ភ្នំពេញ៖ មិន​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា ទាំង​នៅ​ផ្ទះ កន្លែង​ការងារ សាល​កម្មវិធី​នានា សូម្បី​តែ​ពិធី​អាពាហ៍ពិពាហ៍ វិចិត្រករ​ស្រី​គំនូរ​សហសម័យ​មក​ពី​ទឹកដី​បាត់ដំបង អ្នកស្រី ខ្ចៅ ទូច នៅ​តែ​គ្រង​សម្លៀកបំពាក់​ខៀវ​មួយ​ឈុត​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ម្ចាស់​ពាន​រង្វាន់​ប្រាក់​ពី​កម្មវិធី​ប្រកួត​ស្នាដៃ​គំនូរ White Canvas Cambodia 2020 ចំណង​ជើង​ថា «Family Flower» អ្នកស្រី ខ្ចៅ ទូច មិនមែន​ជា​តួអង្គ​ក្នុង​ភាពយន្ដ​ហូលីវូដ «អវតារ» ឡើយ ខណៈ​អ្នកស្រី​គ្រង​តែ​ឈុត​ពណ៌​ខៀវ ជា​អាវយឺត ខោ​ថ្នេរ ៥ និង​កន្សែង​រុំ​ប្លែក​ខុស​ពី​គេ។

ធ្លាប់ជា​នារី​ដេញ​ម៉ូដ​ខោអាវ​ថ្មីៗ​តាម​សម័យកាល អ្នកស្រី ខ្ចៅ ទូច ស្រាប់​តែ​យល់​ថា ការ​លេង​ម៉ូដ​សម្លៀកបំពាក់​ញឹកញាប់ ​គឺ​ជា​រឿង​គួរ​ឱ្យ​នឿយហត់ ក៏​ដូច​ជា​ខ្ជះខ្ជាយ​ទាំង​ពេលវេលា និង​លុយ​កាក់។

វិចិត្រករ​ស្រី​អាយុ ៣៨ ឆ្នាំ រូប​នេះ​បាន​ឱ្យ​ដឹង​ថា៖ «រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​ស្លៀក​តែ ១ ពណ៌​នោះ​ទេ គឺ​ពណ៌​ខៀវ។ វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល ហើយ​ខ្ញុំ​យល់​ថា កន្លង​មក​ខ្ញុំ​មាន​ភាព​ខ្ជះខ្ជាយ​ច្រើន។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​កាត់​បន្ថយ និង​សម្រេច​ចិត្ដ​ប្រើ​សម្លៀក​បំពាក់​តែ ១ ពណ៌​ប៉ុណ្ណោះ»។

ពី​កុមារភាព ម្ដាយ​របស់​អ្នកស្រី ខ្ចៅ ទូច ចូល​ចិត្ដ​ពណ៌​ខៀវ និង​បាន​ប្រាប់​កូន​ថា ពណ៌​ខៀវ​ស័ក្ដិសម​នឹង​ស្បែក​កូន។

សម្ដី​នេះ​ដិតដាម​អារម្មណ៍ រហូត​ដល់​ពេល​អ្នកស្រី​ចូលរៀន​ខាង​គំនូរ​នៅ​អង្គការ​ហ្វារ ទឹក​ថ្នាំ​ភាគ​ច្រើន អ្នកស្រី​ចូលចិត្ដ​ពណ៌​ខៀវ។ អ្នកស្រី ខ្ចៅ ទូច អះអាងថា វា​ធ្វើ​ឱ្យ​អ្នកស្រី​សប្បាយ​ចិត្ដ និង​ពេញ​ចិត្ដ​ចំពោះ​ស្នាដៃ​របស់​ខ្លួន​ឯង។

ដើមហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ស្លៀកពាក់​នេះ​ចាប់​ផ្ដើម​នៅ​ពេល​អ្នកស្រី​ស្វែងរក​ការ​អប់រំ​ផ្លូវចិត្ត និង​អារម្មណ៍​នៅ​មជ្ឈមណ្ឌល​វិបស្សនា​កម្មដ្ឋាន ធម្មលដ្ឋិកា ឯ​ខេត្ដ​បាត់ដំបង។

រាល់សកម្មភាព​ប្រចាំ​ថ្ងៃ មិនថា​កាលៈទេសៈណា អ្នកស្រី ខ្ចៅ ទូច​ ​តែង​តែ​គ្រង​សម្លៀក​បំពាក់​ពណ៌​ខៀវ​ជានិច្ច​។ រូបថត សហ​ការី

អ្នកស្រី​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំ​បាន​ទៅ​កន្លែង​វិបស្សនា​នៅ​ភ្នំ​ទ្រុងមាន់​ក្នុង​ខេត្ដ​បាត់ដំបង រយៈពេល ១០ ថ្ងៃ ខ្ញុំ​បាន​ស្ដាប់​ព្រះសង្ឃ​ឆ្លើយ​នឹង​សំណួរ​ថា តើ​ស្បង់​ចីវរ​នេះ​ពេល​ប្រើ​រួច​ត្រូវ​យក​ទៅ​ធ្វើ​អី? ព្រះសង្ឃ​មាន​សង្ឃដីកា​ថា ពេល​ចាស់​ទៅ​គេ​យក​ស្បង់​ទៅ​កាត់​ទ្រាប់​ពូក​អង្គុយ ឬ​ដេរ​ជា​សម្ភារ​ផ្សេងៗ​ទាល់​តែ​អស់»។

ខ្ចៅ ទូច បាន​បន្ដ​ថា៖ «ពេល​ខ្ញុំ​ស្ដាប់​ទៅ វា​ពិត​ជា​អស្ចារ្យ​ណាស់ ដោយ​គ្រាន់តែ​ស្បង់ ១ អាច​ប្រើ​បាន​ជា​ប្រយោជន៍​ច្រើន​យ៉ាង​បែប​នេះ។ មើល​មក​ខ្លួន​ឯង​វិញ ខ្ញុំ​យល់​ថា ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ពិត​ជា​ខ្ជះខ្ជាយ​ណាស់។ ខ្ញុំ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​សម្ភារ​ច្រើន​យ៉ាង»។

មុន​ពេល​ចាប់​ផ្ដើម​មាន​ការ​កែប្រែ​ខ្លួន​ឯង​អ្នកស្រី​យល់​ឃើញ​ថា ទោះបី​ជា​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ថ្មី​ញឹកញយ​ប៉ុនណា តែ​ចិត្ដ​មនុស្ស​មិន​ប្រែប្រួល​ថ្មី​ទៅ​តាម​ឡើយ។ ទោះ​ខិតខំ​ផាត់​ម្សៅ​យ៉ាង​ណា ក៏​នៅ​តែ​កើត​ទុក្ខ ហើយ​បេះដូង​ក៏​មិន​បាន​ធូរស្រាល​ឡើយ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «មិនមែន​មាន​ន័យថា ការ​ស្លៀកពាក់​ខោអាវ​តែ​មួយ​ធ្វើ​ឱ្យ​ធូរស្រាល​ចិត្ដ​នោះ​ទេ។ តែ​វា​បាន​កាត់​បន្ថយ​ខ្លះ​នូវ​ភាព​ស្មុគស្មាញ​ខាង​ក្រៅ»។

វិចិត្រករ​គំនូរ​សហសម័យ​រូប​នេះ​សម្រេច​ចិត្ដ​ជម្រុះ​សម្លៀកបំពាក់​របស់​ខ្លួន​ទាំង​អស់ និង​ផ្ដើម​វេច​ខ្ចប់​ទុក​ដាក់​យ៉ាង​ស្អាត និង​ធ្វើ​ការ​បរិច្ចាគ។

អ្នកស្រី​បន្ថែម​ថា៖ «សល់​ខោអាវ​ខ្លះ ខ្ញុំ​កាត់​ច្នៃ​ជា​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត ដូចជា​រូប​ចម្លាក់​ជាដើម។ ខ្ញុំ​ពិត​ជា​ឆ្ងល់​ខ្លួន​ឯង ហេតុអ្វី​ក៏​មាន​សម្ភារ​អី​ច្រើន​ម្ល៉េះ ហើយ​ហេតុអ្វី​ពេល​ទិញ​អត់​បាន​គិត​សោះ​អ៊ីចឹង»។

វិចិត្រករ​ស្រី​ ខ្ចៅ ទូច និង​ស្វាមី ដែល​មិនទោមនស្ស​នឹង​ជម្រើស​ស្លៀក​ពាក់​រ​បស់​អ្នកស្រី​​។ រូបថត សហ​ការី

ជាមួយ​ជម្រើស​ខោអាវ​ពណ៌​ខៀវ​តែ ៣ ឈុត សម្រាប់​ផ្លាស់ប្ដូរ​ប្រចាំថ្ងៃ ខ្ចៅ ទូច អះអាងថា ទាំង​ស្វាមី និង​កូន គោរព​តាម​ការ​សម្រេច​ចិត្ដ​របស់​អ្នកស្រី។

យ៉ាងណា​មិញ អ្នកស្រី ខ្ចៅ ទូច ក៏​គិត​ដល់​ការ​ស្លៀកពាក់​ពេល​ចូលរួម​កម្មវិធី​មួយ​ចំនួន ដូចជា​មង្គលការ​ជាដើម ដោយ​បារម្ភ​ថា មិន​គាប់​ភ្នែក ឬ​ត្រូវ​ម្ចាស់​ដើម​ការ​ប្រកែប្រកាន់។

អ្នកស្រី​លើក​ឡើង​ថា៖ «ប៉ុន្ដែ​ជាទូទៅ​មិត្ដភក្ដិ​ខ្ញុំ ពួក​គាត់​មិន​ប្រកែប្រកាន់​អី​ដែរ។ ចំពោះ​កម្មវិធី​ធំ​ដុំ​អី ខ្ញុំ​ប្រហែល​ជា​មិន​ហ៊ាន​ចូលចិត្ដ​ទេ ហើយ​ក៏​មិន​ចង់​ផ្លាស់ប្ដូរ​ការ​ស្លៀកពាក់​របស់​ខ្លួន​ឯង​ដែរ»។

កត្ដា​នេះ បាន​ជំរុញ​ឱ្យ​វិចិត្រករ​គំនូរ​សហសម័យ​បង្កើត​ស្នាដៃ​របស់​ខ្លួន​ក្រោម​ចំណងជើង​ថា «What do I need to be me?» និង​បាន​ចូលរួម​ក្នុង​ការ​តាំង​បង្ហាញ​នូវ​ពិព័រណ៍ «ស្រី ២០២១»។

វិចិត្រករ​ស្រី​សហសម័យ ខ្ចៅ ទូច បាន​ចង់​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​លើ​របៀប​នៃ​ការ​ស្លៀកពាក់​ឱ្យ​សមស្រប​ទៅតាម​ចំណូល​ចិត្ដ បេះដូង និង​មាន​អត្ថប្រយោជន៍​ចំពោះ​ខ្លួន​ឯង៕