ក្រចេះ៖ ចាប់ផ្ដើមពីការបង្កើតជាជាលិកាទៅការបណ្ដុះនៅក្នុងកែវ រហូតទៅដល់ការដាំលើដី បច្ចេកវិទ្យាមួយថ្មីនៅក្នុងការដាំដើមឈើត្រូវបានធ្វើឡើងជំនួសឱ្យការដាំដុះបែបប្រពៃណីដោយគ្រាប់ត្រូវតែជាចំណុចកណ្ដាល។ កាន់តែពិសេសនោះ គឺការដាំដុះរុក្ខជាតិបែបថ្មីនេះប្រើរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះក្នុងការប្រមូលផលដើមឈើ។
បច្ចេកវិទ្យាដាំដុះថ្មីកំពុងលូតលាស់ និងដំណើរការនៅខេត្តក្រចេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុន Think Biotic។
ផ្ទៃដីទំហំដ៏ធំល្វឹងល្វើយគ្របដណ្ដប់ដោយតំបន់បែងចែកដំណាក់កាលនីមួយៗនៃការធ្វើចម្ការព្រៃដាំ។ ទិដ្ឋភាពពីលើអាកាសរំលេចនូវរោងចម្ការឈើដាំដែលខុសប្លែកគ្នាពីមួយដំណាក់កាលទៅមួយដំណាក់កាលជាប់នឹងទន្លេមេគង្គដែលអំណោយផលដល់ការស្រោចស្រពចម្ការព្រៃដាំ។
ថង់ប្លាស្ទិកខ្មៅគ្របដណ្ដប់ផ្ទៃដីមួយផ្នែកធំ គឺជាអ្វីដែលគេនឹងមើលឃើញពីក្រៅ ឬពីលើទីខ្ពស់។ នេះជាបច្ចេកទេសថែរក្សាកូនឈើតូចៗ ដែលត្រូវបានយកមកដាក់ដាំក្នុងកូនថង់ប្លាស្ទិក រួមទាំងរោងដើមឈើ ដែលលូតលាស់នៅលើដី។
នៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ ដើមអាកាស្យាជាច្រើនដើមលូតលាស់ជាជួរ ជាលទ្ធផលចេញពីជំហានដាំដុះប្រើបច្ចេកទេសថ្មីមួយនេះ។
លោក លូ ជូចាំង (Lu Chu Chang) ប្រធានក្រុមហ៊ុន Think Biotic បានរៀបរាប់ពីការវិវឌ្ឍនៃចម្ការព្រៃដាំរបស់លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងបានសាកល្បងនៅខេត្តផ្សេងជាច្រើនដងមុននឹងយើងសម្រេចចិត្តមកធ្វើនៅខេត្តក្រចេះ»។
លោកបន្តថា៖ «ហើយហេតុផលដែលយើងជ្រើសរើសយកខេត្តនេះធ្វើអាជីវកម្មរបស់យើង ព្រោះវាមានផ្ទៃដីធំទូលាយ អាកាសធាតុក៏សមស្របជាមួយនឹងការដាំដុះរបស់យើង ដូចជា ដើមម៉ៃសាក់ ដើមអាកាស្យា។ ដីសម្បទានមានស្រាប់ ដែលអាចឱ្យយើងដាំដុះបានភ្លាមៗ និងជាទីតាំងដែលអំណោយផលពីទន្លេមេគង្គ»។
ការធ្វើចម្ការព្រៃដាំនេះមានច្រើនដំណាក់កាល និងទាមទារការមើលថែដោយយកចិត្តទុកដាក់ ដោយលោក ជូចាំង បានប្រាប់ត្រួសៗពីវិធីសាស្ត្រនៅក្នុងការដាំដុះនេះផ្ដើមចេញពីជំហានដំបូង គឺការដាំក្នុងកែវ។
ដំបូងគេត្រូវធ្វើជាលិកាឱ្យទៅជាពន្លកដោយប្រើរយៈពេលយូរអាចពី ៣ ទៅ ៦ ខែតាមប្រភេទនៃកូនឈើ។ បន្ទាប់មកយកពន្លកទៅដាក់នៅក្នុងកែវពី ១៤ ទៅ ២៥ ថ្ងៃ ឱ្យវាចាក់ឫសបន្ថែមក្នុងរយៈពេល ២៥ ថ្ងៃទៀត។
ចំណុចបន្ទាប់ គឺយើងយកកូនឈើនោះទៅដាក់ក្នុងការមើលថែទាំឱ្យបានត្រឹមត្រូវ ដែលវាអាចប្រើពេលពី ៣ ទៅ ៨ ខែ ដើម្បីឱ្យវាលូតទៅជារុក្ខជាតិកម្ពស់ប្រមាណពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ។ ចុងក្រោយគេអាចយកវាមកដាំនៅលើដី ដោយភាគច្រើនក្រុមហ៊ុនធ្វើការដាំនៅពាក់កណ្ដាលខែឧសភា ជារដូវវស្សានៅកម្ពុជា។
ចម្ការឈើដាំនេះមានការទទួលស្គាល់ និងការគាំទ្រពីរដ្ឋាភិបាល ជាពិសេសខាងក្រសួងបរិស្ថាន ដោយកាលពីខែកុម្ភៈ លោក នេត្រ ភក្ត្រា ជារដ្ឋលេខាធិការ និងអ្នកនាំពាក្យរបស់ក្រសួងបរិស្ថានបានដឹកនាំមនុស្សប្រមាណជាង ៣០០ នាក់ ទៅទស្សនកិច្ចក្រុមហ៊ុន Think Biotic និងសិក្សាស្វែងយល់ពីអ្នកជំនាញរបស់ក្រុមហ៊ុន។
លោក ជូចាំង បានលើកឡើងទៀតថា៖ «សម្រាប់ជំនួបជាមួយលោក ភក្ត្រា ខ្ញុំយល់ថា មានប្រយោជន៍ណាស់ព្រោះចម្ការព្រៃដាំមិនមែនតែសម្រាប់ម្ចាស់អាជីវកម្មទេ តែសម្រាប់អ្នកដាក់ទុនទាំងអស់ ហើយការជួបជុំនេះបានធ្វើឱ្យអ្នកផ្សេងបានដឹងពីអ្វីដែលយើងធ្វើ និងលទ្ធផលយើងទទួលបាន។ ដូចគ្នានេះដែរយើងក៏អាចទទួលដឹងពីអ្វីដែលអ្នកក្រៅគាត់មានចម្ងល់ ឬចង់ដឹងបន្ថែមពីវិធីដាំដុះរបស់យើង»។
លោកក៏បានបន្តប្រាប់ពីគោលដៅរបស់ចម្ការព្រៃដាំថា ប្រហែលជា ៤ ទៅ ៥ ឆ្នាំទៀតក្រុមហ៊ុននឹងអាចប្រមូលផលបានម្ដងបន្ទាប់ពីចាប់ផ្ដើមដាំកាលពីចុងឆ្នាំ ២០១៩ ហើយនឹងបន្តជាការធ្វើវិលជុំម្ដងហើយម្ដងទៀតរួមទាំងមានគម្រោងនឹងដាំដល់ទៅ ១២០ ០០០ ហិកតា ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។
អត្ថប្រយោជន៍របស់ចម្ការព្រៃដាំមានដូចជាជួយកាត់បន្ថយកម្ដៅផែនដី ដោយការលូតលាស់លឿននៃព្រៃឈើផ្ដល់ការងារដល់ប្រជាជនជាបន្តបន្ទាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ជួយទប់ទល់នឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងជាអាជីវកម្មមួយដែលមានដំណើរយូរអង្វែង និងមានស្ថិរភាពសម្រាប់កម្ពុជា ទាំងនៅអាស៊ី និងពិភពលោក។
យ៉ាងណាមិញលោក ជូចាំង បានឱ្យដឹងថា ក្រុមហ៊ុនក៏ប្រឈមមុខនឹងបញ្ហាជាច្រើនដែរដូចជាខ្វះធនធានមានសមត្ថភាព ការចំណាយដើមទុនច្រើននៅជំហានដំបូងៗនៃការដាំដុះ គ្រោះរាំងស្ងួតធម្មជាតិអូសបន្លាយយូរ និងនៅមានបញ្ហាជាច្រើនទៀត។
លោក ជូចាំង មិនដឹងអ្វីដែលលោកធ្វើនឹងគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍការដាំដុះទាំងមូល តែល្បះមួយដែលលោកជឿជាក់នោះគឺ៖ «ការអនុវត្ដចំណេះដឹង និងជំនាញក្នុងការអភិវឌ្ឍ និងការគ្រប់គ្រង ការអប់រំ បច្ចេកវិទ្យា និងជំនួញពាណិជ្ជកម្មព្រៃឈើប្រាកដជាបោះជំហានទៅមុខមិនថា តិច ឬក៏ច្រើននោះទេ»។
លោកបានថ្លែងពីជំនឿចិត្តថា៖ «ការដាំដើមឈើ និងឧស្សាហកម្មនេះអាចក្លាយជាសសរស្ដម្ភមួយនៅកម្ពុជា។ លើសពីនេះចម្ការឈើជាមូលដ្ឋានការពារព្រៃឈើធម្មជាតិ និងបរិស្ថាននៅកម្ពុជា»៕
វីដេអូ៖