ភ្នំពេញ៖ ថ្លែង​ដោយ​សេចក្តី​រីករាយ និង​រំភើប​ចិត្ត សម្រាប់​កម្រង​ស្នាដៃ​គំនូរ​ផ្តោត​សំខាន់​ទៅ​លើ​ខ្លឹមសារ​​​ស្តីពី​សត្វ​ស្លាប​ដ៏​កម្រ​នៅ​ប្រទេស​កម្ពុជា ដោយ​បង្កើត​ឡើង​នៅ​ក្នុង​គោល​​បំណង​​​បណ្តុះ​គំនិត​កូន​ខ្មែរ ឱ្យ​មាន​ការ​ស្វែង​យល់​អំពី​សត្វ​ស្លាប​របស់​ប្រទេស​ខ្លួន ដែល​កំពុង​តែរង​ភាព​ជិត​ផុត​ពូជ និង​ចង់​ណែនាំ​ដល់​វិចិត្រករ​ខ្មែរ​ជំនាន់​ក្រោយៗ​ឱ្យ​ចេះ​ប្រើស្នា​ដៃ​សិល្បៈ​​គំនូរ​ខ្លួន​​​បង្កប់​ន័យ​អប់រំ​ផ្នែក​​វប្បធម៌​ក្នុង​សា្នដៃ​គំនូរ។

នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​បើក​ទំព័រ​សករាជ​ថ្មី​នៅ​ដើម​ឆ្នាំ ២០២១ ក្នុង​ការ​តាំង​ពិព័រណ៍​សា្នដៃ​គំនូរ​របស់​វិចិត្រការិនី ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ Young​ Artist Award នៅ​ប្រទេស​ថៃ នៅ​ឆ្នាំ ២០១៦ អ្នកនាង ឆន ឌីណា ដែល​បាន​បើក​សម្ពោធ​ពិព័រណ៍​ស្នាដៃ​គំនូរ​ទោល​​មាន​ចំណង​ជើង​ថា «ទេសន្តរប្រវេសន៍ ឬ Migration» នៅ​វិចិត្រសាល​ចាវ៉ា​កាហ្វេ សាខា​ទួល​គោក។ បណ្តុំ​ស្នាដៃ​ចម្រុះ​ស្តីពី​ធម្មជាតិ ឬ​ជីវិត​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា ដែល​មាន​ចំនួន​ប្រមាណ​ជិត ២០ ផ្ទាំង បាន​យក​ទៅ​ដាក់​តាំង​នៅ​ឯវិចិត្រសាល​ខាង​លើ​នេះ រយៈពេល ៣ ខែ ​គឺ​ចាប់​ផ្តើម​ពី​ថ្ងៃទី ១៤ ខែ​មករា ដល់​​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១។

វិចិត្រករស្រី​ដែល​មាន​បទពិសោធ​ផ្នែក​គំនូរ​អរូបី​ច្នៃ​ប្រឌិត​បែប​ខ្មែរ​ជាង ១០ ឆ្នាំ​រូប​នេះ បាន​ប្រាប់​ពី​ការ​តាំង​ពិព័រណ៍​ពី​ជិវិត​សត្វ​ស្លាប​ដ៏​កម្រ មាន​​ប្រធាន​​បទ​រួម​ថា «ទេសន្តរប្រវេសន៍ ឬ Migration» នោះ​ថា៖ «រឿង​ចម្បង​សម្រាប់​ការ​បង្កើត​ស្នាដៃ​នានា គឺ​តាមរយៈ​ចំណុច​ពិសេស​ផ្ទាល់​ខ្លួន​ដែល​​ស្តី​អំពី​បញ្ហា​បរិស្ថាន និង​តែង​រំលេច​ជា​​រូប​សត្វ​នានា​នោះ គឺ​ចង់​បង្ហាញ​ពី​ក្តី​រំភើប​ចិត្ត​សម្រាប់​ក្រុម​វិចិត្រករ​ខ្មែរ នាពេល​បាន​ឃើញ​ស្នាដៃ​គំនូរ​ខ្លួន​ត្រូវ​បាន​ប្រជាជន​ខ្មែរ​មាន​ការ​និយម​គាំទ្រ និង​លើក​ស្ទួយ​ស្នាដៃ​វិចិត្រករ​ខ្មែរ​ខ្លាំង​ជាង​មុន ជាពិសេស​មាន​បងប្អូន​ខ្មែរ​​យើង​ចាប់​ផ្តើម​មើល​ឃើញ និង​យល់​ពី​តម្លៃ​នៃ​ស្នាដៃ​គំនូរ​របស់​វិចិត្រករ​ខ្មែរ​បណ្តើរៗ​ហើយ ដោយ​ជាវ​ទុក​លម្អ ឬ​ដាក់​តាំង​តាម​គេហដ្ឋាន»។

ឆន ឌីណា វិចិត្រការិនី​ឆ្នើម ធ្លាប់ឈ្នះពាន​រង្វាន់ ​Young Artist-​Award ឆ្នាំ​ ២០១៦​ នៅប្រទេសថៃ។ហុង មិនា

អ្នកនាង ឆន ឌីណា ក៏​បាន​បន្ត​ថា៖ «​ដោយ​​​​ឡែក​ការ​ដាក់​តាំង​នៅ​ឯ​​ចាវ៉ា​កាហ្វេ​នេះ ខ្ញុំ​គិត​ថា ជា​លើក​ដំបូង​ ទោះបី​ជា​មិន​សូវ​មាន​ការ​កត់​សម្គាល់​ពី​អត្ថន័យ​ពី​រឿង​សត្វ​​ស្លាប​នៅ​កម្ពុជា យ៉ាង​ណា​ក្តី​ក៏​ខ្ញុំ​នៅ​តែ​គិត កាល​ណា​មនុស្ស​គ្រប់​វ័យ ឬ​ស្រទាប់ ដែល​​ឧស្សាហ៍​ចេញ​ចូល​នៅ​ហាង​​កាហ្វេ​នេះ នឹង​ងាក​មក​ចាប់​អារម្មណ៍​ពី​វា​នៅ​ថ្ងៃ​​ណា​មួយ​មិន​ខាន។ ជា​ពិសេស​ការ​យល់​ដំណឹង​ពី​សត្វ​ស្លាប​ដ៏​កម្រ​របស់​ដូន​​​តាខ្មែរ​យើង ដែល​មាន​តាំង​ពី​បុរាណ​កាល​មក​នោះ ហើយ​ចូលរួម​ជួយ​ថែរក្សា ឬ​អភិរក្ស ដោយ​បោះបង់​ចោល​នូវ​ទង្វើ​នានា ដែល​ប៉ះពាល់​ពី​ជីវិត​សត្វ​ស្លាប​ទាំង​នោះ​វិញ»។

ការ​តាំង​ពិព័រណ៍​ស្នាដៃ​គំនូរ​នេះ ក៏​ជា​​ឱកាស​​ដ៏​ល្អ​មួយ​សម្រាប់​បងប្អូន ​និង​សិស្ស និសិ្សត ដែល​មាន​បំណង​ចូល​​ទស្សនា​​ការ​តាំង​បង្ហាញ​សិល្បៈ​គំនូរ និង​ចង់​សិក្សា​ស្វែងយល់​អំពី​សិល្បៈ​​​បែប​​សហសម័យ និង​អាច​​ចូល​ទៅ​​ទស្សនា​​បាន​ដោយ​សេរី និង​ឥត​គិត​ថ្លៃ ដោយ​​មាន​រយៈពេល​យូរ​ ៣ ខែ។

ស្នាដៃ​គំនូរ​របស់​វិចិត្រការិនី អ្នកនាង ឆន ឌីណា ប្រើបច្ចេកទេសទឹកខ្មៅចិន​សម្រាប់​គូរ​។ ហុង មិនា

វិចិត្រករ​ស្រី​ឆ្នើម ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជា Young Artist​Award នៅ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ ២០១៦ អ្នកនាង ឆន ឌីណា ក៏​បង្ហើប​ឱ្យ​​​ដឹង​ពី​មូលហេតុ​​រៀប​ចំ​ការ​តាំង​ពិព័រណ៍ និង​ចំណុច​ពិសេស ដែល​ខ្លួន​បាន​ជ្រើសរើស​យក​ស្នាដៃ​គំនូរ​ប្រភេទ​អរូបី​ស្តី​អំពី​ជីវិត​សត្វ ដោយ​ប្រើ​បច្ចេកទេស​គូរ​ទឹក​ថ្នាំ​ខ្មៅ​របស់​ចិន​នោះ​ថា៖ «គោល​បំណង​ចង់​ឱ្យ​ក្រុម​សិល្បករ​ជំនាន់​ក្រោយ​ទទួល​បាន​នូវ​ចំណេះដឹង​មួយ​ផ្នែក ខាង​សិល្បៈ​គំនូរ​បែប​​អរូបី ដែល​ផ្តោត​ទៅ​លើ​ការ​បង្កើត​ស្នាដៃ​​ពួក​គេ​ទៅ​ថ្ងៃ​ក្រោយ​។ ប្រការ​សំខាន់​នោះ ក្នុង​នាម​ជា​​សិល្បករ​ផ្នែក​គំនូរ ត្រូវ​ចេះ​ទាញ​យក​ចំណុច​ពិសេស​​ណា​មួយ​អំពី​ធម្មជាតិ ឬ​​បរិស្ថាន ដែល​ខ្លួន​យើង​បាន​ជួប​ប្រទះ​នៅ​​​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ តាមរយៈ​សិល្បៈ​គំនូរ​នេះ ​គឺ​យើង​ពិត​ជា​អាច​​បង្កើត​នូវ​ស្នាដៃ​​ណា​មួយ ដែល​រូប​ខ្លួន​យើង​ចង់​ឆ្លុះ​បញ្ចាំង ឬ​ផ្តល់​ជា​សារ​អប់រំ​​ទៅ​ដល់​អ្នក​ទស្សនា​បាន។ ម្យ៉ាង​វិញ​ទៀត កាល​ណា​យើង​ទាំង​អស់​គ្នា សហការ​រួម​គ្នា​ផ្តោត​សំខាន់​លើ​បញ្ហា​សង្គម​ណា​មួយ​​ឱ្យ​បាន​ស្រុះ​ស្រួល​គ្នា ឬ​រួប​រួម​គ្នា​នោះ ខ្ញុំ​គិត​ថា វា​អាច​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​ផ្សព្វផ្សាយ​ផ្តល់​ព័ត៌មាន​អប់រំ ឬ​ជា​សារ​អប់រំ​មួយ​ផង​ដែរ សម្រាប់​បងប្អូន​ខ្មែរ​យើង តាមរយៈ​​សិល្បៈ​វិចិត្រកម្ម​មួយ​នេះ។ តួយ៉ាង​​នោះ ​ដូច​ជា​បញ្ហា​បរិស្ថាន អ៊ីចឹង​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​មនុស្ស និង​សត្វ​នានា នៅ​ក្នុង​ប្រទេស​យើង​ក៏​ដូច​ជា​​នៅ​ក្នុង​ពិភព​ផែន​ដី​របស់​យើង»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្នាដៃ​គំនូរ​ពី​សត្វ​​ស្លាប​ដ៏​កម្រ​ ដែល​បាន​​នូវ​បច្ចេកទេស​​ទឹក​ខ្មៅ​ចិន​សម្រាប់​​គូរ​មាន​​ចំណង​​ជើង​ «​Flying Across» ​​ធ្លាប់​ដាក់​តាំង​នៅ​​​​វិចិត្រសាល The Kbach Gallery កាល​ពី​ពេល​កន្លង​មក​នោះ​ ត្រូវ​​បាន​​ស្ថាន​ទូត​ប្រទេស​អាល្លឺម៉ង់​ ប្រចាំ​​ប្រទេស​កម្ពុជា បាន​ជាវ​គំនូរ​ ​១ ផ្ទាំង​នោះ ​ក្នុង​តម្លៃ​ជិត ២ ០០០ ដុល្លារ៕​