ភ្នំពេញ៖ នៅ​មិន​យូរ​នោះ​ទេ​ យុវជន​ សេង ស៊ុយហាក់ ដែល​ជា​​កុលបុត្រ​ខ្មែរ ​​​​ត្រៀម​បញ្ចប់​​ជំនាញ​​បើក​យន្តហោះ​​​​ពី​សហរដ្ឋ​អាមេរិក​ នឹង​មក​បម្រើ​ការងារ​ជា​អ្នក​បញ្ជា​បក្សី​ស្លាប​ដែក​ ក្នុង​​​ប្រទេស​កំណើត​​​ នៅ​​​វ័យ​ត្រឹម​​ ២០ ឆ្នាំ ជា​មិន​ខាន​។

នេះ​បើ​តាម​ការ​​អះអាង​របស់​​ សេង ស៊ុយហាក់ ខណៈ​​​​ទើប​បាន​វិល​ត្រឡប់​មក​ប្រទេស​​កម្ពុជា កាល​ពី​​ចុង​ឆ្នាំ ​២០២០ កន្លង​មក​​ថា​៖​ «​ពេលវេលា​​​​ខ្ញុំ​រៀន​​​​នៅ​សហរដ្ឋ​អាមេរិក ​នៅ​​​​សល់​តែ ១ ខែ​ទៀត ខ្ញុំ​នឹង​​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​​បម្រើ​ការងារ​ជា​អ្នក​បើក​​​​យន្តហោះ​ឱ្យ​ក្រុមហ៊ុន​​ណា​​មួយ​​​មាន​​មូលដ្ឋាន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​។ ដោយសារ​តែ​ខ្ញុំ​​មាន​​បំណង​​​​បន្ត​រៀន​បើក​យន្តហោះ​​មួយ​​​ប្រភេទ​ទៀត​គឺ​ Airbus 320 Type Rating ដែល​​​ត្រូវ​រៀន​​​​ប្រើ​ពេល ២ ខែ​​បន្ត​​​​​​ ដើម្បី​ពង្រឹង​​​សមត្ថភាព​របស់​ខ្ញុំ​​ ដែល​អាច​ដឹក​អ្នក​ដំណើរ​​​បាន​ចន្លោះ​ពី ១០០-១៥០ នាក់»។

យុវជន សេង ស៊ុយហាក់ និងលោក​ ខាន់ វណ្ណា អគ្គនាយក​បច្ចេកទេស​នៃ​​រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល ពេលធ្វើទស្សនកិច្ច។ រូប សហ​ការី

បើ​តាម​ស្តាប់​​យុវជន​ សេង​ ស៊ុយ​ហាក់ រៀបរាប់​នោះ​គឺ​មាន​កត្តា​​ជំរុញ​ជា​​​ច្រើន ក្រៅ​ពី​ចំណូល​​ចិត្ត​មាន​តាំង​​ពី​ក្មេង​​ថា ​ចង់​ក្លាយ​ជា​អ្នក​បើក​យន្តហោះ​​នោះ ដោយ​មាន​ឪពុក​ម្ដាយ ​និង​មិត្តភក្តិ។ សេង ស៊ុយហាក់ យុវជន​ខ្មែរ​វ័យ​ ២០ ឆ្នាំ ដែល​​​មាន​​​​ស្រុក​កំណើត​នៅ​ទីក្រុង​​ភ្នំពេញ​ ប្រាប់​ពី​មូលហេតុ​ ដែល​ខ្លួន​​​សម្រេច​ចិត្ត​រៀន​បើកបរ​​យន្តហោះ​នេះ​ ​គឺ​ដោយសារ​​ចិត្ត​​​ស្រឡាញ់​ពី​ក្មេង និង​ដោយ​​​មើល​ឃើញ​​ថា ​នៅ​ប្រទេស​ខ្មែរ​យើង​ មិន​ទាន់​សូវ​​មាន​​​ជំនាញ​​បើក​​យន្តហោះ​​​ច្រើន​​នៅ​​​​ឡើយ​ថា​៖ «ពួក​គាត់ ​ [ប៉ាម៉ាក់] យល់ព្រម​​​ឱ្យ​ទៅរៀន​ជំនាញ​​​​បើកបរ​យន្តហោះ​នេះ​ ក៏​​​​ព្រោះ​ពួក​គាត់​យល់​​ឃើញ​ថា ការងារ​មួយ​នេះ ខ្ញុំ​​​ពិត​ជា​ស្រឡាញ់ ​ហើយ​​មាន​​ដុង​ផ្នែក​ជំនាញ​​​នេះ​ស្រាប់។​ ក្រោយ​មក ពួក​​គាត់​បាន​​ស៊ើបសួរ​​​លម្អិត​​អំពី​​មុខ​​​ជំនាញ​​សិក្សា ​និង​ការងារ​​អាជីព​មួយ​នេះ​​​ថា​ ល្អ ​និង​មាន​ប្រយោជន៍​នៅ​​​ថ្ងៃ​​ខាង​មុខ​ ទោះបី​ជា​​ទីផ្សារ​ការងារ​​ផ្នែក​បើកបរ​យន្តហោះ​​នៅ​កម្ពុជា​មិន​ទាន់​​សូវ​មាន​ច្រើន​ក៏​ដោយ ហើយ​ក៏​​មិន​​ទាន់​​​​មាន​សាលា​​បង្ហាត់​បង្រៀន​​ក្តី​។ ​តែ​យ៉ាង​ណា​ក៏​ត្រូវ​ខំ​អត់​ធន់​​ ដើម្បី​ឱ្យ​កូន​បាន​រៀន​សូត្រ​ជំនាញ​​​​ដែល​​ស្រឡាញ់ ហើយ​​​​ជា​ការងារ​​​ ​ដែល​គេ​ខ្វះ​​ខាត​នៅ​ក្នុង​ប្រទេស ដើម្បី​បណ្ដុះ​កូន​ប្រុស​​ឱ្យ​​ក្លាយ​ខ្លួន ជា​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​​​​ជាតិ​ នៅ​​ថ្ងៃ​​អនា​គត»។

យុវជន​​ខ្មែរ​ សេង ស៊ុយហាក់ បាន​​​ទៅ​សិក្សា​ជំនាញ​បើកបរ​យន្តហោះ​នៅ​សហរដ្ឋ​អាមេរិក​ចាប់​ពី​ថ្ងៃទី ១០ ខែ ​តុលា ឆ្នាំ ​២០១៩ រហូត​ដល់​ថ្ងៃទី ២៥ ខែ​​កញ្ញា ឆ្នាំ ​២០២០ ហើយ​​ក៏​បាន​ត្រឡប់​មក​​កម្ពុជា​ កាល​ពី​ថ្ងៃទី ​១០ ខែ ​តុលា ឆ្នាំ ​២០២០ កន្លង​មក​​​នេះ​។ សេង ស៊ុយហាក់ ​​បាន​​សិក្សា​ជំនាញ​បើក​យន្តហោះ​នៅ​សាលា​​ឈ្មោះ​​ថា US Aviation ​Academy ​(USAA )​ នៅ​ទីក្រុង​ដេនថុន ​(Denton) ​ រដ្ឋ​តិចសាស​-​(Texas​) ​សហរដ្ឋ​អាមេរិក​ ដែល​​មាន​​​គ្រូ​ជនជាតិ​អាមេរិក​ ឥណ្ឌា និង​​សិង្ហបុរី​ ខណៈ​​មិត្ត​រួម​ថ្នាក់​វិញ ក៏​មាន​ចម្រុះ​​ជាតិ​សាសន៍​ផង​ដែរ​ មក​ពី​ប្រទេស​​ផ្សេងៗ​​គ្នា ហើយ​ភាគ​ច្រើន​ជនជាតិ​ចិន និង​អាមេរិក។

យុវជន សេង ស៊ុយហាក់ នាពេលហ្វឹកហាត់​​បញ្ជាយន្តហោះនៅ​លើ​អាកាស។ រូបថត សហ​ការី

បើ​តាម​ការ​បញ្ជាក់​ពី​យុវជន​​ខ្មែរ​​​រូប​នេះ មុខវិជ្ជា​បើក​​យន្តហោះ​នេះ ប្រើ​រយៈពេល ១២ ខែ នឹង​ទទួល​បាន​ License ​ចំនួន​​​៣។ ​ទី១ ​ជា​ Private License ​គឺ​ជា​​​​អាជ្ញាប័ណ្ឌ​ដំបូង​ដែល​​អនុញ្ញាត​​ឱ្យ​បើក​យន្តហោះ​ទៅ​ណា​តែ​ម្នាក់​ឯង​បាន ហើយ​​តម្រូវ​ឱ្យ​រៀន​ចំណេះ​ដឹង ​ទ្រឹស្ដី និង​បច្ចេកទេស​​ ប្រមាណ ៣​-៤ ខែ ​រួច​ទទួល​បាន​អាជ្ញាប័ណ្ណ។ អាជ្ញា​ប័ណ្ណទី២ គឺ​ជា​ ​Instrument rating​ ​​ សិស្ស​​អាច​​មាន​​សិទ្ធិ​ហោះ​ចូល​ពពក​បាន​ជា​ធម្មតា​គេ​តម្រូវ​ឱ្យ​រៀន ២ ខែ ​ក៏​ប៉ុន្តែ​ ស៊ុយហាក់ ​អាច​រៀន​​ត្រឹម ១ ខែ​ប៉ុណ្ណោះ​។​ ​អាជ្ញាប័ណ្ណ​ទី៣ គឺ​ជា​ប្រភេទ​​ Commercial License ​អ្នក​បើក​យន្តហោះ​ អាច​ដឹក​អ្នក​​ដំណើរ​​​ប្រើប្រាស់​ម៉ាស៊ីន ២ បាន​ប្រើ​ពេល​សិក្សា​ ២ ខែ។​

អាជីព​ជា​អ្នក​បើក​យន្តហោះ​នឹង​​ត្រូវ​ធ្វើ​តេស្ត​ជា​រៀងរាល់ ៦ ខែ​ម្ដង ​រហូត​ចូល​និវត្តន៍ ដែល​នេះ​គឺ​ធ្វើ​ឱ្យ​ប្រាកដ​​ថា ការ​បើកបរ​​នៅ​តែ​អាច​ទ្រាំទ្រ ​និង​អភិវឌ្ឍ​សមត្ថភាព​​​កាន់​តែ​ប្រសើរ​ឡើង​ និង​អាច​បម្រើ​សេវាកម្ម​​ជូន​​អ្នក​​ដំណើរ​ប្រកប​ទៅ​ដោយ​សុខ​​សុវត្ថិភាព៕​