​លោក​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កូនៗ​ កុមារ​ដទៃ​ និង​មនុស្ស​ពេញ​វ័យ​ក៏​បាន​បង្ហាញ​ពីជា​គំរូ​​ដល់​កូន​ៗ​ផង​ដែរ។ លោក​អ្នក​មិន​ចាំ​បាច់​ប្រើពាក្យ «​យល់​ព្រម​» ជាមួយ​កុមារ​តូច​ៗ​នោះទេ ដោយ​ប្រើ​ពាក្យ​ពេចន៍​សាមញ្ញៗ ដូចជា គម្លាត រាងកាយ ការ​ប៉ះពាល់​ ដែល​ងាយ​ស្រួល​យល់​ជាង​សម្រាប់​កុមារ​តូច​ៗ​»៕