ភ្នំពេញ៖ បណ្តុំ​ស្នាដៃ​សិល្បៈ​បែប​សហសម័យ​របស់​និស្សិត​ចំនួន ៨ រូប និង​អង្គ ដែល​ជា​ការ​បញ្ចប់​ថ្នាក់​សិក្សា​របស់​និស្សិត​ផ្នែក​សិល្បៈ​សហសម័យ​ជំនាន់​ទី៣ ក្រោម​ប្រធានបទ «បំណះ» នឹង​បើក​ពិព័រណ៍​នៅ​គម្រោង​វិចិត្រសាល ស-ស នៅ​ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ ខាង​មុខ​នេះ។

អ្នកស្រី គួន ឌីណា ជា​អ្នក​សម្របសម្រួល​គម្រោង​កម្មវិធី​នៃ​វិចិត្រសាល​ស-ស បាន​ឱ្យ​ដឹង​ពី​ការ​តាំង​ពិព័រណ៍​បញ្ចប់​ស្នាដៃ​សិល្បៈ​សហ​សម័យ​នេះ​ថា៖ «ពិព័រណ៍​ក្រោម​ប្រធានបទ «បំណះ» គឺ​ជា​ពិព័រណ៍​បង្ហាញ​ពី​ស្នាដៃ​ថ្មីៗ​របស់​សិល្បករ​ចំនួន ៨ រូប(ស្រី ២ ប្រុស ៥ រូប និង​ព្រះសង្ឃ ១ អង្គ) ដែល​ទើប​បាន​បញ្ចប់​ការ​សិក្សា ថ្នាក់​សិល្បៈ សហសម័យ​នៅ​គម្រោង​សិល្បៈ​ស-ស នៅ​ដំណាច់​នៃ​ឆ្នាំ ២០២០។

ពិព័រណ៍​នេះ គឺ​ជា​លទ្ធផល​ពី​កម្មវិធី​សិក្សា​រយៈពេល ៦ ខែ ដែល​សិស្ស​ទាំង​អស់​បាន​សិក្សា និង​ពិភាក្សា​នៅ​ក្នុង​ថ្នាក់​ធ្វើ​ទស្សនកិច្ច និង​ជួប​សិល្បករ​នៅ​ស្ទូឌីយោ​មួយ​ចំនួន និង​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មី។ សិស្ស​ទាំង ៨ រូប នៃ​ថ្នាក់​នេះ សុទ្ធសឹង​មាន​ប្រវត្តិ​សិក្សា និង​វិជ្ជាជីវៈ ចម្រុះ ហើយ​ពួក​គេ​បាន​បង្កើត​ស្នាដៃ​សិល្បៈថ្មីៗ ដែល​មាន​ទម្រង់ ផ្សេងៗ​ពី​គ្នា មាន​តាំង​ពី​គំនូរ ចម្លាក់ បច្ចេកទេស​ចម្រុះ ជា​ស្នាដៃ​ដំឡើង សម្តែង និង​វីដេអូ​ជាដើម។ ពួក​គេ​ពិនិត្យ និង​សួរ​សំណួរ​លើ​ប្រធានបទ​ជាច្រើន​ដូចជា ការ​អប់រំ បរិស្ថាន (ការ​ប្រែប្រួល​អាកាសធាតុ) សាសនា ការ​ចងចាំ សិទ្ធិ​មនុស្ស ស្ថានភាព​កូវីដ បច្ចេកវិទ្យា និង​សេដ្ឋកិច្ច»។

លោក លាង ស៊ីកន សិល្បករសហសម័យជើងចាស់​ និងជាគ្រូ​ផ្នែកស​ិល្បៈសហសម័យ​។ រូបថត ហ្វេសប៊ុក​

អ្នក​សម្របសម្រួល​គម្រោង​កម្មវិធី​នៃ​វិចិត្រសាល ស-ស រូប​នេះ​បាន​បន្ត​ថា៖ «ពិព័រណ៍​នេះ នឹង​បើក​សម្ពោធ នៅ​ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ ដែល​ត្រូវ​ដាក់​តាំង​រយៈពេល ៣ សប្តាហ៍ គឺ​បន្ត​ដល់​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១។ ចំពោះ​អំពី​សិល្បករ​ទាំង ៨ រូប នោះ​រួម​មាន កញ្ញា កែវ ស្រីភ័ក្ត្រ លោក គួច គិម​ជួ លោក ជា ច័ន្ទសុកសម្បតិ្ត លោក ផែ ភារម្យ លោក ភី ផន កញ្ញា សួ អ៊ីលីហ្សា លោក សួង ភភ្តី លោក អ៊ឹង ប៉លីន ខណៈ​គ្រូ​បង្រៀន និង​វាគ្មិន​កិត្តិយស​រួម​មាន លោក ពេជ្រ សុភាព លោក លាង ស៊ីកន លោក សួង សុខរ៉ លោក សាន ផល្លា លោក វុធ លីណូ និង រ៉ជឺ នែលសិន។

គួរ​បញ្ជាក់​ថា ថ្នាក់​សិល្បៈ​សហសម័យ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​របស់​គម្រោង​សិល្បៈ​ស-ស ក្នុង​គោល​បំណង​គាំទ្រ​ដល់​សិល្បករ​វ័យ​ក្មេង​ដើម្បី​អភិវឌ្ឍ​ការងារ​សិល្បៈ​ដែល​កំពុង​តែ​ចាប់​ផ្តើម និង​កសាង​ចំណេះ​ដឹង​សំខាន់។ ថ្នាក់​នេះ រួមមាន​ជំនួប​ពិភាក្សា​ប្រចាំ​សប្តាហ៍​រយៈពេល ៣ ខែ បន្ទាប់​មក​អ្នក​ចូលរួម​ទាំង​អស់​ត្រូវ​ចំណាយ​ពេល ៣ ខែ​ទៀត​សម្រាប់​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មី។ នៅ​ក្នុង​ថ្នាក់​មួយ​នេះ សិស្ស​និស្សិត​បាន​ពិភាក្សា​ទៅ​លើ​ប្រធាន​បទផ្សេងៗ​ជា​ច្រើន​ដូចជា ប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ វប្ប-ធម៌ នយោបាយ ទស្សនវិជ្ជា និង​ភូមិសាស្ត្រ​ជាដើម ដែល​មាន​ការ​សម្របសម្រួល​ដោយ​សហស្ថាបនិក​គម្រោង​សិល្បៈ ស-ស គឺ​សិល្បករ ខ្វៃ សំណាង ព្រម​ទាំង​គ្រូបង្រៀន និង​វាគ្មិន​កិត្តិយស​ជាច្រើន៕