ភ្នំពេញៈ ស្រីស្រស់ លីវ ជីលី ដែលជាកញ្ញាឯករងទី ២ (2nd Runner-up) នៃកញ្ញាឯកដ៏អស្ចារ្យ Miss Grand Cambodia 2020 ត្រូវបានក្រុមផ្ទេរតំណែងឱ្យបានក្លាយជាកញ្ញាឯកតំណាងឱ្យកម្ពុជា ដើម្បីចូលរួមក្នុងការប្រកួតអន្តរជាតិ Miss Grand International 2020 ដែលរៀបចំទីក្រុងបាងកក ប្រទេសថៃ នៅខែមីនា ឆ្នាំ ២០២១ ខាងមុខ។
ការផ្ទេរតំណែងនេះដោយសារអតីតកញ្ញាឯកដ៏អស្ចារ្យ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា មានរឿងចម្រូងចម្រាសនឹងក្រុមហ៊ុនរៀបចំការប្រកួតកាលពីខែមុនរហូតបានជួបដោះស្រាយបញ្ចប់បញ្ហាតាមរយៈក្រុមមេធាវីនៃភាគីទាំងសងខាង។
បើតាមគេហទំព័រផ្លូវការ Miss Grand Cambodia បានឱ្យដឹងថា កម្មវិធីផ្ទេរតំណែង និងគ្រងមកុដសាជាថ្មី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ នារសៀលថ្ងៃចន្ទ ទី ១ ខែកុម្ភៈឆ្នាំ ២០២១ ដែលបានរៀបចំធ្វើសន្និសីទសារព័ត៌មាននៅទីតាំងភោជនីយដ្ឋាន R&S Restaurant។
ថ្លែងចំពោះមុខមហាជន និងអ្នកសារព័ត៌មានក្នុងនាមជាកញ្ញាឯកដ៏អស្ចារ្យឆ្នាំ ២០២០ ដែលបានស្នងតំណែងពីម្ចាស់មកុដមុនគឺកញ្ញា សេង រដ្ឋា នោះកញ្ញា លីវ ជីលី បង្ហាញពីអារម្មណ៍ និងការតាំងចិត្តសម្រាប់ការប្រកួតអន្តរជាតិនៅសល់ពេលតែ ១ ខែ ទៀតនោះថា៖ «នាងរំភើបចិត្តខ្លាំង ដោយសារមិននឹកស្មានថា ខ្លួនអាចមានថ្ងៃនេះ។ ទោះបីជានៅសល់ពេលខ្លីតែ ១ ខែសម្រាប់តួនាទីជាតំណាងឱ្យប្រទេសកម្ពុជាដែលដើមឡើយមិនមែនជាមកុដរបស់ខ្ញុំនោះក្តីតែនាងខ្ញុំសន្យា និងតាំងចិត្តធ្វើកិច្ចការមួយនេះឱ្យបានល្អតាមសមត្ថភាពដែលខ្លួនមាន និងអាចធ្វើបានដើម្បីបង្ហាញលើឆាកអន្តរជាតិ។ ជាពិសេសខ្ញុំ នឹងខិតខំបង្ហាញពីអ្វីដែលជាវប្បធម៌ជាតិខ្មែរយើងទៅឱ្យភ្ញៀវអន្តរជាតិបានស្គាល់ពីខ្មែរ»។
គួរបញ្ជាក់ផងដែរថា តំណែងម្ចាស់មកុដនៃកញ្ញាឯកដ៏អស្ចារ្យឆ្នាំ ២០២០ នេះ នឹងត្រូវបានទៅលើកញ្ញា លឹម សុធាវី ដែលជាកញ្ញាឯករងទី ១ (1st Runner-up) នៃកញ្ញាឯកដ៏អស្ចារ្យ Miss Grand Cambodia 2020 នោះទេ តែដោយសារកញ្ញា សុធាវី បានបដិសេធចំពោះការផ្ទេរនេះ ក្រោយពីខាងក្រុមហ៊ុនរៀបចំការប្រកួតបានស្នើសុំនោះ ទើបឱកាសល្អបានលើកញ្ញា លីវ ជីលី ដែលជាស្រីស្រស់មកពីខេត្តបន្ទាយមានជ័យ៕