សៀមរាប៖ វា​មិន​ស្ថិត​ក្នុង​ទីឋាន​ស្ងាត់​ជ្រងំ ទើប​ត្រូវ​បាន​រក​ឃើញ​ជា​ថ្មី​ក្នុង​ទសវត្សរ៍​ឆ្នាំ ៨៤០ ដោយ​ជនជាតិ​បារាំង ហេនរី មូហត។

វា​មិនមែន​ជា​វិមាន​ដ៏​គួរ​ឱ្យ​ភ័យខ្លាច ពេល​កម្ពុជា​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​នា​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែល​មនុស្ស​រាប់​លាន​នាក់​ស្លាប់ និង​ជញ្ជាំង​ប្រាង្គប្រាសាទ​ដិតដាម​ដោយ​ស្នាម​ទម្លុះ​នៃ​គ្រាប់​កាំភ្លើង។

វា​ក៏​មិនមែន​ជា​ទីកន្លែង​ធ្លាប់​តែ​អ៊ូអរ​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​បរិវេណ​ប្រាសាទ​នីមួយៗ​ជន់​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភព​លោក។

អង្គរវត្ដ​ នាពេល​នេះ ក្លាយ​ជា​ទីឋាន​ស្ងប់ស្ងាត់​ជា​ថ្មី តែ​ពោរពេញ​ដោយ​សន្ដិភាព ដែល​មនុស្សម្នា​អាច​រីករាយ​ក្នុង​ការ​សម្រាក និង​ចាប់​យក​អារម្មណ៍​បែប​ធម្មជាតិ ហាក់បី​ដូចជា​បាន​វិល​ទៅ​កាន់​អាណាចក្រ​ដ៏​រុងរឿង។

សមាគម​សណ្ឋាគារ​កម្ពុជា (CHA) សាខា​ខេត្ដ​សៀមរាប បង្កើត​យុទ្ធនាការ «អង្គរ​មួយ ជីវិត​មួយ​ដង» ឬក៏ #AngkorLikeNeverBefore និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​នៅ​កម្ពុជា មក​កម្សាន្ដ​ក្នុង​ខេត្ដ​សៀមរាប។

លោក ដេវីដ ចាយ៉ាពីយ៉តធ៍ ប្រធាន (CHA) សាខា​ខេត្ដ​សៀមរាប បាន​ឱ្យ​ដឹង​ថា៖ «នេះ​ជា​យុទ្ធនាការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​បង្ហាញ​ពី​ឱកាស​ដំណើរ​កម្សាន្ដ​បែប​ធម្មជាតិ​អំឡុង​ពេល​ជួប​វិបត្ដិ​កូវីដ»។

នារីវ័យក្មេង​បង្ហាញខ្លួននៅ​បរិវេណ​ប្រាសាទ​ក្នុង​វីដេអូផ្សព្វផ្សាយ ៣០ វិនាទី។ រូបថត សហ​ការី

វីដេអូ​ឃ្លីប​រយៈពេល ៣០ វិនាទី បង្ហាញ​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន​នៅ​សៀមរាប ដោយ​ចាប់​ផ្ដើម​ពី​នារី​ម្នាក់​លម្ហែ​ក្នុង​បរិវេណ​ប្រាសាទ​យ៉ាង​ស្ងប់​សុខ បន្ដ​ទៅ​ទិដ្ឋភាព​លើ​ខ្នង​ភ្នំ​គូលែន របាំ​ប្រពៃណី ការ​សម្ដែង​សៀក ស្នាដៃ​សិប្បកម្ម ភូមិឋាន វាលស្រែ បឹង​ទន្លេសាប មុន​ពេល​បញ្ចប់​ត្រឹម​ស្នាម​ញញឹម​របស់​ពលរដ្ឋ​ខ្មែរ។

វីដេអូ​ត្រូវ​បាន​ផលិត​បំណង​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​អំពី​បទពិសោធ​ដ៏​វិសេស​ក្នុង​កាល​វេលា​ដែល​អង្គរវត្ដ​គ្មាន​ភាព​អ៊ូអរ។

លោក ដេវីដ ជា​អ្នក​គ្រប់គ្រង​សម្ព័ន្ធ​សណ្ឋាគារ​ភូមិ​អង្គរ និង​សហស្ថាបនិក Kulen Elephant Forest ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា៖ «សៀមរាប​សម្បូរ​សកម្ម​ភាព​កម្សាន្ដ​ជាច្រើន និង​តែងតែ​ទទួលភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន។ វា​ធ្វើឱ្យ​ពួក​គេ​ទទួល​បាន​ភាព​រីករាយ»។

លោក ដេវីដ ជា​កូនកាត់​ខ្មែរ-បារាំង ដែល​ក្រុម​គ្រួសារ​បាន​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​តាំង​ពី​ឆ្នាំ ១៩៩៣ ដែល​ជា​ផលិតករ​សណ្ឋាគារ​ដំបូង​បំផុត​មួយ​នៅ​សៀមរាប។

យុវជន ដែល​ក្លាយជា​ប្រធាន​សមាគម​សាខា​សៀមរាប ក្នុង​ឆ្នាំ ២០២០ នេះ បាន​ឱ្យ​ដឹង​ថា៖ «សៀមរាប និង​វិស័យ​ទេសចរណ៍​ក្លាយ​ជា​ជីវិត​របស់​យើង និង​ជា​អ្វីដែល​ខ្ញុំ​យក​ចិត្ដ​ទុក​ដាក់​បំផុត។ បច្ចុប្បន្ន​នេះ​ជា​ឱកាស​ដ៏​មាន​កំណត់​ក្នុង​ការ​រីករាយ​នូវ​សកម្មភាព​ដ៏​ស្ងប់​សុខ»។

កសិករ​នៅ​លើវាល​ស្រែ​ស្ថិត​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ ៣០ ​វិនាទី។ រូបថត សហការី

ហាសថេក (#) ជា​ផ្នែក​សំខាន់​មួយ​នៃ​បណ្ដាញ​សង្គម និង​អនុញ្ញាត​ឱ្យ​មនុស្ស​ជុំវិញ​ពិភព​លោក​មើល​ឃើញ និង​ទាក់ទង​គ្នា​តាមរយៈ​ប្រធាន​បទ​នានា។

លោក ដេវីដ ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ បាន​ពន្យល់​ប្រាប់​អំពី​ឥទ្ធិពល​នៃ​សញ្ញា​ហាសថេក #OpenInSiemReap ដែល​ជូន​ដំណឹង​ថា សៀមរាប​នៅតែ​បើក​ដំណើរការ​ជំនួញ​ក្រោយពី​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​យ៉ាងច្រើន។

លោក​និយាយ​ថា​ យុទ្ធនាការ «អង្គរ​មួយ ជីវិត​មួយ​ដង» ឬ #AngkorLikeNeverBefore បាន​ផ្ដល់​ឱកាស​ដ៏​វិសេស​សម្រាប់​ទេសចរ​ក្នុង​ស្រុក។

សហស្ថាបនិក​ជំរំ​ដំរី​អាយុ ២៤ ឆ្នាំ​រូប​នេះ បាន​និយាយ​ទៀត​ថា៖ «នេះ​ជា​ឱកាស​តែម្ដង​គត់​ក្នុង​មួយជីវិត​របស់​អ្នក ដែល​អាច​មក​ទស្សនា​ប្រាសាទ​ទាំង​អស់​ក្នុង​ភាព​ស្ងប់ស្ងាត់ បើ​គ្មាន​មនុស្ស​ទេ​នោះ ប្រាសាទ​នឹង​ទទួល​បាន​មន្ដអាគម​ម្យ៉ាង​ដែល​មិន​អាច​ពន្យល់​បាន»។

លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ថា៖ «កាល​កុមារភាព ការ​ទស្សនា​ប្រាង្គប្រាសាទ​អង្គរវត្ដ មាន​លក្ខណៈ​ខុស​ប្លែក​ពី​អំឡុង​ពេល​សម្បូរ​ភ្ញៀវ​មុន​វិបត្ដិ​កូវីដ។ ប្រាសាទ​មិន​សូវ​មាន​មនុស្ស​អ៊ូអរ ហើយ​អ្នក​អាច​ស្ដាប់ឮ​សំឡេង​ធម្មជាតិ»។

លោក​និយាយ​ថា ភ្ញៀវ​អាច​ទទួល​បាន​នូវ​បទពិសោធ​ស្រស់ស្រាយ​ពី​ធម្មជាតិ។ ដោយ​ធ្លាប់​តែ​មាន​វត្ដមាន​ភ្ញៀវ​ច្រើន​សន្ធឹក​ដែល​បាន​កែប្រែ​ទីឋាន​ធម្មជាតិ វា​ជា​ឱកាស​ដ៏​វិសេស​ដែល​ភ្ញៀវ​ទេសចរ​បាន​រីករាយ​ជាមួយ​នឹង​សម្រស់​ប្រាសាទ​បែប​ធម្មជាតិ​ពិតៗ​នាពេល​នេះ។

សមាគម​សណ្ឋាគារ​កម្ពុជា CHA បាន​បង្កើត​យុទ្ធនាការ​នេះ​ឡើង និង​បាន​សហការ​ជាមួយ​នឹង​សៀក​របស់​អង្គការ​ហ្វា និង​ក្រុមហ៊ុន Grasshopper Adventures ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​វីដេអូ​រយៈពេល ៣០ វិនាទី​នោះ​នៅ​ជុំវិញ​ពិភព​លោក។

​​ចម្លាក់សត្វ​នៅស្រះដំរី​​លើ​ខ្នង​ភ្នំគូលែន ​​គោល​ដៅ​ទេសចរណ៍សំខាន់​មួយ​។ ហុង មិនា

លោក ដេវីដ បាន​បន្ដ​ថា៖ «យើង​អាច​សង្ឃឹម​ថា គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ទាក់ទាញ​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​គោលដៅ​ទេសចរណ៍​លំដាប់​ពិភព​លោក​ក្នុង​សភាព​ស្ងប់ស្ងាត់។ ក្នុងនាម​ជា​អ្នក​ប្រកប​អាជីវកម្ម​សណ្ឋាគារ យើង​មិន​ខ្វះ​សកម្មភាព​កម្សាន្ដ និង​រង់ចាំ​ស្វាគមន៍​វត្ដ​មាន​ភ្ញៀវ​ជានិច្ច»។

ក្នុង​អំឡុង​ពេល​ពិភព​លោក​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ១៩ លោក ដេវីដ ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មក​បង្កើត​គម្រោង​ជំរំ​ដំរី ក្នុង​ឆ្នាំ ២០១៧ បាន​និយាយ​ថា ទេសចរណ៍​នៅ​សៀមរាប មិន​ខុស​អំពី​គោលដៅ​ទេសចរណ៍​លំដាប់​ពិភព​លោក​ដទៃ​ទៀត នឹង​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​ព្រមៗ​គ្នា។

លោក​និយាយ​ថា៖ «យើង​មិន​ដឹង​ពី​ពេលវេលា​ច្បាស់​ទេ តែ​យើង​អាច​សង្ឃឹម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ទូទាំង​ពិភព​លោក និង​ការ​គ្រប់គ្រង​ជំងឺឆ្លង​របស់​កម្ពុជា​បាន​យ៉ាង​ល្អ​នេះ នឹង​ជួយ​ឱ្យ​យើង​មើលឃើញ​នូវ​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ»។

សមាគម​សណ្ឋាគារ​កម្ពុជា បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ ដែល​មាន​តួនាទី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ព្រះរាជាណាចក្រ​កម្ពុជា​លំដាប់​ពិភព​លោក។

បច្ចុប្បន្ន​សមាគម​មាន​សមាជិក ១១៥ ដែល ៣៧ សមាជិក ​ស្ថិត​ក្នុង​ខេត្ដ​សៀមរាប៕ HR