ភ្នំពេញ៖ តារាចម្រៀងទម្រង់មុខបែបឃ្យូតអ្នកនាង ពេជ្រ សូលីកា ថ្មីៗនេះបានបង្ហោះរូបឧបករណ៍តេស្តមានគភ៌អមជាមួយរូបសញ្ញាលើកដៃសំពះ សញ្ញាពេញចិត្ត និងរូបក្មេងស្រី ដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រនាងសង្ស័យ ថា តារាស្រីរូបនេះ កំពុងតែពពោះកូនទី២។
ការបង្ហោះរូបភាពរបស់តារាចម្រៀងកូន ១ អ្នកនាង ពេជ្រ សូលីកា បានទាក់ទាញចម្ងល់ជាច្រើន ដោយក្នុងនោះសូម្បីតែមិត្តរួមអាជីពសិល្បៈ អ្នកនាង ម៉ាក់ សែនសូនីតា ហៅ តូតា ក៏បានឈ្លេចសួរថា «មែនអី?»។
[img[
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ក៏បានបញ្ចេញមតិថា៖ «នេះហើយលទ្ធផលកូវីដនៅតែផ្ទះ ចេញពីបន្ទប់ញ៉ាំបាយ ញ៉ាំបាយចូលបន្ទប់ឥឡូវ ២ កាំ»។
ទោះជាមានអ្នកគាំទ្រជាច្រើនសាទរនឹងដំណឹងពីតម្រុយពពោះ ក៏មានមតិដទៃទៀតសង្ស័យថា ការបង្ហោះរូបឧបករណ៍តេស្តមានគភ៌កូនស្រីរបស់អ្នកនាង ពេជ្រ សូលីកា នោះត្រឹមតែជាការលេងសើចប៉ុណ្ណោះ ស្របពេលដែលថ្ងៃទី ១ ខែមេសា ជាថ្ងៃ April Fools'' Day ជាទិវាលេងសើច និយាយកុហកបែបសប្បាយៗតាមប្រពៃណីបស្ចិមប្រទេស។
ទិវាលេងសើចនេះ ត្រូវបានគេជឿថា កកើតតាំងពីឆ្នាំ ១៥៨២ ដោយអនុញ្ញាតឱ្យមានការលេងសើច ឬនិយាយកុហក ដើម្បីពញ្ញាក់អារម្មណ៍ និងបង្កភាពសប្បាយរីករាយដល់មិត្តភក្ដិបងប្អូន តែយ៉ាងណាពុំមានបង្កផលប៉ះពាល់ ឬគ្រោះថ្នាក់ដល់នរណាឡើយ។
ដោយការបង្ហោះតម្រុយពពោះកូនទី២ នេះត្រូវបានធ្វើឡើងចំទិវា April Fools'' Day អ្នកបញ្ចេញមតិជាច្រើនបានលើកឡើងថា អ្នកនាង ពេជ្រ សូលីកា គ្រាន់តែលេងសើចប៉ុណ្ណោះ។
គួររំឭកផងដែរថា អ្នកនាង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោក គឹម ហាន កាលពីខែតុលា ឆ្នាំ ២០១៩ ហើយអ្នកទាំង ២ បានស្វាគមន៍តំណក់ឈាមដំបូង ជាកូនប្រុសក្នុងខែឧសភា ឆ្នាំ ២០២០។
ជុំវិញដំណឹងនៃការពពោះកូនទី២ តារាស្រីដែលតែងតែបង្ហាញភាពផ្អែមល្ហែមនឹងគូស្នេហ៍ និងមមាញឹកនឹងជំនួញលក់ទឹកក្រូច និងផលិតផលថែសម្ផស្សរូបនេះ ពុំបានធ្វើការបកស្រាយទេកាលពីចុងសប្ដាហ៍កន្លងទៅនេះ៕