ភ្នំពេញ៖ អតីត​កញ្ញាឯក​ចក្កវាឡ​តំណាង​កម្ពុជា ​ដែល​ស្រូប​បាន​​​​ប្រជាប្រិយភាព​ខ្លាំង​ពី​​មហាជន​​ខ្មែរ​ ​កាល​ពី​​បំពេញ​​ភារកិច្ច​ជា​​បវរកញ្ញា​​ចក្កវាឡ​​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ចូលរួម​ប្រកួត​កញ្ញា​ចក្កវាឡ​ពិភព​លោក​​​​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត ហាក់​មាន​ភាព​​កាក់​កប​​​​ខ្លាំង​នឹង​ទីផ្សារ​ថត​កុន​ ខណៈ​ដើម​ឆ្នាំ​​ថ្មីៗ​នេះ​កញ្ញា​ក៏​លេច​មុខ​ក្នុង​កុន​ថ្មី​មួយ​ទៀត​ហើយ​នៅ​ផលិតកម្ម​សាស្រ្តាហ្វីម។

គួរ​ឱ្យ​កត់​សម្គាល់​អតីត​​​កញ្ញាឯក​ចក្កវាឡ​ឆ្នាំ ​២០១៨ កញ្ញា រឿន ណាត ហាក់​បាន​ក្លាយ​ទៅ​ជា​​​ម៉ូយ​តួសម្តែង​ប្រចាំ​នៅ​ផលិតកម្ម​សាស្រ្តា​ហ្វីម​ទៅ​ហើយ ដោយ​កញ្ញា​ទើប​​បង្ហាញ​មុខ​ក្នុង​កុន​​រឿង «​សង្សារ​​ចាស់​​» ​​ចុង​ឆ្នាំ ​២០២០ ហើយ​ដើម​ឆ្នាំ ​២០២១ ក៏​លេច​វត្តមាន​​​ក្នុង​កុន​ថ្មី​រឿង​ «ព្រះនាង​មុខ​​ធ្យូង»​។​

កញ្ញា រឿន ណាត ​បច្ចុប្បន្ម​មាន​​​​​វ័យ ២៤ ឆ្នាំ ​មាន​ស្រុក​​កំណើត​​នៅ​​ខេត្ត​កំពង់ចាម បាន​​បញ្ជាក់​​ពី​អារម្មណ៍​ខ្លួន​សម្រាប់​ថត​រឿង​​ថ្មី​នេះ​​​ថា៖ «​រឿង​​នេះ​​ខ្ញុំ​ស្រឡាញ់​​ខ្លាំង​បំផុត​ព្រោះ​ផ្ដល់​សារ​អប់រំ​ជា​​ច្រើន​ដល់​អ្នក​ទស្សនា​ដែរ ជា​ពិសេស​​​គឺ​ចង់​ឱ្យ​​​ស្ត្រី​​រឹងមាំ​នៅ​ក្នុង​​ជីវិត ​ទោះបី​ជា​​បាន​ជួប​នូវ​ស្ថានភាព​​​បែប​ណា​ក៏​​​ដោយ​​។ ខ្ញុំ​​សូម​អំពាវនាវ​ទៅ​ដល់​​ហ្វេនៗ​ទាំង​អស់​មេត្តា​កុំ​យល់​ច្រឡំ​ថា​ រឿង​នេះ​​​បាន​​បង្ហាញ​​ពី​ការ​រើសអើង​ពណ៌​សម្បុរ​ ក៏​ប៉ុន្ដែ​​សូម​រង់ចាំ​ទស្សនា​ជា​មុន​សិន ​ចាំ​ជួយ​ផ្ដល់​​មតិ​យោបល់​ព្រោះ​ថា ​​រឿង​នេះ​បាន​លើក​ទឹក​​​ចិត្ត​​ដល់​ស្ត្រី​​ខ្លាំង​​មែនទែន​ ខ្ញុំ​ផ្ទាល់​ក៏​ខ្ញុំ​ចង់​សម្ដែង​​ខ្លាំង​ក្នុង​រឿង​​នេះ ហើយ​បង្ហាញ​ឱ្យ​ហ្វេន​បាន​ទស្សនា និង​​​ថ្លឹង​ថ្លែង​​​ពិចារណា»។​​

កុន​​រឿង «ព្រះនាងមុខធ្យូង» មាន​ការ​​ចូលរួម​សម្ដែង​ពី​អតីត​កញ្ញាឯក​ចក្កវាឡ​​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បាន​​​ចាប់​ដៃ​គូ​ជា​ថ្មី​ជាមួយ​នឹង​តួ​ប្រុស​លោក ​ពឹង ពុទ្ធិស័ក បន្ទាប់​ពី​ថតកុន​រឿង​ ​«សង្សារ​ចាស់» ដែល​ហ្វេន​ទាំង​អស់​គ្នា​ទទូច​​​ចង់​​ឃើញ​អ្នក​​ទាំង ​២ សម្ដែង​​​ប៉ះ​គ្នា​ម្ដង​ទៀត​នោះ​ ខណៈ​ឥឡូវ​ពិត​ជា​ឃើញ​​ពួក​គេ​សម្តែង​មែនទែន នៅ​ផលិតកម្ម​សាស្រ្តាហ្វីម​។

ខណៈ​​ពេល​​​អ្នក​សិល្បៈ​ភាគ​ច្រើន​រអ៊ូ​ថា ​​ខ្សត់​ការងារ​សិល្បៈ​ ​ក្នុង​​ពេល​​មាន​​​វិបតិ្ត​ដោយសារ​​ជំងឺ​កូវីដ ១៩ នោះ ស្រាប់​តែ​ស្រី​ស្អាត​ញញឹម​ស្រស់​កញ្ញា រឿន ណាត បែរ​​​ជា​​​មមាញឹក​​នឹង​​ការ​សម្រុក​ថត​​កុន និង​ថត​សម្អាង​ការ​រក​ពេល​​​សម្រាក​សឹង​តែ​គ្មាន​​ទៅ​វិញ​។

កញ្ញា​​ រឿន ណាត ក៏​បាន​​​​បញ្ជាក់​​ប្រាប់​​ពី​ភាព​​មមាញឹក​​ខ្លាំង​​ ចំពេល​​​​អ្នក​សិល្បៈ​​ភាគ​​ច្រើន​​រអ៊ូ​​ថា៖ «​មាន​​គេ​​​សួរ​នាង​​ខ្ញុំ​ច្រើន​បញ្ហា​នេះ ដោយសារ​​គេ​ខ្សត់​ការងារ​​សិល្បៈ​ក្នុង​​​វិបត្តិ​​កូវីដ ១៩​ បែរ​​​ជា​​នាង​ខ្ញុំ ​រវល់​ខ្លាំង​​​​សឹង​​តែ​គ្មាន​​ពេល​សម្រាក​។ និយាយ​ឱ្យ​ត្រង់​​ទៅ​ ដោយសារ​​តែ​រវល់​​ការងារ​​ថត​ខ្លាំង​ ពេល​នេះ​​​ខ្ញុំ​បាន​​ចេញ​មក​​​ជួល​​​ផ្ទះ​​ក្រៅ​រស់នៅ​ផ្ទាល់​ខ្លួន​មួយ​រយៈ​សិន​ ដោយ​ខ្លាច​​ក្រែង​​មាន​បញ្ហា​​ឆ្លង​​​​មេរោគ​ដ៏​សាហាវ​​នេះ ទោះបី​ជា​នាង​ខ្ញុំ និង​ក្រុម​ការងារ​​​​​ ថត​​គឺ​​សុទ្ធ​​តែ​ប្រុង​ប្រយ័ត្ន​គ្រប់​​ពេល​វេលា​ក្តី»៕​