ភ្នំពេញ៖ កម្មវិធី​ «រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​នឹង​សាយ» ដែល​ផ្ដើម​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាត់​ខេត្ដ​-ក្រុង​ និង​រាជធានី ២១​ ​ជា​គំនិត​ផ្ដួច​​ផ្ដើម​​​សិល្បករ​ម្នាក់ ​គឺ​លោក​​ អួន​ បឋម ​​ស្គាល់​ថា​ សាយ បំណង​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប​ និង​ជួយ​សាលា​រៀន​ទន្សាយ​។

សាយ ត្រូវ​បាន​មើល​ឃើញ​ថា ជា​កូន​ខ្មែរ​ដំបូង​គេ​ដែល​​បង្កើត​កម្មវិធី​ដ៏​គួរ​ឱ្យ​មាន​មោទនភាព​នេះ​​​ ហើយ​វា​ក្លាយ​ជា​ចលនា​​មួយ​ដែល​​មាន​ការ​គាំទ្រ​ពី​បងប្អូន​​ខ្មែរ​ជា​ច្រើន​។

ការ​ចូលរួម​ផុសផុល​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​បរិច្ចាគ​ថវិកា​​ផ្ទាល់​ខ្លួន ដែល​សប្បុរសជន​ហៅ​ថា «​One Dollar Challenge»​ ក៏​ដូចជា​ការ​រត់​មនុស្សធម៌​​ជាមួយ សាយ បាន​ជំរុញ​ចិត្ដ​កុមារី​អាយុ ១៥ ​ឆ្នាំ និង​​មិត្ដភក្ដិ​ស្ម័គ្រ​ចិត្ដ​​មក​រត់​អម​ដំណើរ​ សាយ មុន​ពេល​លោក​​ដល់​ទី​បញ្ចប់​នៃ​​ចំណុច​ផ្ដើម​វិញ​។

កុមារី ជី និកូ បាន​ចូលរួម​រត់​ជាមួយ សាយ ពី​ខេត្ដ​ព្រៃវែង​មក​ដល់​ខេត្ដ​កណ្ដាល​ ​ចម្ងាយ​ផ្លូវ ១០០ ​គីឡូម៉ែត្រ​ រយៈ​ពេល ៤ ​ថ្ងៃ​ បំណង​ស្វែង​រក​មូលនិធិ​​ឱ្យ​សាលារៀន​ទន្សាយ​ ​(The Rabbit School) ​បង្រៀន​កុមារ​ពិការភាព​ខួរ​​ក្បាល ជាពិសេស​កុមារ​អូទីស្សឹម​។

ប្អូនស្រី​ ជី​ និកូ​ ​បច្ចុប្បន្ន​​​រៀន​នៅ​សាលាអន្តរជាតិ​ Northbridge បាន​ប្រាប់​​ ​ភ្នំពេញ ប៉ុស្តិ៍ ​ពី​បំណង​សម្រេចចិត្ត​មក​ចូលរួម​​រត់ ​និង​ធ្វើ​​​កម្មវិធី​សប្បុរសធម៌​ជួយ​​ដល់​អង្គការ​សាលារៀន​ទន្សាយ​ថា​៖ «ការ​បំផុស​គំនិត​​ឱ្យ​​សិស្ស​ធ្វើ​អ្វី​​មួយ​​ជួយ​ដល់​សហគមន៍ ​​អាច​ថា​ជា​កម្មវិធី​របស់​សាលា​ខ្ញុំ​ តែ​ការ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ក្នុង​ការ​រើស​យក​ការ​រត់​ជាមួយ​បង ​សាយ ​នេះ​ព្រោះ​ខ្ញុំ​ចង់​​​ឈ្នះ​ខ្លួន​ឯង​»។​

ទិដ្ឋភាព​កុមារ​ពិការភាព​ខួរ​ក្បាល​នៅ​សាលារៀន​ទន្សាយ​បាន​ធ្វើ​ឱ្យ​ដក់​ជាប់​ក្នុង​ដួង​ចិត្ដ​កុមារី​រូប​នេះ ដែល​នឹក​ភ្នក​ចង់​ស្វែងរក​ថវិកា​ដល់​ពួក​គេ​ថ្ងៃ​ណា​មួយ​ឱ្យ​ខាង​តែ​បាន​។

កុមារី​ដែល​មាន​អាយុ​តិច​ តែ​មហិច្ឆតា​ជួយ​សង្គម​ខ្ពស់​រូប​នេះ ​​បន្ដ​ថា​៖ «យក​ឈ្នះ​ខ្លួន​ឯង ​គឺ​ចង់​សំដៅ​ថា ​ធ្វើ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍ ​និង​អាច​ជា​គំរូ​ដល់​អ្នក​ដទៃ​។ ម្យ៉ាង​ទៀត​​វា​ជា​អ្វី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​តាំង​ពី​អាយុ ​៧​ ទៅ​ ៨ ​ឆ្នាំ ​ពេល​ឪពុក​ម្ដាយ​ខ្ញុំ​នាំ​ខ្ញុំ​ទៅ​លេង​នៅ​ទីនោះ​ ព្រោះ​វា​ជា​អង្គការ​ដែល​ជួយ​​កុមារ​ពិការ​បញ្ញា​។ ពេល​នោះ​​ហើយ​ ដែល​ខ្ញុំ​​ផ្ដើម​មាន​ចិត្ត​ចង់​ជួយ​ដល់​អ្នក​ដែល​មាន​ស្ថានភាព​លំបាក​​​»។​

មុន​ពេល​ចាប់​ផ្ដើម​រត់​របស់ ​សាយ​ ១ សប្ដាហ៍​ ប្អូនស្រី​ និកូ​ និង​​​ឪពុក បាន​ជួប ​សាយ​ ដោយ​ចៃដន្យ​នៅក្នុង​ហាង​លក់​ស្បែក​ជើង​កីឡា​មួយ​។ ឪពុក​​ប្អូន​ស្រី​ក៏​បាន​ណែនាំ​​ឱ្យ​ស្គាល់​ ​សាយ​ ​ហើយ​ក៏​បាន​ដឹង​អំពី​គម្រោង​​រត់​របស់​ សាយ​​។

និកូ ​​រំឭក​ថា​៖ «ពេល​នោះ​ ខ្ញុំ​គិត​ថា អំឡុង​រយៈពេល​ ៩៩ ​ថ្ងៃ​នេះ​ ថ្ងៃ​មួយ​ខ្ញុំ​នឹង​​​រត់​ជាមួយ​គាត់ ​តែ​មិន​ទាន់​គិត​​​​ប្រាកដប្រជា​​ទេ។​ ​​​ខ្ញុំ​តាម​ដាន​ការ​រត់​របស់​គាត់​ ខ្ញុំ​ពិត​ជា​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​មែនទែន​។ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទាក់ទង​ទៅ​គាត់ ​ដើម្បី​ធ្វើ​ការ​រត់​ជាមួយ​គ្នា​ ហើយ​ក៏​ជា​ឱកាស​ជួយ​​សាលា​រៀន​​ទន្សាយ​ដែល​កំពុង​តែ​ជួប​​​​វិបត្តិ​សេដ្ឋកិច្ច​ផង​ដែរ​។ បន្ទាប់​ពី​ខ្ញុំ​​​សំណេះសំណាល​ជាមួយ​​នឹង​លោក​ពូ​ ហ៊ុន​ ទូច​ ​​ជា​នាយក​អង្គការ​សាលារៀន​ទន្សាយ​»។​

លីម​ ដាឡែន ជា​មិត្ដភក្ដិ​ម្នាក់​ចំណោម ៦ ​នាក់ ដែល​មក​ពី​សាលា​ជាមួយ និកូ ក៏​បាន​ឯកភាព​រត់ ​ដើម្បី​មនុស្ស​ធម៌​នេះ។ កុមារី ដាឡែន ​​រៀបរាប់​ពី​បញ្ហា​ប្រឈម​​ថា ​ថ្វី​ដ្បិត​តែ​​ពួក​គេ​ចូលចិត្ត​រត់ ​និង​​ត្រៀម​ខ្លួន​​ហាត់​​មុន​នឹង​ដល់​ថ្ងៃ​រត់​ក៏​ដោយ​ ​ក៏​​វា​នៅ​តែ​មិនមែន​ជា​រឿង​ងាយ​ក្នុង​ការ​រត់​ពី ​២០ ​ទៅ ​៣០ ​​គីឡូម៉ែត្រ​ ​១ ថ្ងៃ​ឡើយ​​។

ក្រុម​អត្ដពលិក​ក្មេង​ខ្ចី​ទាំង​នេះ ​ជួប​ការ​លំបាក​ ទាំង​ការ​​​ឈឺ​ជើង​ ក​ជើង​ ជង្គង់​ ​​មេឃ​ក៏​ក្ដៅ​ ផ្លូវ​ក៏​ពិបាក​ សត្វ​ឆ្កែ​​ព្រុស​តាម​ផ្លូវ​ក៏​រំខាន​ពួក​គាត់​​។ ​

ប្អូនស្រី ​ដាឡែន ​​​ឱ្យ​ដឹង​ថា‌​៖ «ខ្ញុំ​បាន​រៀន​ពី​ភាព​តស៊ូ​ អត់ធ្មត់​ដើម្បី​ទៅ​ដល់​គោលដៅ​។ វា​ពិត​ជា​​បទពិសោធ​ដ៏​ល្អ​មួយ​ក្នុង​ជីវិត​ខ្ញុំ​ ដែល​ខ្ញុំ​នឹក​ស្មាន​មិន​​ដល់​ថា​អាច​សម្រេច​បាន​ចំពោះ​​កិច្ចការ​នេះ ​បើទោះ​ជា​វា​នឿយហត់​​​ក៏​ដោយ​»។​

ជី និកូ ​បន្ដ​​​ថា​៖ «មែន​ហើយ​ការ​រត់​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ​នេះ ​គឺ​វា​ខុសគ្នា​ពី​មេឃ​ពី​ដី​នូវ​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ។ ​តែ​ពេល​ដែល​​​សម្រេច​ការរត់​ពី ​១ ថ្ងៃ ​ទៅ ​​១ ថ្ងៃ ​វា​ប្រៀប​ដូចជា​ទទួល​បាន​កាដូ​ជា​ទី​ពេញ​ចិត្ត ​និង​ស្កប់​ចិត្ត​ណាស់​»។​

ប្អូន​ស្រី​ទាំង ២ និង​មិត្ដភក្ដិ​ចាប់​ផ្ដើម​ចេញ​ដំណើរ​​ជាមួយ ​សាយ មក​ពី​ខេត្ដ​ព្រៃវែង នៅ​ថ្ងៃទី ៣ ខែ​មករា ​និង​​បាន​បញ្ចប់​នៅ​​ក្នុង​ ខេត្ដ​កណ្ដាល​​ថ្ងៃ​ទី ៧ ខែ ​មករា ឆ្នាំ ​២០២១​។

កុមារី ជី និកូ (រូបពាក់អាវយឺតប្រផេះស្រាល) លោក សាយ និងកុមារី លីម ដាឡែន។ រូបថត សហ​ការី

ជាមួយ​​នឹង​ការ​បង្កើត​នូវ​គណនី​មូលនិធិ​ ABA: 009 992 021 (Chy Nikko And Sor Sothearom) និង​តាមរយៈ​​ការ​ឧបត្ថម្ភ​ដល់​អ្នក​រត់​តាម​គីឡូម៉ែត្រ​​ដែល​ពួក​គាត់​ចូលរួម​រត់ ក្រុម​កុមារ​វ័យ​ជំទង់​ទាំង​នេះ ទទួល​បាន​ថវិកា​ ១៣ ០០០ ​ដុល្លារ​។

និកូ ​ឱ្យ​ដឹង​ថា ថវិកា​ទាំង​នេះ​នឹង​បង្វិល​ទៅ​កាន់​អង្គការ​សាលារៀន​ទន្សាយ​សម្រាប់​ផ្គត់ផ្គង់​លើ​សម្ភារ​សិក្សា ដល់​គ្រូ​បង្រៀន ​និង​ដំណើរការ​ផ្សេងៗ​​​ទៀត​។

ប្អូនស្រី​បាន​និយាយ​ថា​៖ «គោលដៅ​រត់​នេះ ​​ក៏​ជា​ការ​លើក​កម្ពស់​​ចំណេះ​ដឹង​ឱ្យ​បងប្អូន​​កម្ពុជា​យល់​បន្ថែម​​​លើ​កុមារ​ពិការ​បញ្ញា​ ឬ​កុមារ​​អូទីស្សឹម​។ ​អ្នក​ខ្លះ​បែរ​ជា​យល់​ថា​ វា​ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន ហើយ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ធ្វើ​បាប ​និង​មើល​ងាយ​​ពួក​គាត់»​។

និកូ​ បញ្ជាក់​​ថា​៖ «មិន​ថា​ អ្នក​មាន​វ័យ​ណា​ទេ​ ឬ​ក៏​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​ គ្រប់គ្នា​អាច​ប្រើ​សមត្ថភាព​​​ធ្វើ​អ្វី​ដែល​អាច​ជះ​ឥទ្ធិពល​ល្អ​ និង​មាន​ន័យ​សម្រាប់​អ្នក​ដទៃ​ ដូច​បង សាយ​ មាន​ឥទ្ធិពល​មក​លើ​ពួក​ខ្ញុំ​ដូច​គ្នា​»។

សាយ ​បញ្ចប់​ការ​រត់​ចម្ងាយ​ផ្លូវ​​សរុប ២ ៤០៨ ​គីឡូម៉ែត្រ រយៈពេល ៩៧ ​ថ្ងៃ​​៕